ក្រុមអ្នកឃ្លាំមើលនិយាយថា ទោះបីជាប្រទេសចិនមិនចង់ត្រួតត្រាកម្ពុជាក៏ដោយប៉ុន្តែចិនតែងមានមហិច្ឆតាក្នុងការក្តោបកា្តប់កម្ពុជាទៅវិញ។
ប្រធានអង្គការតម្លាភាពកម្ពុជាលោកព្រាប កុលបានប្រាប់សារព័ត៌មាន The Cambodia Dailyថា ចិនមិនត្រួតត្រាប្រទេសណាទេ ប៉ុន្តែចិនចង់មានឥទ្ធិពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយទៅលើប្រទេសក្រីក្រប្រទេសកំពុងអភិវឌ្ឍន៍ ហើយជាពិសេសប្រទេសដែលជំពាក់បំណុលរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់ទៅវិញទេ។
ការអះអាងរបស់លោកព្រាប កុលធ្វើឡើងក្រោយពីលោកហ៊ុន សែនបានប្រកាសនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនក្នុងខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញថា ខ្មែរមិនព្រមឲ្យចិនត្រួតត្រាប្រទេសរបស់ខ្លួននោះទេ ហើយចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ។ លោកបន្តថា ចិនគ្រាន់តែចង់ធ្វើ មិត្តជាមួយប្រទេសនានានៅលើពិភពលោកប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោកព្រាប កុលអះអាងថា ប្រសិនបើចិនហ៊ានចេញមុខត្រួតត្រាប្រទេសអធិបតេយ្យមួយទៀត វាខុសច្បាប់អន្តរជាតិជាខ្លាំង៕