លោកហ៊ុន សែនបានព្រមានសារជាថ្មីថា លោកនឹងមិនចរចាដើម្បីលើកលែងទោសដល់ប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខានោះឡើយដោយថា សំណុំរឿងនេះមិនមែនជារឿងនយោបាយទេប៉ុន្តែវាជារឿងច្បាប់ដែលតុលាការនឹងបន្តការកាត់ក្តីនៅពេលបញ្ចប់ការស៊ើបអង្កេត។
ការព្រមានរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងអំឡុងពេលលោកថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ លូ នៅរាជធានីភ្នំពេញកាលពីព្រឹកមិញ។
លោកហ៊ុន សែន ក៏បានព្រមានបិទទ្វារក្នុងការផ្ដល់សិទ្ធិធ្វើនយោបាយដល់ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំងដទៃទៀតដែលពុំទាន់បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ត្រឹមមុន ឬក្រោយចូលឆ្នាំខ្មែរយ៉ាងយូរ។ មិនតែប៉ុណ្ណោះ លោកបានទទូចហើយទទូចទៀតជាច្រើនដងក្នុងរូបភាពគំរាមផង លួងលោមផងនៅព្រឹកនេះឱ្យមន្ត្រីគណបក្សសង្រ្គោះជាតិដែលជាប់បម្រាមទាំងអស់ឱ្យប្រញាញ់មកសុំសិទ្ធិធ្វើនយោបាយឡើងវិញ បើមិនដូច្នេះទេពួកគេនឹងបាត់បង់ឱកាសក្នុងការធ្វើនយោបាយមិនខាន។
ជាងនេះទៅទៀត លោកហ៊ុន សែនក៏បានគំរាមវាយខ្នោះមន្ត្រីទាំងនោះ ប្រសិនបើពួកគេហ៊ានធ្វើសកម្មភាពនយោបាយណាមួយខណៈខ្លួនមិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។
ចាប់តាំងពីរដ្ឋសភាឯកបក្សរបស់លោកហ៊ុន សែនបានកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយដែលបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង១១៨អាចវិលត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញនោះមក គេឃើញមានតែ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតបក្សប្រឆាំង៣រូបប៉ុណ្ណោះ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្រុមអ្នកឃ្លាំមើលនិយាយថា លោកហ៊ុន សែនបរាជ័យក្នុងការទាក់ទាញឱ្យមន្ត្រីបក្សប្រឆាំងដែលជាប់បម្រាមទាំងនោះ មកសុំសិទ្ធិធ្វើនយោបាយឡើងវិញហើយដែលធ្វើឱ្យគម្រោងកែប្រែច្បាប់គណបក្សនយោបាយថ្មីនោះក៏ត្រូវបរាជ័យដែរ៕