គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានឲ្យដឹងកាលពីម្សិលមិញថា ស្ទើរតែមិនមានការពិភាក្សាដេញដោលនៅរដ្ឋសភាក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ ថ្វីបើសមាជិកសភាបានអនុម័តច្បាប់បង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី និងច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសក៏ដោយ។
នៅក្នុងរបាយការណ៍ដែលធ្វើនៅការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ស្ថាប័នឃ្លាំមើលការបោះឆ្នោតនេះ បានវិភាគសុន្ទរកថាដែលបានលើកឡើងក្នុងការពិភាក្សាដេញដោលលើច្បាប់ចំនួនបី [ច្បាប់បង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប.) ច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងការអនុម័តការចាយវាយថវិកាឆ្នាំ២០១៣]ហើយបានរកឃើញថា រដ្ឋសភាភាគច្រើននៅស្ងាត់ស្ងៀម។
របាយការណ៍ដដែលនេះឲ្យដឹងថា ”តាមការសង្កេតមើលទូទៅ សមាជិកសភាភាគច្រើនមិនបានចូលរួមក្នុងការពិភាក្សាដេញដោលឡើយ ហើយនៅស្ងៀមស្ងាត់”។
លោក សម រង្ស៊ី សមាជិកសភាគណបក្សសង្គ្រោះជាតិ គឺជាមនុស្សតែម្នាក់គត់ដែលបាន ថ្លែងសុន្ទរកថា អំឡុងសម័យប្រជុំសភាស្តីពីច្បាប់គ.ជ.ប.។ខ្លឹមសារនៃសុន្ទរកថានោះផ្តោតលើតែការសរសើរការខិតខំប្រឹងប្រែង របស់ក្រុមមកពីគណបក្សទាំងពីរដែលស្នើច្បាប់នេះ ហើយកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺការផ្តោតលើការជំរុញឲ្យសមាជិកសភាដទៃទៀតកុំអត្ថាធិប្បាយបន្ថែមលើច្បាប់នេះ”។
របាយការណ៍នេះកត់សម្គាល់ថាក្នុងចំណោមសមាជិកសភាទាំង១២៣រូប គឺមានតែ២៧រូបប៉ុណ្ណោះ [ដែល១៦រូបមកពីគណបក្សប្រជាជនកម្ពុជា និង១១រូបមកពីគណបក្សសង្គ្រោះជាតិ]បានឡើងនិយាយនៅក្នុងកិច្ចពិភាក្សាដេញដោលលើច្បាប់ទាំងបីនេះ ដោយ៨០,៥ភាគរយនៃខ្លឹមសារសុន្ទរកថារបស់ពួកគេ ត្រូវបានចាត់ថា “អព្យាក្រឹត”។
លោក សិុន ទិត្យសីហា មន្ត្រីឃ្លាំមើលមកពីខុមហ្វ្រែល ដែលបានដឹកនាំក្រុមដែលចងក្រងរបាយការណ៍នោះ បានថ្លែងថា កង្វះការពិភាក្សាឲ្យស៊ីជម្រៅអំពីសេចក្តីស្នើច្បាប់គឺជាបញ្ហា។
លោកបានថ្លែងថា “នៅពេលច្បាប់ត្រូវបានអនុម័តដោយក្រុមមួយចំនួនដែលកំណត់មិនច្បាស់លាស់ និងដោយគ្មានការពិភាក្សា ត្រឹមត្រូវ និងការពិភាក្សាដេញដោលនៅក្នុងសម័យប្រជុំសភានោះ វានឹងបណ្តាលឲ្យមានការបកស្រាយដ៏ចម្រូងចម្រាស និងការប្រឈមមុខដាក់គ្នានាពេលក្រោយ”។
របាយការណ៍របស់ខុមហ្វ្រែលក៏បានសើុបអង្កេតការធ្វើដំណើររបស់សមាជិកសភាទៅសួរសុខទុក្ខប្រជាជនម្ចាស់ឆ្នោតរបស់ខ្លួននៅទូទាំងប្រទេសដែរ ដោយរកឃើញថា សមាជិកសភា៧០រូបក្នុងចំណោម១២៣រូបបានធ្វើដំណើរចុះសួរសុខទុក្ខក្នុងរយៈពេលប្រាំមួយខែដំបូងដើមឆ្នាំនេះ ក្នុងនោះ៣៨រូបមកពីគណបក្សប្រជាជនកម្ពុជា និង៣២រូបមកពីគណបក្សសង្គ្រោះជាតិ។
សមាជិកសភាទាំង៧០រូបនោះបានចុះទៅសួរសុខទុក្ខ៦១២លើកផ្សេងគ្នា ដោយក្នុងនោះសមាជិកសភាគណបក្សសង្គ្រោះជាតិ៣២រូបបានចុះទៅសួរសុខទុក្ខ៥២៧លើក។ របាយការណ៍ដដែលនេះលើកឡើងថា ប្រហែល៦២ភាគរយនៃការធ្វើដំណើរនោះគឺទៅចូលរួមពិធីសម្ពោធ ១៤ភាគរយដើម្បីពង្រឹងសកម្មភាពមូលដ្ឋាន ហើយ៥ភាគរយសម្រាប់ចូលរួមវេទិកាសាធារណៈ ឬការចុះពិនិត្យផ្សេងៗទៀត។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមិនអាចទាក់ទងបានទេកាលពី ម្សិលមិញ។
ទោះជាយ៉ាងណា លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងសមាជិកសភាបានថ្លែងថា ខុមហ្វ្រែលមិនបានឃើញថា ការមិនសូវមានការពិភាក្សាដេញដោលនៅក្នុងសភាគឺដោយសារមានការពិភាក្សាជាច្រើននៅខាងក្រៅសភារួចហើយអំពីច្បាប់ផ្សេងៗនោះឡើយ។
លោកបានថ្លែងថា “ពួកគេគ្មានតួនាទីវាយ តម្លៃសមាជិកសភាឡើយពីព្រោះសមាជិកសភាទាំងអស់ត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសតាមបែបប្រជាធិបតេយ្យ។ សមា ជិកគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការបញ្ចេញមតិ។ មិនថា សមាជិកទាំងនោះសម្រេចធ្វើពហិការ ចូលរួម និយាយ ឬមិននិយាយនោះ គឺជាការសម្រេចរបស់ពួកគេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសំុការធ្វើអត្ថាធិប្បាយបានទេ៕ សារុន