26 C
Phnom Penh

មន្រ្តី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ យ៉ាងហោច​ណាស់​មាន​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​៤នាក់​​កំពុង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​មួយ​រូប​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម​ម្នាក់​ខេត្ត​រតនគិរី​ម្នាក់​ និង​មន្រ្តី​ថ្នាក់​ជាតិ​ពីរ​នាក់​ជា​ត្រកូល​អ៊ូ ​បាន​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​កាលពី​ពេល​ថ្មីៗ​នេះ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រភព​ដដែល​នៅ​មិន​ទាន់​អាច​បញ្ជាក់​​ឱ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ថា ​តើ​មន្រ្តី​ទាំង​នោះ​ មាន​ឈ្មោះ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​អ៊ូ ចាន់រ័ត្ន​បាន​ប្រាប់​សា​រ​ព័ត៌មាន​ The Cambodia Daily​តាម​ទូរស័ព្ទ​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ លោក​មិន​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហា​ផ្ទៃ​នោះ​ឡើយ។​ ប៉ុន្តែ​លោក​អះអាង​ថា​ លោក​ធ្លាប់​ស្នើ​ជា​សាធារណៈ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​រៀបចំ​នីតិវិធី​ជា​បញ្ជី​ក្នុង​ការ​សើ្ន​សុំ​ទៅ​ព្រះ​មហា​ក្សត្រ​ឲ្យ​ដក​បម្រាម​សិទ្ធិ​ធ្វើ​នយោបាយ​ ចំពោះ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ឡាយ​ណា​ដែល​មិន​ជាប់​បណ្តឹង​នៅ​ក្នុង​តុលាការ។ ​

លោក​បន្ត​ថា​ មន្រ្តី​ដែល​ជាប់​បម្រាម​សិទ្ធិ​ធ្វើ​នយោបាយ​ភាគ​ច្រើន​កំពុង​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ទាំង​ក្នុង​គណបក្ស​ សម្ពាធ​ពី​មេ​ដឹក​នាំ​បក្ស​ និង​សម្ពាធ​ពី​ប្រជា​ពលរដ្ឋ ​និង​សម្ពាធ​ពី​ក្រុម​បក្ស​កាន់​អំណាច​ដែល​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

រហូត​មក​ទល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​មន្រ្តី​ជាន់​ខ្ពស់​បី​រូប​ហើយ​ដែល​បាន​ដាក់​ពាក្យ​សើ្នសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្រោយ​ពី​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហាម​មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​នេះ​ចំនួន​១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​កាលពី​ចុង​ឆ្នាំ​២០១៧។​

មន្ត្រី​ជាន់ខ្ពស់​ទាំង​បី​រូប​នោះ​រួម​មាន ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​គង់ គាំ​និង​កូន​ប្រុស​លោក​គឺ​លោក​គង់ បូរ៉ា ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​និង ​សមាជិក​គណកម្មការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស៊ីម សុវណ្ណនី។​

កាលពី​ថ្ងៃ​ទី​៣​មករា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​សម រង្ស៊ី ​បាន​ព្រមាន​ថា​ រាល់​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ណាដែល​ហ៊ាន​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​គឺ​មាន​ន័យ​ថា​ ពួក​គេ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ក្បត់​បក្ស ឬ​ជា​ការ​ទទួល​ស្គាល់​ថា​ ការ​ចាប់​ខ្លួន​លោក​កឹម សុខា​និង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ជា​ទង្វើ​ត្រឹមត្រូវ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស