ក្មេងជំទង់ម្នាក់ត្រូវបានបាញ់ស្លាប់ក្នុងខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃពុធ ក្នុងអ្វីដែលនគរបាលសង្ស័យថា ជាការវាយប្រហារទាក់ ទិនវិវាទដីធ្លីមួយដែលជាប់ពាក់ព័ន្ធជាមួយពាណិជ្ជករមានអំណាចម្នាក់ក្នុងស្រុកភ្នំស្រួច។
លោក សាយ ប៊ុនថុន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ស៊ុន ដាវីដ អាយុ១៩ឆ្នាំ ត្រូវបានបាញ់បីគ្រាប់ដោយកាំភ្លើងអាកា៤៧នៅម៉ោងប្រហែល៧និង៤០នាទីយប់ដោយបុរសមួយក្រុមនៅក្នុងឃុំត្រែង ត្រយឹងនៅពេលវិវាទដីធ្លីនេះកាន់តែក្ដៅគគុក។
យោងតាមលោក ប៊ុនថុន បានឲ្យដឹងថា ជម្លោះរយៈពេល៣ឆ្នាំមកហើយនេះកើតឡើងជុំវិញដីទំហំ៦ហិកតារវាងអ្នកភូមិ៥៨គ្រួសារ និងលោក អ៊ុក ឃុន ដែលមានងារជាឧកញ៉ា។
លោកបានថ្លែងថា លោក អ៊ុក ឃុន អះ អាងថា មានឯកសារដែលអនុញ្ញាតឲ្យរូប លោកអភិវឌ្ឍដីនេះ ប៉ុន្តែថា ក្រុមអ្នកភូមិដែលរស់នៅក្បែរនោះកាលពីពេលថ្មីៗនេះបានព្យាយាមចូលទៅរស់នៅលើដីនោះបន្ទាប់ពីពាណិជ្ជកររូបេនះបានទុកចោល។
លោកបានថ្លែងថា មួយសប្ដាហ៍កន្លងមក ឧកញ៉ារូបនេះបានឱ្យ ”អ្នកខាងក្រៅ”១០០គ្រួសារកាន់កាប់ និងសង់ខ្ទមបណ្តោះអាសន្ននៅលើដីនេះ ដោយលោកបន្ថែមថា ភាពតានតឹងរវាងគ្រួសារទាំងនេះ និងអ្នកភូមិមូលដ្ឋានកាន់តែតានតឹងឡើងកាលពីយប់ថ្ងៃពុធ នៅពេលខ្ទមមួយត្រូវបានឆេះ។
លោក ប៊ុនថុន បានថ្លែងថា ”នៅម៉ោង៧ និង៤០នាទីយប់ខ្ទមមួយបានឆេះ ហើយបន្ទាប់មកបុរសបួនឬប្រាំនាក់ដែលត្រូវបានជួលឲ្យមកយាមដីដែលមានវិវាទនេះបានរត់ទៅពន្លត់។ បន្ទាប់មក មានស្នូរកាំភ្លើងចេញពីទីងងឹត ហើយបុរសម្នាក់ក្នុងចំណោមនោះបានស្លាប់”។
លោកបានថ្លែងថា “ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងអាកា-៤៧បាញ់សម្លាប់ជនរងគ្រោះរូបនេះ ហើយពួកគេបានរត់គេចខ្លួនពីកន្លែងកើតហេតុធ្វើឲ្យយើងមានការលំបាកក្នុងការស្វែងរកឃាតករ”។ លោកបានបន្ថែមថា ក្រុមគ្រួសារដែលមានជម្លោះជាមួយលោក អ៊ុក ឃុន រួមមាននគរបាល និងទាហានផងដែរ។
លោក សោម បូរ៉ា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងព្យាយាមស្វែងរកជនដៃដល់។ លោកបានថ្លែងថា “ជនរងគ្រោះត្រូវគ្រាប់ពីរគ្រាប់ចំមាត់ និងច្រមុះកាលពីយប់មិញនៅទីងងឹតមួយលើផ្លូវលំ”។
លោកបានមានប្រសាសន៍បន្ថែមថា ”ឥឡូវនេះនគរបាលកំពុងស៊ើបអង្កេតស្វែងរកខ្មាន់កាំភ្លើង ប៉ុន្តែតាមការសន្និដ្ឋានដំបូងរបស់យើងគឺវាទាក់ទងនឹងវិវាទដីធ្លី”៕សារុន