29 C
Phnom Penh

លោក​ហ៊ុន សែន​ព្រមាន​ដក​មេបញ្ជាការ​យោធា ​និង​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​២​នាក់​ពាក់​ព័ន្ធ​រឿង​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​របប​លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​ដក​មេ​បញ្ជាការ​យោធា​ខេត្ត​និង​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​២​រូប​ទៀត​ចេញ​ពី​តំណែង។​

លោក​ហ៊ុន សែន ​ព្រមាន​ដក​មន្ត្រី​ទាំង​នោះ​​ព្រោះ​លោក​រក​ឃើញ​ថា​ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​បង្ក្រាប​ពលរដ្ឋ​ ដោយ​ហិង្សា​ក្នុង​វិវាទ​ដីធ្លី​​នៅ​ឃុំ​បិទត្រាំង ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ចុង​ខែ​មករា។​

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​នេះ ​លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​ដក​មេ​បញ្ជាការ​យោធា​ខេត្ត​ព្រះ​សីហនុ ​លោក​សាវិន វិបុល​និង​អភិបាល​រង​ខេត្ត​២​នាក់​ទៀត ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ករណី​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រពន្ធ​ឧកញ៉ា​ស៊ីវ គង់ទ្រីវ។​

កាល​ពី​ថ្ងៃ​ទី​២៤​​មករា​ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ លោក​ហួត វិចិត្រ​និង​អភិបាល​រង​ខេត្ត​គឺ​លោក​ផៃ ប៊ុនវណ្ណៈ​ បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ជាច្រើន​រយ​នាក់​ចុះ​អនុវត្ត​សាល​ដីកា​វាស់​វែង​ដី​ឱ្យ​អ្នកស្រី​ហុង សួន​ជា​ភរិយា​របស់​លោក​ឧកញ៉ា​ស៊ីវ គង់ទ្រីវ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។​

មន្ត្រី​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​អេង ហ៊ី ​ធ្លាប់​បាន​អះអាង​ថា​ គ្រាប់​កាំភ្លើង​ដែល​បាញ់​ចំ​កម្មករ​សំណង់​នោះ​មិនមែន​ជា​គ្រាប់​កាំភ្លើង​របស់​សមត្ថ​កិច្ច​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​ឡើយ។​

លោក​ថា​ អង្គភាព​យោធា​បាន​សម្រេច​ព្យួរ​ការងារ​មន្ត្រី​អាវុធ​ហត្ថ​ម្នាក់ ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ខណៈ​ពលរដ្ឋ​រូប​នោះ​ជាប់​ខ្នោះ​ដៃ​ព័ទ្ធ​មក​ខាង​ក្រោយ ​និង​លុត​ជង្គង់​លើ​ដី​រួច​ទៅ​ហើយ។​

បន្ថែម​ពី​នេះ ​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ ​និង​មន្ត្រី​៣​នាក់​ទៀត​ក៏​ត្រូវ​បាន​អង្គភាព​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដាក់​ពិន័យ​ដោយ​ការ​ស្ដី​បន្ទោស​ជា​លាយ​លក្ខណ៍​អក្សរ​ប៉ុន្តែ​លោក​មិន​ទាន់​ប្រាប់​ពី​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​ទាំង​នោះ​ទេ។​

ទោះជាយ៉ាង​ណា​ក៏ដោយ​ ក្រុម​ប្រជា​ពលរដ្ឋ​ក៏​បាន​ជំរុញ​ឲ្យ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ទៅ​លើ​អភិបាល​រង​ខេត្ត​មួយ​រូប​ទៀត​ឈ្មោះ​ស្រ៊ុន ស្រ៊ាន់​តែងតែ​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ពលរដ្ឋ​ករណី​វិវាទ​ដីធ្លី​នៅ​ខេត្ត​មួយ​នេះ​ផង​ដែរ។​ កាលពី​ដើម​ខែ​នេះ ​លោក​ស ខេង​បាន​អះអាង​ថា ​ការ​យក​កម្លាំង​យោធា​ណា​មួយ​ដើម្បី​អនុវត្ត​សាល​ដីកា​របស់​តុលាការ​ដើម្បី​បង្ក្រាប​ពលរដ្ឋ​គឺ​ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង​ហើយ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំងអស់​ត្រូវ​ពិនិត្យ​មើល​និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​បែប​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស