38.8 C
Phnom Penh

លោក​ស ខេង​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​សហការ​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ខណៈ​ការ​ចុះ​បំពេញ​ការងារ​កន្លង​មក​មាន​ការ​រារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​បាន​ណែនាំ​ឲ្យ​អភិបាល​ខេត្ត​ រាជធានី​ទាំង​អស់​ ត្រូវ​ផ្ដល់​កិច្ច​សហ​ការ​ល្អ​ដល់​ការ​ចុះ​បំពេញ​បេសក​កម្ម​ការងារ​​របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ដែលជា​ស្ថាប័ន​មួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​លោក​ហ៊ុន សែន​ជា​អ្នក​បង្កើត​ឡើង​សម្រាប់​បង្គ្រប់​កិច្ច​និង​លំអ​ឆាក​ប្រជា​ធិបតេយ្យ​ជំនួស​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។​

លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ហើយ​ដែល​សារ​ព័ត៌មាន​The Cambodia Daily​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា​ លោក​ស ខេង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត ​រាជធានី​ទាំងអស់​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ ​ចំពោះ​ការ​អនុវត្ត​ភារ​កិច្ច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ដើម្បី​ឱ្យ​ស្របតាម​ដំណើរ​ការ​អនុវត្ត​ច្បាប់​ និង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាំង​នៅ​ថ្នាក់​ជាតិ ​និង​ថា្នក់​ក្រោម​ជាតិ ​ព្រម​ទាំង​ផ្ដល់​អនុសាសន៍​កែ​លំអ​ភាព​អសកម្ម ​និង​ភាព​មិន​ប្រក្រតី។​

លើស​ពី​នេះ ​លោក​ស ខេង​បាន​ណែនាំ​ថា​ ធ្វើ​យ៉ាង​ណាឱ្យ​ដំណើរ​ការ​បំពេញ​បេសក​កម្ម​របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​ស្រប​តាម​កម្ម​វិធី​ដែល​បាន​គ្រោង​ទុក​និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។​

កន្លង​មក​ គេ​សង្កេត​ឃើញ​ថា​ ការ​ចុះ​បំពេញ​បេសក​កម្ម​របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​មួយ​នេះ​តែង​រង​ការ​រារាំង​និង​ការ​រំខាន​ពី​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន។​

ជាក់​ស្តែង​ក្នុង​វិវាទ​ដី​ធ្លី ​នៅ​ខេត្ត​ព្រះ​សីហនុ​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​លោក​ សុខ សុវណ្ណវឌ្ឍនា សាប៊ុង​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​រារាំង​មិន​ឱ្យ​ចូល​ទៅ​កាន់​ដី​ទំនាស់ ​ឬ​ទីតាំង​មាន​បញ្ហា​ ដូច​ជា​មិន​ឱ្យ​ចូល​ទៅ​កាន់​ទីតាំង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នៅ​ព្រែក​ត្រែង ​ក្នុង​ស្រុក​ស្ទឹងហាវ ​ដែល​ម្ចាស់​កម្ម​សិទ្ធិ​ឈ្មោះ ​ជឹង សុភាព​ហៅ​យាយ​ភូ​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​ភរិយា​លោក​ហ៊ុន សែន។​

បន្ថែម​ពី​នេះ​ ​កាលពី​ខែ​មករា​ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដដែល​ក៏បាន​ដាក់​គ្រឿង​ចក្រ ​និង​រថយន្ត​ជាច្រើន​គ្រឿង​រារាំង​មិន​ឱ្យ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដដែល​នេះ​ចូល​ទៅ​កាន់​ទីតាំង​ដី​ទំនាស់​នៅ​ភូមិ​គគីរ​ ​ឃុំ​អូរ​ត្រេះ ​ស្រុក​ព្រៃ​នប់​ជាដើម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស