29.6 C
Phnom Penh

ក្រុម​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ទោស​ទណ្ឌ​មន្រ្តី​ទាំង​ឡាយ​ណា​ដែល​ប្រើ​តួនាទី​រំលោភ​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អះអាង​ថា​ រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ជាក់​អំពី​កំហុស​ឆ្គង​អ្វី​ខ្លះ​ដែល​បញ្ជា​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ក្នុង​ខេត្ត​ចិន​ ករណី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​រវាង​គ្រួសារ​របស់​លោក​ឧកញ៉ា​ស៊ីវ គង់ទ្រីវ​ ដែល​ឈាន​ទៅ​ដល់​ការ​ដក​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ពីរ​នាក់​ចេញ​ពី​តំណែង​នោះ​នៅ​ឡើយ​ទេ។​

មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​សឹង សែនករុណា​ បាន​ប្រាប់​កាសែត​The Cambodia Daily​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ លោក​ចង់​ឃើញ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ស្វែង​រក​មុខ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ករណី​ផ្ទុះ​អំពើ​ហិង្សា​នៅ​ខេត្ត​ព្រះ​សីហនុ​កាល​ពីខែ​មករា​កន្លង​ទៅ​ដើម្បី​ពិនិត្យ​លទ្ធភាព​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​ទង្វើ​ដែល​ពួក​គេ​បាន​ធ្វើ។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​សឹង សែនករុណា​គាំទ្រ​ចំណាត់​ការ​របស់​លោក​ហ៊ុន សែន​ដែល​ហ៊ាន​អា​កាត់​មន្រ្តី​របស់​ខ្លួន​ដែល​ប្រើ​តួនាទី​ជា​អ្នក​មាន​អំណាច​ទៅ​រំលោភ​សិទ្ធិ​ពលរដ្ឋ។​

ជាង​នេះ​ទៅទៀត​លោក​ចង់​ឃើញ​របប​លោក​ហ៊ុន សែន​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ។​

​ការ​លើក​ឡើង​របស់​លោក​សឹង សែនករុណា​ធ្វើ​ឡើង​បន្ទាប់​ពីលោក​ហ៊ុន សែន ​កាល​ពី​ព្រឹកមិញ​បាន​ចេញ​អនុក្រឹត្យ ​ដក​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ពីរ​រូប​ឈ្មោះ ​លោក​ស្រ៊ុន ស្រ៊ន់​និង​ឈ្មោះ​ផៃ ប៊ុនវណ្ណៈ​ចេញ​ពី​តំណែង​ករណី​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ។ ​លោក​ហ៊ុន សែន​បាន​សរសេរ​នៅ​លើ​ហ្វេសបុក​លោក​ថា ​ការ​ដក​អភិបាល​រង​ខេត្ត​ពីរ​នាក់​នេះ ​គឺ​ជា​ការ​អនុវត្ត​អភិក្រម​ទី​៥​របស់​លោក​ដោយ​លោក​ថា ​ចាប់​ពី​ពេល​នេះទៅ​ លោក​មិន​ចាំបាច់​និយាយ​ច្រើន​ជា​មួយ​មន្ត្រី​ខិល​ខូច​ទៀត​ទេ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ដើរ​ទៅ​មុខ​ទៀត​បាន។​

កាល​ពី​ថ្ងៃទី​២៤​ខែ​មករា​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ លោក​ហួត វិចិត្រ​និង​អភិបាល​រង​ខេត្ត​គឺ​លោក​ផៃ ប៊ុនវណ្ណៈ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ជាច្រើន​រយ​នាក់​ ចុះ​អនុវត្ត​សាលដីកា​វាស់​វែង​ដី​ឱ្យ​អ្នកស្រី​ហុង សួន​ ជា​ភរិយា​របស់​លោក​ឧកញ៉ា​ស៊ីវ គង់ទ្រីវ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពល​រដ្ឋ។​ ហេតុ​ការណ៍​បាន​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ហើយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង​១​គ្រាប់​រង​គ្រោះ​ជា​ទម្ងន់។​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អះអាង​ថា​ បុរស​រូប​នោះ​អាច​ពិការ​អស់​មួយ​ជីវិត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស