38 C
Phnom Penh

ភរិយារបស់លោករ៉ាត់ រត្នមុនីបន្តទទូចឱ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ដោះលែងប្តីរបស់អ្នកស្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រួសារលោករ៉ាត់ រត្នមុនីនិងសកម្មជនដីធ្លីមួយចំនួននៅថ្ងៃពុធនេះ នៅតែប្រមូលម្តុំតវ៉ានៅមុខស្ថានទូតរុស្ស៊ីដើម្បីស្នើឱ្យស្ថានទូតមួយនេះអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញដោយថា ប្តីរបស់អ្នកស្រីគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ។

ក្នុងការប្រមូលម្តុំគ្នា នៅព្រឹកនេះ ភរិយារបស់លោករ៉ាត់ រត្នមុនីគឺអ្នកស្រីឡុង គឹមហ៊ាងនៅតែទទូចជាថ្មីទៀតឱ្យរដ្ឋាភិបាលរុស្ស៊ីតាមរយៈស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ជួយអន្តរាគមន៍មករដ្ឋាភិបាលខ្មែរដើម្បីដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពជួបជុំក្រុមគ្រួសារឡើងវិញ ពីព្រោះការចាប់ខ្លួននេះធ្វើឡើងដោយអយុត្តិធម៌។ អ្នកស្រីថា ខ្សែភាពយន្តឯកសារឯកសារស្តីពីការជួញដូរផ្លូវភេទដែលមានចំណងជើងថា«ម្តាយរបស់ខ្ញុំលក់ខ្ញុំ»ដែលប្តីរបស់អ្នកស្រីជាអ្នកបកប្រែ និងចូលរួមផលិតនោះគឺជារឿងពិតដែលរៀបរាប់អំពីខ្សែជីវិតពិតរបស់ស្ត្រីនិងក្មេងស្រីក្រីក្រតស៊ូរស់នៅកម្ពុជា។ អ្នកស្រីបន្តថា កូនប្រុសរបស់គាត់ដែលមានអាយុជាង១ឆ្នាំត្រូវការឪពុករស់នៅក្បែរ និងឱ្យមានកិច្ចអន្តរាគមន៍ ពីរដ្ឋាភិបាលកម្ពុជាដើម្បីដោះលែងលោករ៉ាត់ រត្នមុនីផងដែរ។

កាលពីថ្ងៃ៥កុម្ភៈ មេធាវីការពារក្តីឱ្យលោករ៉ាត់ រត្នមុនី បានដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូលដើម្បីទាមទារឲ្យកូនក្ដីរបស់ខ្លួនបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីសាលាឧទ្ធរណ៍និងសាលាដំបូងបានបដិសេធសំណើសុំនៅក្រៅឃុំនេះ។

ប្រធានសហព័ន្ធសហជីពសំណង់កម្ពុជា លោករ៉ាត់ រត្នមុនីត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំមុន ពាក់ព័ន្ធនឹងការចូលរួមផលិតភាពយន្តឯកសារ«ម្ដាយខ្ញុំលក់ខ្ញុំ»របស់សារព័ត៌មាន Russia Today។ មេដឹកនាំសហជីពរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ធ្វើឲ្យមានការរើសអើង និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារព្រៃស កាលពីខែធ្នូឆ្នាំមុន។

យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា លោករ៉ាត់ រត្នមុនី អាចនឹងត្រូវជាប់ទោសក្នុងពន្ធនាគារពី ១ ទៅ៣ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថា មានកំហុសដូចការចោទប្រកាន់មែននោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស