កាលពីម្សិលមិញ សាលាដំបូងរាជធានី ភ្នំពេញបានផ្តន្ទាទោសអ្នកជួញដូរគ្រឿងញៀនបីនាក់ឱ្យជាប់ពន្ធនាគារពី២០ឆ្នាំទៅ៣០ឆ្នាំ ពីបទប៉ុនប៉ងជួញដូរថ្នាំញៀនហេរ៉ូអីុន ជិតកន្លះគីឡូក្រាមទៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៤។
Chua Hwee Kiat អាយុ៥០ឆ្នាំជនជាតិសិង្ហបុរី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ខណៈពេលព្យាយាមធ្វើដំណើរតាមយន្តហោះទៅប្រទេសអូស្ត្រាលីជាមួយថ្នាំញៀនហេរ៉ូអីុនទម្ងន់៨៤ក្រាមដែលបានលាក់ក្នុងកញ្ចប់នំសូកូឡា។
តាន់ ជីកេង អាយុ៥៧ឆ្នាំ ជនជាតិខ្មែរសញ្ជាតិបែលហ្សុិកត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនៅកន្លែងប្តូរប្រាក់មួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយក្រោយមកបានបោះចោល ថ្នាំហេរ៉ូអីុនទម្ងន់២៥៤ក្រាមដែលបានលាក់ទុកក្នុងផ្ទះរបស់ខ្លួន។
ស្ត្រីឈ្មោះ មុត ប៊ុនណាត អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីខែកក្កដា។
កាលពីម្សិលមិញ បន្ទាប់ពីសម្រេចថា ជនទាំងបីនាក់នេះមានពិរុទ្ធភាពពីបទជួញដូរគ្រឿងញៀនមក លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសអំពីសេចក្តីសម្រេចរបស់តុលាការដោយផ្តន្ទាទោស Hwee Kiat និង ជីកេង ឱ្យជាប់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ និងស្ត្រីឈ្មោះ ប៊ុនណាត ឱ្យជាប់ពន្ធនាគារ២០ឆ្នាំ។
លោក ហូ លីហូវ មេធាវីរបស់ ជីកេង បានមានប្រសាសន៍ថា ការផ្តន្ទាទោសនេះធ្ងន់ធ្ងរណាស់។ លោកបានថ្លែងថា “ចៅក្រមរូបនេះមិនបានពិចារណាឱ្យបានល្អិតល្អន់ពីភ័ស្តុតាងឡើយ ហើយគាត់ក៏មិនបានពិចារណា ពីកាលៈទេសៈជុំវិញដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសដែរ។ខ្ញុំកម្រឃើញចៅក្រមផ្តន្ទាទោសអតិបរមាដូចនេះណាស់។ លោក ជីកេង អាយុជិត៦០ឆ្នាំទៅហើយឥឡូវនេះ ហើយការផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគារ៣០ឆ្នាំ ដូចជាឱ្យគាត់ស្លាប់ក្នុងពន្ធនាគារអ៊ីចឹង”។
លោក ហម ស៊ុនរិទ្ធ មេធាវីរបស់ Hwee Kiat និងលោក ពុំ វិចិត្រ មេធាវីរបស់ស្ត្រីឈ្មោះ ប៊ុនណាត បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
អំឡុងសវនាការជំនុំជម្រះកាលពីថ្ងៃពុធ Hwee Kiat និង ជីកេង បាននិយាយថា ពួកគេត្រូវបានផ្តល់ប្រាក់៥.០០០ដុល្លារដើម្បីធ្វើនូវអ្វីដូចដែលត្រូវបានប្រាប់ ហើយគេជឿថា ជាប្រភេទថ្នាំប៉ូវកម្លាំង។
លោក ជីកេង ក៏បានប្រាប់តុលាការផងដែរថា Hwee Kiat បានព្យាយាមដាក់ចូលក្នុងរន្ធគូទរបស់ខ្លួន ប៉ុន្តែដាក់មិនចូល រួចក៏ដាក់ចូលក្នុងហៅប៉ៅតែម្តងទៅ។
ស្ត្រីឈ្មោះ ប៊ុនណាត បានប្រាប់តុលាការថា ខ្លួនទទួលបានថ្នាំញៀននេះពីស្ត្រីម្នាក់ឈ្មោះ ស៊ុន សុផល ដែលបច្ចុប្បន្ននេះ កំពុងអនុវត្តទោសជាប់ពន្ធនាគារ២៧ឆ្នាំចំពោះការជួញដូរគ្រឿងញៀនផ្សេងទៀត ហើយបានហុចថ្នាំនេះទៅឱ្យឈ្មោះ ជីកេង និង Hwee Kiat ។
ប៊ុនណាត បាននិយាយថា គាត់ដឹងថា គាត់ ប្រព្រឹត្តបទល្មើស ប៉ុន្តែសុខចិត្តធ្វើដោយសារគាត់ត្រូវការប្រាក់ដើម្បីព្យាបាលកូនប្រុសរបស់ខ្លួន ដែលកើតជំងឺមហារីក។
បន្ទាប់ពីប្រកាសសាលក្រម ហើយផ្តន្ទាទោសកាលពីម្សិលមិញ ចៅក្រម កោ វណ្ឌី បានណែនាំអយ្យការឱ្យចោទប្រកាន់ករណីថ្មីមួយទៀតលើស្ត្រីឈ្មោះ សុផល ៕សារុន