តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនឹងជួបគ្នានៅថ្ងៃអង្គារ សម្រាប់កិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចំពោះកិច្ចថ្មី ដែលបង្កើតឡើងដើម្បីពិភាក្សាភាពមិនចុះសម្រុងគ្នាទាក់ទិននឹងសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស។
សភាជាតិបានប្រកាសការបង្កើតគណៈកម្មាធិការនេះកាលពីថ្ងៃទី១១ខែធ្នូ ដោយពន្យារពេលមិនកំណត់នូវសិក្ខាសាលាមួយស្តីពីសេចក្តីព្រាងច្បាប់េនះ ដែលគណៈកម្មការនីតិប្បញ្ញត្តិរបស់សភាគ្រោងនឹងធ្វើនៅពេលពីរបីថ្ងៃបន្ទាប់នោះ។
ចំណាត់ការនេះមានឡើងបន្ទាប់ពីសហជីពធំៗមួយចំនួន និងក្រុមសិទ្ធិការងារបានតវា៉ថា សេចក្តីព្រាងច្បាប់ចុងក្រោយនេះ ដែលបានទៅដល់សភាកាលពីខែវិច្ឆិកា នៅមានគុណវិបត្តិច្រើន។
កាលពីម្សិលមិញ គណបក្សទាំងពីរបាននិយាយថា ពួកគេនឹងចូលរួមជំនួបដំបូងនៃគណៈកម្មាធិការនេះនៅថ្ងៃអង្គារ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា “យើងនឹងមានការប្រជុំផ្ទៃក្នុងមួយនៅរសៀលថ្ងៃអង្គារ ជាមួយគណបក្សសង្គ្រោះជាតិ និងក្រសួងការងារ ដើម្បីពិនិត្យឡើងវិញនូវចំណុចមួយចំនួនដែលសហជីពចង់ដកចេញ ឬកែប្រែក្នុងសេចក្តីព្រាងច្បាប់េនះ”។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ស្រី កែ សុវណ្ណរតន៍ ដែលជាប្រធានគណៈកម្មការការងារនៃសភាបានមានប្រសាសន៍ថា លោកស្រីនិងសមាជិកផ្សេងទៀតរបស់គណបក្សប្រឆាំងនឹងចូលរួមការប្រជុំនៅថ្ងៃអង្គារ។ លោកស្រីបានបន្ថែមថា តំណាងរាស្ត្រគណបក្សប្រឆាំងនឹងជួបជាមួយមេដឹកនាំសហជីពជាមុនសិន។
លោកស្រីមានប្រសាសន៍ថា “ថ្ងៃស្អែក [ថ្ងៃច័ន្ទ] គណបក្សសង្គ្រោះជាតិនឹងមានការប្រជុំមួយដើម្បីចង់ដឹងជំហររបស់សហជីព។ បន្ទាប់មកយើងនឹងប្រើវាដើម្បីចរចាជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារ។ យើងនឹងគាំទ្រសហជីព”។
ច្បាប់នេះនឹងកំណត់វិធានថ្មីសម្រាប់ការបង្កើត និងការគ្រប់គ្រងសហជីព។ បើទោះជាវានឹងអនុវត្តចំពោះវិស័យច្រើនបំផុតនៃសេដ្ឋកិច្ចក៏ដោយ ក៏គោលដៅសំខាន់របស់វា គឺឧស្សាហកម្មកាត់ដេរដ៏ធំ ប៉ុន្តែ ពិបាកគ្រប់គ្រង ដែលមានពលរដ្ឋខ្មែរប្រហែល៧០០.០០០នាក់ និងមានចំនួន៨០ភាគរយនៃការនាំចេញរបស់ប្រទេស។
កាលពីខែកក្កដា ក្រសួងការងារបានធ្វើសម្បទានមួយចំនួនដល់សហជីព ដោយការកំណត់កម្រិតចំនួនសម្រាប់ការបង្កើតសហជីពក្នុងស្រុកត្រឹមមនុស្ស១០នាក់ ហើយធ្វើការកែប្រែមាត្រាដ៏ចម្រូងចម្រាសផ្សេងទៀត។ ប៉ុន្តែ សហជីពមួយចំនួនបារម្ភថា សេចក្តីព្រាងច្បាប់បច្ចុប្បន្ននឹងផ្តល់អំណាចហួសហេតុដល់រដ្ឋាភិបាលក្នុងការបិទសហជីព។
ទោះជាយ៉ាងនេះក្តី រោងចក្រអះអាងថា ចំនួនសហជីពច្រើនធ្វើឲ្យការចរចារបស់ពួកគេសឹងតែមិនអាចធ្វើទៅបាន ហើយនិយាយថា ចំនួនមនុស្ស១០នាក់ដែលស្នើឡើងសម្រាប់ការបង្កើតសហជីពមួយ គឺជាចំនួនតិចណាស់៕ និត