នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា បុរសម្នាក់ដែលបានបាញ់សម្លាប់អ្នកជិតខាងរបស់ខ្លួននៅពិធីខួបកំណើតមួយកាលពីយប់ថ្ងៃសៅរ៍ក្នុងខេត្តកណ្ដាលនោះជាសមាជិកនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ដែលជននេះមានភារកិច្ចការពារមន្ត្រីជាន់ខ្ពស់ម្នាក់។
លោក ទឹម សារី អាយុ៣៥ឆ្នាំ បានរត់គេចខ្លួនចាប់តាំងពីថ្ងៃសៅរ៍មក នៅពេលជននេះបានប្រើកាំភ្លើងខ្លី CF-98 ផលិតនៅប្រទេសចិនបាញ់លោក ស្រី ចាន់វុទ្ធី អាយុ៤៣ឆ្នាំ ចំនួន១៤គ្រាប់បណ្ដាលឲ្យគាត់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោក ផាច ផល្លា អធិការរងនគរបាលស្រុកអង្គស្នួល កន្លែងដែលហេតុការណ៍បាញ់កើតឡើងបានមានប្រសាសន៍ថា នគរបាលដឹងថា លោក សារី ជាមន្ត្រីនគរបាលមួយរូបបម្រើការជាអង្គរក្ស ប៉ុន្តែលោកមិនបានកំណត់ថាតើបុរសរូបនេះធ្វើការពិតប្រាកដនៅកន្លែងណានោះទេរហូតដល់ថ្ងៃម្សិលមិញ។
លោក ផល្លា បានមានប្រសាសន៍ថា “យើងបានរកឃើញថា ជននេះធ្វើការនៅនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ”។
លោក ទូច ណារ៉ុថ ប្រធាននាយកដ្ឋានអង្គរក្សបានបញ្ជាក់ថា លោក សារី បានបម្រើការនៅទីនោះនៅក្នុងការិយាល័យអន្តរាគមន៍របស់នាយកដ្ឋាននេះ។
លោកបានបន្ថែមថា នាយកដ្ឋានរបស់លោកបានសហការជាមួយនគរបាលខេត្តកណ្ដាលដើម្បីស្វែងរកចាប់ខ្លួនលោក សារី។ ឧត្ដមសេនីយ៍ទោ ទូច ណារ៉ុថ បានមានប្រសាសន៍ថា “អ្នកដែលប្រព្រឹត្តកំហុស ត្រូវតែចាប់ខ្លួន”។
មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា លោក សារី គឺជាអង្គរក្សរបស់មន្ត្រីរដ្ឋាភិបាលមួយរូប ប៉ុន្តែលោកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមឡើយ។
លោកបានមានប្រសាសន៍ថា “ខ្មាន់កាំភ្លើងបម្រើការជាអង្គរក្សរបស់មន្ត្រីជាន់ខ្ពស់មួយរូប។ ជននេះមិនអាចគេចពីសំណាញ់នគរបាលបានឡើយ”
នគរបាលបាននិយាយកាលពីម្សិលមិញថា ពួកគេនៅតែមិនដឹងថាតើមូលហេតុអ្វីបានជាបណ្ដាលឲ្យមានហេតុការណ៍កាលពីយប់ថ្ងៃសៅរ៍ឡើយ ហើយមូលហេតុអ្វីបានជាលោក សារី បាញ់ជនរងគ្រោះច្រើនគ្រាប់បែបនេះ។
យោងតាមរបាយការណ៍នគរបាលដែលផ្ដល់ដោយនគរបាលខេត្តកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា លោក ស្រី ចាន់វុទ្ធី ត្រូវបានបាញ់សរុបចំនួន១៤គ្រាប់ គឺ៤គ្រាប់ត្រូវត្រង់ពោះ ពីរគ្រាប់ត្រូវចំចំហៀង ពីរគ្រាប់ត្រូវចំក្បាលជង្គង់ខាងឆ្វេង និងបីគ្រាប់ត្រូវត្រង់ទ្រូង ហើយបីគ្រាប់ទៀតត្រូវចំជង្គង់ខាងស្ដាំ។
លោក ផល្លា បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា នគរបាលសង្ស័យថា ជនទាំងពីរនេះមានការខ្វែងគំនិតគ្នាមុនពេលមានការបាញ់សម្លាប់នេះ៕ សារុន