សវនាការជំនុំជម្រះរឿងក្តីជនជាតិអាល្លឺម៉ង់ម្នាក់ដែលជាប់ចោទពីបទរំលោភបំពានផ្លូវភេទក្មេងប្រុស៥នាក់នៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញនោះ បានបញ្ចប់ហើយកាលពីម្សិលមិញ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយចុងចោទអះអាងថា លោក ត្រូវបានគេ “ប្រព្រឹត្តមកលើដូចសត្វឆ្កែ” អំឡុងពេលផ្ទន្ទាទោសរូបលោក។
លោក Udo Sabiniewicz អាយុ៥៦ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែមិថុនា នៅស្ទូឌីយ៉ូ FX Animation ក្នុងខណ្ឌច្បារអំពៅដែលលោកយកធ្វើជាផ្ទះរបស់ខ្លួន ហើយត្រូវបានចោទប្រកាន់៥ករណីពីបទប្រព្រឹត្តអនាចារលើអនីតិជន បន្ទាប់ពីម្តាយក្មេងប្រុសពីរនាក់បានចោទលោកថា បានរំលោភបំពានផ្លូវភេទកូនប្រុសពួកគាត់។ ជនរងគ្រោះទាំងនោះមានអាយុចន្លោះ៧ឆ្នាំ ដល់១១ឆ្នាំ។
ជនជាតិអាល្លឺម៉ង់រូបនេះបានអះអាងពីភាពគ្មានទោសរបស់ខ្លួននៅក្នុងសវនាការជំនុំជម្រះនោះដោយអះអាងថា លោកត្រូវបានស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះដែលជាអតីតអ្នកអនាម័យទម្លាក់កំហុសលើរូបលោក បន្ទាប់ពីលោកបានចោទកូនប្រុសរបស់ ស្ត្រីរូបនេះថា បានលួច iPad របស់លោក។
នៅក្នុងការលើកឡើងបញ្ចប់របស់ខ្លួនកាលពីម្សិលមិញ លោកស្រី សាន សូនី មេធាវីមកពីអង្គការសកម្មភាពដើម្បីកុមារ(APLE)ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំង ជនរួមភេទជាមួយកុមារដែលតំណាងឲ្យក្មេងប្រុសរងគ្រោះពីរនាក់រួមទាំងកូនប្រុសរបស់ស្ត្រីអនាម័យនេះបាននិយាយថា រឿងរ៉ាវរបស់លោក Sabiniewicz គឺជាការប្រឌិត។
លោកស្រី សូនី បានមានប្រសាសន៍ថា “ខ្ញុំបានឃើញចុងចោទរូបនេះបដិសេធការចោទប្រកាន់គ្រប់ដំណាក់កាលសាកសួរទាំងអស់ ប៉ុន្តែ ការផ្តល់សក្ខីកម្មរបស់កុមារទាំងនោះស្ទើរតែដូចគ្នា”។ លោកស្រីបានបន្ថែមថា ការធ្វើកោសល្យវិច័យបានបង្ហាញថា មានស្នាមនៅលើប្រដាប់ភេទរបស់ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសទាំងនេះ។
លោកស្រីបានថ្លែងថា “ការផ្តល់សក្ខីកម្មជាលាយលក្ខណ៍អក្សររបស់កុមារដទៃទៀតត្រូវបានបញ្ចូលជាភ័ស្តុតាងដើម្បីបង្ហាញថា ចុងចោទ លោក Udo Sabiniewicz បានប្រព្រឹត្ត បទល្មើសដោយការបៀមប្រដាប់ភេទរបស់កុមារទាំងនេះ ហើយបានលេងប្រដាប់ភេទក្មេងប្រុសទាំងនោះទៀតផង។
នៅក្នុងការលើកឡើងបញ្ចប់របស់ខ្លួនលោក Sabiniewicz ដែលគេហៅថា Theodor Symon បានត្អូញត្អែរអំពីប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា ខណៈលោកត្អូញត្អែរអំពីការប្រព្រឹត្តមកលើរូបលោក។
ដោយដំឡើងសំឡេង លោកបាននិយាយ ថា “ក្នុងនាមជាជនបរទេស អ្នកកំពុងប្រឈមនឹងភាពអយុត្តិធម៌នៅទីនេះ អ្នកពិតជាគ្មានទីពឹងទេ។ ខ្ញុំចង់និយាយថា ករណីនេះធ្ងន់ធ្ងរណាស់ គ្មានដីកាចាប់ខ្លួន គ្មានហេតុការណ៍ ជាក់ស្តែង ភ័ស្តុតាងគឺការរំលោភសិទ្ធិមនុស្សសុទ្ធសាធ”។
លោកបានបន្តថា “នេះគឺជា អ្វីដែលអ្នកកំពុងប្រឈមនៅពេលរស់នៅក្នុងប្រទេសកម្ពុជា។ខ្ញុំសង្ឃឹមថា រឿងក្តីរបស់ខ្ញុំនឹងជាការក្រើនរំឮកដល់មនុស្សគ្រប់រូបនៅក្នុងពិភពលោក”។លោកបានបន្តទៀតថា “ព្រះអើយ សូមកុំមកទីនេះ។ ពួកគេបណ្តោយឲ្យអ្នកស្លាប់នៅទីនេះ អ្នកត្រូវបានគេប្រព្រឹត្តមកលើដូចជាសត្វឆ្កែអ៊ីចឹង”។
នៅក្នុងសវនាដំបូង លោក ពឿង យ៉ាកហៀប មេធាវីរបស់លោក Sabiniewicz បានចោទអង្គការ APLE ថាបានជួយក្នុងការទម្លាក់កំហុសលើកូនក្តីរបស់លោក ជាការចោទប្រកាន់ដែលត្រូវបានបដិសេធដោយលោក សំលៀង សិលា ប្រធានអង្គការនេះ។
លោក សំលៀង សិលា បានថ្លែងថា “រឿង នេះមិនពិតទាល់តែសោះ។ គាត់តែងតែចោទ ជនរងគ្រោះថា បានទម្លាក់កំហុសលើគាត់ ហើយក្រោយមកគាត់បានចោទប្រកាន់ អង្គការ APLE។ យើងជឿថា ភ័ស្តុតាងេនះ គឺរឹងមាំណាស់។ ជនរងគ្រោះបានផ្តល់សក្ខីកម្មមិនផ្លាស់ប្តូរនៅក្នុងដំណើរការក្តីទាំងមូលនេះ”។
តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១១ ខែមីនា ៕សារុន