28 C
Phnom Penh

លោកស ខេងថ្លែងការពារអ្នកឧកញ៉ាគិត ម៉េងថា មិនជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្ដ Rockនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស ខេងប្រកាសថា ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ាគិត ម៉េងនិងជាមនុស្សជំនិតរបស់លោកហ៊ុន សែនមិនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលអាជ្ញាធររបបក្រុងភ្នំពេញបង្ក្រាបបានជិត៥០គីឡូក្រាមនៅមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក នោះឡើយ។

ទំព័រហ្វេសប៊ុក(Facebook)ផ្លូវការរបស់លោកស ខេងបានចុះផ្សាយនៅថ្ងៃពុធនេះថា ការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចរកពុំឃើញភ័ស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកឧកញ៉ាគិត ម៉េងបានជាប់ពាក់ព័ន្ធនឹងការបង្រ្កាបគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក កណ្តាលរាជធានីភ្នំពេញនោះឡើយ។

កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលដឹកនាំដោយស្នងការក្រុងលោកស ថេតនិងតំណាងអយ្យការ បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជិត ៥០គីឡូក្រាម។ ជាងនេះទៅទៀត សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាង៣រយនាក់ផងដែរ ប៉ុន្តែក្រោយមកសមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្សជាង១០នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះ ដោយមនុស្សជាង២រយនាក់ទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

យ៉ាងនេះក្តី កាលពីខែកញ្ញាឆ្នាំ២០១៨លិខិតកិច្ចសន្យាមួយដែលមានស្នាមេដៃ និងឈ្មោះលោកឧកញ៉ាគិត ធាងដែលជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ាគិត ម៉េងអះអាងថា លោកជាម្ចាស់អាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ុក។

ក្នុងលិខិតកិច្ចសន្យានោះ លោកគិត ធាងបានសន្យាចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ថា នឹងមិនអនុញ្ញាតឱ្យមានការផលិតការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួនជាដាច់ខាត ព្រមទាំងចំណុចផ្សេងទៀត។ កិច្ចសន្យានេះផ្ទុយគ្នាស្រឡះទៅនឹងការរកឃើញក្នុងការចុះបង្ក្រាបរបស់សមត្ថកិច្ចនៅទីតាំងអាជីវកម្មរបស់លោកកាលពីថ្ងៃទី២៣កុម្ភៈនោះដែលរកឃើញថ្នាំញៀនយ៉ាងច្រើននិងមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនទៀតផង។

សង្គមស៊ីវិលនិងសាធារណជន នៅបន្តឃ្លាំមើលករណីនេះដោយជំរុញឱ្យសមត្ថកិច្ចត្រូវបើកការស៊ើបអង្កេតអ្នកកាងពីក្រោយបទល្មើសទាំងនេះ ហើយពួកគេមានជំនឿថា ប្រសិនបើសមត្ថកិច្ចមានឆន្ទៈពិតប្រាកដ នោះមេខ្លោងដែលនៅពីក្រោងខ្នងបទល្មើសនឹងមិនរួចខ្លួនឡើយ ប៉ុន្តែពួកគេបារម្ភខ្លាចសំណុំរឿងនេះសមត្ថកិច្ចធ្វើឱ្យតែល្អមើលប៉ុណ្ណោះ ហើយមេខ្លោងពិតប្រាកដត្រូវបានរួចខ្លួន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងកាលពីពេលថ្មីៗនេះបានសម្តែងការបារម្ភចំពោះស្ថានភាពពន្ធនាគារកាន់តែអាក្រក់ដ្បិតអ្នកជាប់ឃុំប្រមាណ២ភាគ៣គឺជាអ្នកជាប់ឃុំពាក់ព័ន្ធករណីថ្នាំញៀន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស