ប្រធានធនាគារជាតិនៃកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា កម្ចីការប្រាក់ខ្ពស់ដែលធនាគារផ្តល់ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទំនងជាកត្តាដែលចូលរួមចំណែកក្នុងការធ្វើឲ្យប្រទេសកម្ពុជាមិនអាចឈានដល់គោលដៅនៃការនាំចេញអង្ករឲ្យបាន១លានតោននៅដំណាច់ឆ្នាំនេះ។
ថ្លែងអំឡុងពិធីជប់លៀងអាហារថ្ងៃត្រង់ស្តីអំពីការវិនិយោគនៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ការដែលម្ចាស់រោងម៉ាស៊ីុនកិនស្រូវគ្មានលទ្ធភាពក្នុងការទទួលបានមូលនិធីគឺជាកត្តាដែលធ្វើឲ្យពួកគេមិនអាចទិញដីស្រែដើម្បីបង្កបង្កើនផលស្រូវសម្រាប់ការនាំចេញ។
លោកស្រីបានមានប្រសាសន៍ថា “ម្ចាស់រោងម៉ាស៊ីុនកិនស្រូវជាច្រើនរបស់យើងប្រឈមនឹងករលំបាកក្នុងការទទួលបានកម្ចីពីធនាគារ ព្រោះធនាគារតម្រូវឲ្យពួកគេយកប្លង់ដីរបស់ខ្លួនមកដាក់នៅធនាគារ។ ប៉ុន្តែ ម្ចាស់រោងម៉ាស៊ីុនកិនស្រូវបានលើកឡើងថា ខ្លួនគ្មានប្លង់ដីនោះទេ ព្រោះខ្លួនក៏ជួលដីគេដែរ”។
លោកស្រី បានលើកឡើងបន្ថែមទៀតថា ស្របពេលដំណាលគ្នានេះ ធនាគារបានយកការប្រាក់ខ្ពស់ព្រោះខ្លួនគិតថា ការឲ្យប្រាក់ទៅម្ចាស់រោងម៉ាស៊ីុនកិនស្រូវខ្ចីគឺវាមានហានិភ័យខ្ពស់។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាដែលតំណាងសមាគមរោងម៉ាស៊ីុនកិនស្រូវ និងនាំចេញអង្ករ បានលើកឡើងថា ធនាគារបានយកការប្រាក់ចន្លោះពី១០ទៅ១២ភាគរយសម្រាប់កម្ចីលើសពី៥០.០០០ដុល្លារ ហើយយ៉ាងតិច៧ភាគរយសម្រាប់កម្ចីចំនួន១លានដុល្លារ ឬលើសពីនេះ។ សម្រាប់កម្ចីក្រោម៣០.០០០ដុល្លារ ស្ថាប័នមីក្រូហិរញ្ញវត្ថុជាធម្មតាយកការប្រាក់ចន្លោះពី២ទៅ២,៥ភាគរយ។
លោកបានមានប្រសាសន៍ថា “បញ្ហានៅត្រង់ថា ម្ចាស់រោងម៉ាស៊ីុនកិនស្រូវត្រូវការប្រាក់បង្វិលនៅពេលពួកគេត្រូវការទិញដីស្រែពីកសិករ ខណៈការសងប្រាក់ពីអ្នកនាំចេញជាធម្មតាមានការយឺតយ៉ាវ ហើយប្លង់ដីរោងម៉ាស៊ីុនកិនស្រូវរបស់ពួកគេត្រូវបានយកទៅដាក់នៅធនាគារពេលខ្ចីប្រាក់”។
លោកបានបន្ថែមថា ម្ចាស់រោងម៉ាស៊ីុនកិនស្រូវក៏ត្រូវការប្រាក់ដើម្បីទិញម៉ាស៊ីនកិនស្រូវ និងសាងសង់ឃ្លាំងផងដែរ។
លោក លន់ យ៉េង បានលើកឡើងទៀតថា ការនាំចេញអង្ករបានកើនឡើង៦៤ភាគរយនៅក្នុងរយៈពេលប្រាំខែដំបូងនៃខែនេះបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុនដែលមានចំនួនសរុប២៤៣.០២៥តោន។
លោកបានមានប្រសាសន៍ថា “ការនាំចេញអង្ករមានការកើនឡើងដូច្នេះ ដោយសារអង្ករត្រូវបាននាំចេញទៅប្រទេសចិនយ៉ាងច្រើន បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយឲ្យកម្ពុជាផ្គត់ផ្គង់អង្ករចំនួន១០០.០០០តោនទៅប្រទេសនេះ”៕ស៊ុយឈាង