នគរបាលបានលើកឡើងកាលពីម្សិលមិញថា យានយន្តភាគច្រើនដែលនគរបាលចរាចរត្រួតពិនិត្យចាប់តាំងពីមានការអនុវត្តច្បាប់ចរាចរណ៍ថ្មីកាលពីថ្ងៃសុក្រមក បានអនុវត្តតាមច្បាប់នេះ។
នគរបាលចរាចរនៅទូទាំងប្រទេសត្រូវបានដាក់ពង្រាយព្រមៗគ្នាឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដែលបង្កើនការផាកពិន័យសម្រាប់ការបើកបរលើសល្បឿនកំណត់និងបទល្មើសផ្សេងៗកំណត់ថា ម៉ូតូមួយគ្រឿងជិះបានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់និងអ្នករួមដំណើពេញវ័យម្នាក់ ហើយតម្រូវឲ្យអ្នករួមដំណើរទាំងអស់ពាក់មួកសុវត្ថិភាព។
គិតត្រឹមរសៀលម្សិលមិញ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨០.០០០គ្រឿងដែលក្នុងនោះ៧០ភាគរយបានគោរពច្បាប់នេះ នេះបើយោងតាមលោក ហឹុម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។
លោកបានមានប្រសាសន៍ថា “ការអនុវត្តច្បាប់មានដំណើរការទៅមុខដោយរលូន ដោយគ្មានបញ្ហាណាមួយឡើយ ព្រោះយើងបានឃើញថា ប្រជាពលរដ្ឋរបស់យើងភាគច្រើនគោរពច្បាប់ចរាចរណ៍នេះ”។
លោកបានបន្ថែមទៀតថា ក្នុងចំណោមយានយន្តប្រហែល ២៤.០០០គ្រឿងដែលមិនបានគោរពច្បាប់នេះ មាន១០.០០០គ្រឿងត្រូវបានផាកពិន័យ ហើយអ្នកបើកបរយានយន្តដែលនៅសេសសល់គ្រាន់តែធ្វើការអប់រំស្តីពីច្បាប់ចរាចរណ៍ថ្មីនេះតែប៉ុណ្ណោះ។
ឧត្តមសេនីយ៍ឯក ហឹុម យ៉ាន បានលើកឡើងទៀតថា “ក្នុងចំណោមអ្នកបើកបរ ដែល ត្រូវបានផាកពិន័យភាគច្រើនគឺជាអ្នកបើកបរម៉ូតូ ក្នុងនោះទី១ដោយសារអ្នកជិះពីក្រោយមិនពាក់មួកសុវត្ថិភាព ទី២ដោយសារជិះគ្នាបីនាក់ ឬច្រើនជាងនេះ ហើយទី៣ដោយសារគ្មានស្លាកលេខ”។
នៅពេលសួរថា តើហេតុអ្វីបានជាអ្នកបើក បរមួយចំនួនទទួលបានតែការអប់រំមិនផាកពិន័យ លោកបាននិយាយថា ខ្លួនជាប់រវល់ ហើយបានដាក់ទូរស័ព្ទចុះតែម្តង៕ ស៊ុយឈាង