ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញ នគរបាលក្រុងសៀមរាប បានសាកសួរស្ត្រីជាមន្ត្រីនគរបាលចរាចរម្នាក់ជុំវិញហេតុការណ៍កើតឡើងកាលពីថ្ងៃអង្គារ ដែលកូនប្រសារបស់ប្រធានពន្ធនាគារខេត្តសៀមរាបបានវាយគាត់ត្រូវដៃ ហើយបានគំរាមបើករថយន្តកិនស្រ្តីរូបនេះទៀត បន្ទាប់ពីនាងឃាត់បុរសរូបនេះឲ្យឈប់។
លោក វ៉ាន់ វីរៈ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តនេះបានលើកឡើងថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃអង្គារ នៅពេល ទូច មុំ អាយុ២៤ឆ្នាំ មន្ត្រីនគរបាលចរាចរក្រុងសៀមរាបព្យាយាមឃាត់លោក លឹម ស្នែគំនិត ឲ្យឈប់ពីបទបើកបរម៉ូតូហុងដាឌ្រីមស៊េរី២០១៥ដោយមិនពាក់មួកសុវត្ថិភាព។
លោក បានឲ្យដឹងបន្តថា លោក លឹម ស្នែគំនិត បានបើកម៉ូតូរបស់ខ្លួនជុំវិញរង្វង់មូលក្បែរផ្សារចាស់ដោយឌុបប្រពន្ធពីក្រោយនៅពេលនោះនគរបាលបានឃើញ ហើយបានព្យាយាមឃាត់គាត់ឲ្យឈប់។
លោកបានមានប្រសាសន៍ថា “គាត់បើកម៉ូតូជុំវិញរង្វង់មូល ហើយបន្ទាប់មកបានជិះសំដៅទៅផ្លូវដែលស្ត្រីជាមន្ត្រីនគរបាលចរាចរកំពុងធ្វើការ ហើយព្យាយាមជិះគេច”។
លោក វ៉ាន់ វីរៈ បានឲ្យដឹងទៀតថា បន្ទាប់មក ទូច មុំ បានទៅឈរពាំងពីមុខម៉ូតូដោយឃាត់ឲ្យលោក លឹម ស្នែគំនិត ឈប់ ហើយចុះពីលើម៉ូតូ។
លោកបានមានប្រសាសន៍ថា “ដំបូងគាត់វាយស្ត្រីរូបនេះ ហើយបន្ទាប់មកនាងបាន រត់សំដៅទៅម៉ូតូរបស់គាត់។ គាត់បានដេញតាម ហើយវាយនាងម្តងទៀត”។ ខណៈមន្ត្រីនគរបាលចរាចរម្នាក់ទៀតព្យាយាមមកជួយ ទូច មុំ លោក លឹម ស្នែគំនិត និងប្រពន្ធរបស់គាត់បានឡើងជិះរ៉ឺម៉ក ហើយគេចពីកន្លែងកើតហេតុ។ បន្ទាប់មកទៀតលោកលឹម ស្នែគំនិតបានជិះរថយន្តតូយ៉ូតាកាមរីត្រឡប់មកវិញតែម្នាក់ឯង ហើយបានគំរាមបើកកិន ទូច មុំ។ “គាត់បានមកម្តងទៀតហើយបានស្រែកដាក់ស្ត្រីរូបនេះតាមទ្វាររថយន្តថា ‘ ង៉ែងមកសំុទោសអញភ្លាម បើមិនអ៊ីចឹងទេអញនឹងបុកង៉ែងឲ្យនៅក្រោមឡានឥឡូវ’ បន្ទាប់មកស្ត្រីរូបនេះបានយកទូរស័ព្ទរបស់នាងចេញមកថតសកម្មភាពទាំងអស់នេះ ឃើញដូច្នោះគាត់ក៏បានបើករថយន្តយ៉ាងលឿនចេញទៅបាត់”។
ពេលទាក់ទងកាលពីម្សិលមិញ ទូច មុំ បានលើកឡើងថា លោក លឹម ស្នែគំនិត បានធ្វើឲ្យនាងរងរបួស បន្ទាប់ពីវាយនាងត្រូវចំដៃពីរដៃ។ ស្ត្រីរូបនេះបាននិយាយថា “ខ្ញុំគ្រាន់តែធ្វើតាមតួនាទីរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំដាក់ពាក្យប្តឹងគាត់ពីបទចោទចំនួនពីរ គឺប្រើអំពើហិង្សាដោយចេតនា និងគំរាមសម្លាប់”។
លោក សត ណាឌី ស្នងការនគរបាលខេត្តនេះបានមានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីរបស់លោកកំពុងសាកសួរ ទូច មុំ នៅឡើយ។ ” ពេលយើងបញ្ចប់ការសាកសួរ យើង នឹងកោះហៅគាត់”។
លោក ឆែម សាវុធ ប្រធានពន្ធនាគារខេត្ត នេះមិនអាចសុំការបំភ្លឺបានទេ៕ ស៊ុយឈាង