30 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​ថា ​ករណី​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មាន​តិច​ដោយ​សារ​តែ​លោក​សម រង្ស៊ី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​កម្ពុជា​លោក​ប្រាក់ សុខុន​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សកម្ម​ភាព​របស់​មន្ត្រី​នយោបាយ​គណបក្ស​សង្រ្គោះ​ជាតិ​ជាប់​បម្រាម​​ ព្រោះ​ពួក​គេ​ចំនួន​តិចតួច​ប៉ុណ្ណោះ​មក​សុំ​សិទ្ធិ​ពី​លោក​ហ៊ុន សែន​ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ។​មិន​តែ​ប៉ុណ្ណោះ ​លោក​ក៏​ខក​ចិត្ត​ផង​ដែរ​ចំពោះ​វិធាន​ការ​ឈាន​ទៅ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហ​ភាព​អឺរ៉ុប​សម្រាប់​កម្ពុជា។​

ថ្លែង​ក្នុង​ពិធី​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៩​នៅ​ទីស្តី​ការ​ក្រសួង​ការ​បរ​ទេស​កាលពី​ព្រឹកមិញ​លោក​ប្រាក់​ សុខុន​អះអាង​ថា ​របប​លោក​ហ៊ុន សែន​បាន​ខិតខំ​ស្ដារ​លទ្ធិ​​ប្រជា​ធិបតេយ្យ​ឡើង​វិញ​តាម​រយៈ​ការ​កែ​ច្បាប់​បើក​ផ្លូវ​ឲ្យ​អ្នក​ជាប់​បម្រាម​របស់​តុលាការ​អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​រូប​នេះ​បាន​ថ្លែង​ការ​ពារ​របប​ក្រុង​ភ្នំពេញ​ថា ​ ការ​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ​គឺ​គ្រាន់តែ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ហើយ​លោក​ក៏​បាន​ចោទ​លោក​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​ផ្ញើរសារ​គំរាម​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​របស់​តុលាការ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​ឡើយ។​

លោក​បន្ត​ថា​ ប្រសិន​បើ​គ្មាន​ការ​គំរាម​និង​ទប់​ស្កាត់​ពី​លោក​សម រង្ស៊ី​ទេ​ ម៉្លេះ​មន្ត្រី​ជាប់​បម្រាម​ទាំង​អស់​នឹង​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន ​តែ​ម្តង។​

កាលពី​ថ្ងៃ​ម្សិលមិញ​លោក​ហ៊ុន សែន ​បាន​ព្រមាន​បិទ​ទ្វារ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ក្រុម​​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ដទៃ​ទៀត​ដែល​ពុំ​ទាន់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ត្រឹម​មុន​ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​យូរ​ហើយ​ថែម​ទាំង​គំរាម​វាយ​ខ្នោះ​មន្ត្រី​ទាំង​នោះ​ប្រសិន​បើ​ពួក​គេ​ហ៊ាន​ធ្វើ​សកម្ម​ភាព​នយោបាយ​ណា​មួយ​ ខណៈ​ពួក​គេ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ពី​លោក​​ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​នោះ។​

ប៉ុន្តែ​លោក​សម រង្ស៊ី ​ប្រធាន​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​តែង​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ​ការ​ទៅ​សុំ​សិទ្ធិ​ពី​លោក​ហ៊ុន សែន​ដើម្បី​បាន​ធ្វើ​នយោបាយ​ឡើង​វិញ​គឺ​មាន​ន័យ​ថា​ ពួកគេ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ក្បត់​បក្ស​ ក្បត់​ឆន្ទៈ​រាស្រ្ត​និង​ជា​ការ​ទទួល​ស្គាល់​ថា​ ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ជា​ទង្វើ​ត្រឹមត្រូវ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស