កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្តឹងអ្នកវិភាគនយោបាយដ៏ឆ្នើមមួយរូបក្នុងប្រទេសកម្ពុជាចំពោះការលើកឡើងថា គណបក្សកាន់អំណាចកំពុងប្រើប្រាស់រឿងអាស្រូវផ្លូវភេទដែលមានរឿងក្តីក្តាំកាន់តែកើនឡើងពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាវិធីដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំង។
ពាក្យបណ្តឹងនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហេ្វសប៊ុករបស់លោកចេញសេចក្តីព្រមានដល់អ្នកធ្វើអត្ថាធិប្បាយទាំងអស់។ ពាក្យបណ្តឹងនេះផ្តោតគោលដៅលើលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាសាធារណៈ តាមរយៈបទសម្ភាសន៍របស់លោក តាមវិទ្យុកាលពីថ្ងៃអាទិត្យ ហើយបានទាមទារសំណងជាប្រាក់ចំនួន៤០០លានរៀល ចំពោះ “ការធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា”។
បទសម្ភាសន៍ដែលត្រូវបានដកស្រង់ចេញ ពីអត្ថបទរបស់វិទ្យុអាស៊ីសេរីមានខ្លឹមសារថា “កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ អំឡុងការផ្សព្វផ្សាយតាមវិទ្យុអាស៊ីសេរី លោក អ៊ូ វីរៈ បានធ្វើអត្ថាធិប្បាយបែបបរិហារកេរ្តិ៍ដោយលើកឡើងថា “យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះគឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក”។
ពាក្យបណ្ដឹងនេះបន្តថា “ការដែលគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់គូប្រកួត ប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តចំពោះយន្តការនេះដែរ”។
ពាក្យបណ្ដឹងនេះបានហៅការអត្ថាធិប្បាយរបស់លោក អ៊ូ វីរៈ ថា “ជាចេតនាបំផ្លើសទម្លាក់កំហុសដោយអសុទ្ធចិត្តដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិសព្ទ និងជាការបរិហារកេរ្តិ៍ដល់គណបក្សប្រជាជនកម្ពុជា”។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា លោកគ្រាន់តែផ្ដល់មតិអំពីស្ថានភាពនយោបាយតែប៉ុណ្ណោះ មិនមានកំហុសពីបទបរិហារ កេរ្តិ៍ឡើយ។
លោកបានថ្លែងថា “វាជាការបញ្ចេញយោបល់។ មិនមានការចោទប្រកាន់ទេវាជាការបញ្ចេញយោបល់ដោយលើកឡើងថា ខ្ញុំគិតថា វាជាផលអវិជ្ជមានចំពោះគណបក្សប្រជាជនកម្ពុជា ហើយនោះជាការបញ្ចេញយោបល់អំពីប្រជាប្រិយភាពតែប៉ុណ្ណោះ”។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា លោកមិនដឹងថាតើត្រូវឆ្លើយតបទៅនឹងបណ្ដឹងនោះដោយរបៀបណាឡើយ។ លោកបាននិយាយដោយអស់សំណើចថា “ខ្ញុំត្រូវធ្វើការសម្រេចចិត្ត ហើយរង់ចាំមើលសិន…ខ្ញុំមិនមានប្រាក់ទេ។ វាជាសំណើដ៏ធំមួយ”។
បើទោះជាការបដិសេធមិនឆ្លើយតបចំពោះរឿងរ៉ាវរបស់លោកដូចដែលបានចោទប្រកាន់ជាមួយកញ្ញា ខុម ចាន់តារ៉ាទី អាយុ២៥ឆ្នាំ ជាអ្នកធ្វើសក់ក៏ដោយ ក៏លោក កឹម សុខា ស្ថិតនៅចំចំណុចកណ្ដាលនៃការស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលតាមការអះអាងថា បានសន្យាផ្ដល់ប្រាក់ដល់នាង។
នគរបាលប្រឆាំងភេរវកម្មដែលដំបូងឡើយមានភារកិច្ចស៊ើបអង្កេតបណ្ដឹងបរិហារកេរ្តិ៍ផ្អែកតាមការសន្ទនាតាមទូរស័ព្ទដែលបានបែកធ្លាយតាមប្រព័ន្ធអុីនធឺណិត បង្ហាញថា លោក កឹម សុខា និយាយជាមួយស្រីកំណាន់ យ៉ាងតិចពីរនាក់។
ពួកគេបានបន្តចោទប្រកាន់ពីបទពេស្យាចារ និងផ្ដល់សក្ខីកម្មមិនពិតលើកញ្ញា ខុម ចាន់តារ៉ាទី ដែលបន្ទាប់មកបានកែប្រែរឿងរ៉ាវរបស់ខ្លួនកាលពីសប្ដាហ៍មុន ដោយសារភាពពីទំនាក់ទំនងនោះ ហើយបានដាក់ពាក្យប្ដឹងលោក កឹម សុខា ទាមទារសំណងចំនួន៣០០.០០០ដុល្លារ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានចុះហត្ថលេខាលើបណ្ដឹងបរិហារកេរ្តិ៍ប្ដឹងលោក អ៊ូ វីរៈ តាងនាមគណបក្សបានមានប្រសាសន៍កាលពីម្សិលមិញថា ចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់អ្នកវិភាគនយោបាុយរូបនេះកុំឲ្យនិយាយរឿងរ៉ាវស្រដៀងគ្នាទៀតក្នុងពេលអនាគត។
លោក សុខ ឥសាន បានថ្លែងថា “ប្រសិនបើយើងមិនចាត់វិធានការដូចនេះទេនោះ គាត់នឹងមិនឈប់និយាយដដែលឡើយ។
ដោយប្រើប្រាស់ឈ្មោះហៅក្រៅរបស់កញ្ញា ខុម ចាន់តារ៉ាទី លោក សុខ ឥសានបានថ្លែងថា “គាត់បាននិយាយយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាបានរៀបចំឆាកល្ខោនសម្រាប់លោក កឹម សុខា និងកញ្ញា ស្រីមុំ។ វាមិនមែនជាការសម្ដែងមតិទេ ប៉ុន្តែផ្ទុយទៅវិញបង្ហាញយ៉ាងច្បាស់ថា ជាការលាបពណ៌”។
កាលពីព្រឹកម្សិលមិញ លោក ហ៊ុន សែន បានបង្ហោះសារមួយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកព្រមានអ្នកអត្ថាធិប្បាយនយោបាយកុំឲ្យប៉ះពាល់ដល់ “កិត្តិយស និងសេចក្ដីថ្លៃថ្នូរ” របស់គណបក្សប្រជាជនកម្ពុជា ដោយគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងជនល្មើសទាំងអស់។
លោកនាយករដ្ឋមន្ត្រីបានសរសេរថា ”ខ្ញុំអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រៀបចំមេធាវី ដើម្បីប្ដឹងទៅកាន់តុលាការក្នុងករណីមានការមួលបង្កាច់ រំលោភសិទ្ធិគណបក្សប្រជាជនកម្ពុជាដោយជនណាក៏ដោយ”។
លោកបានបន្តថា “ខ្ញុំអំពាវនាវដល់អ្នកវិភាគ អ្នកអត្ថាធិប្បាយកុំព្យាយាមក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូកថាវាដូចគ្នា។ អស់លោកមានសិទ្ធិ តែសុំកុំភ្លេចថា យើងខ្ញុំក៏មានសិទ្ធិដូចអស់លោកដែរ”។
លោក ហ៊ុន សែន មានប្រវត្តិរិះគន់អ្នកវិភាគណាដែលរិះគន់រដ្ឋាភិបាលរបស់លោក ប៉ុន្តែជារឿយៗតែងតែលើកឡើងបែបចំអកអំឡុងការថ្លែងសុន្ទរកថាជាសាធារណៈ។
ដោយសំដៅដល់អ្នកដែលរិះគន់ការប្រើប្រាស់ហ្វេសប៊ុករបស់លោកដើម្បីទាក់ទងជាមួយប្រជាពលរដ្ឋ លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីខែកុម្ភៈថា “ខ្ញុំគិតថា យើងគួរបង្កើតសាលាមួយ ហើយហៅអ្នកវិភាគទាំងនោះឲ្យមកបង្រៀនយើងថាតើអ្វីយើងគួរធ្វើនិងអ្វីយើងមិនគួរធ្វើ”។
លោក កែម ឡី អ្នកវិភាគនយោបាយ និងជាប្រធានក្រុមតស៊ូមតិនយោបាយ ‘ខ្មែរដើម្បី ខ្មែរ’ បានមានប្រសាសន៍ថា ការបញ្ចេញយោបល់របស់លោក អ៊ូ វីរៈ ផ្អែកលើយុទ្ធសាស្ត្រពីមុនៗរបស់គណបក្សកាន់អំណាចហើយស្ថិតក្នុងសិទ្ធិនៃការទទួលបានការនិយាយស្តីដោយសេរី ដែលត្រូវបានធានាក្រោមច្បាប់កម្ពុជា។
លោកបានថ្លែងថា “ទំហំ និងការផ្ដោតលើសេរីភាពនៃការបញ្ចេញមតិគឺធំណាស់ ដូច្នេះអ្នកអត្ថាធិប្បាយ ឬអ្នកវិភាគអាចធ្វើអត្ថាធិប្បាយផ្អែកលើគំនិតរបស់ខ្លួន និងផ្អែកលើបទពិសោធន៍មុនៗ”។ លោកបានបន្ថែម
ថា គណបក្សកាន់អំណាចបានបង្កើតកំណត់ត្រានៃការលេងល្បែងមិនល្អ។
លោកបានមានប្រសាសន៍ថា “ល្បែងស្រដៀងគ្នានេះបានកើតឡើងរួចមកហើយក្នុងពេលកន្លងមក ហើយល្បែងពេលនេះក៏ត្រូវបានលេងដោយក្រុមនេះផងដែរ។ វាមិនមែនគ្រាន់តែរឿងលោក អ៊ូ វីរៈ ប៉ុណ្ណោះទេ…។ ប្រជាពលរដ្ឋទាំងអស់យល់ច្បាស់អំពីនយោបាយមិនល្អកើតឡើងក្នុងប្រទេសកម្ពុជា”។
លោក កែម ឡី បានមានប្រសាសន៍ថា ខ្លួនលោកផ្ទាល់មិនបារម្ភអំពីការគំរាមចាត់វិធានការផ្លូវច្បាប់ឡើយ។
លោកបានថ្លែងថា “យើងគ្រាន់តែបញ្ចេញយោបល់របស់ខ្លួនផ្អែកលើការពិតតែប៉ុណ្ណោះ។យើងត្រូវនិយាយការពិតប្រាប់សាធារណជន ហើយយើងត្រូវបន្តការងាររបស់យើងដោយគ្មានការភ័យខ្លាចឡើយ”៕ សារុន