មេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុន សែននៅថ្ងៃនេះបានបញ្ជាជាថ្មីទៀតឱ្យក្រសួងយុត្តិធម៌និងក្រសួងកិច្ចការនារី ពិនិត្យលទ្ធភាពក្នុងលើកលែងទោសស្ត្រីមួយចំនួនដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនាខួបលើកទី១០៨នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីព្រឹកមិញ លោកហ៊ុន សែនបានបញ្ជាឱ្យ ក្រសួងយុត្តិធម៌និងក្រសួងកិច្ចការនារី ពិភាក្សាគ្នាដើម្បីពិនិត្យមើលស្រ្តីជាប់ទោសណាខ្លះដែលអាចទទួលការលើកលែងទោស។
លោកថា នេះគឺជាគោលដៅទី១ ឯគោលដៅទី២ គឺសម្រាប់ស្រ្តីដែលជាពិរុទ្ធជនមិនទាន់ទទួលបានការកាត់ទោសដោយសារតែខ្វះមេធាវីដូច្នេះក្រសួងទាំងពីរត្រូវតែជំរុញដោះស្រាយលើបញ្ហានេះ។ លើសពីនេះ លោកថា ចំពោះទណ្ឌិតជាស្រ្តីគប្បីទទួលបានការសម្រាលទោសឬលើកលែងទោស គឺមិនចាំបាច់រង់ចាំដល់ពេលបុណ្យទានទេ។
កាលពីខែកុម្ភៈ លោកហ៊ុន សែនបានជំរុញឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យមើល និងពន្លឿននីតិវិធីតុលាការសម្រាប់ដោះស្រាយបញ្ហាជនជាប់ឃុំជាស្ត្រីដើម្បីឈានទៅដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ ព្រោះលោកថា ស្ត្រីកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងពន្ធនាគារ។
អង្គការសង្គមស៊ីវិលគាំទ្រចំពោះការលើកឡើងនេះ។ ពួកគេអះអាងថា ស្ត្រីដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារមួយចំនួន ពិសេសស្ត្រីមានកូនតូចនៅជាមួយនិងស្ត្រីដែលកំពុងមានផ្ទៃពោះ ពិតជាមានបញ្ហាប្រឈមច្រើនមែន។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូមានចំណងជើងថា«ពេលដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់»កាលពីចុងឆ្នាំ២០១៨បានធ្វើការងារទៅលើពន្ធនាគារចំនួន១៨កន្លែងក្នុងចំណោមពន្ធនាគារចំនួន២៨កន្លែងនៅទូទាំងប្រទេសនិងបានរកឃើញថា ក្នុងចំណោមអ្នកជាប់ឃុំចំនួនជាង២ម៉ឺននាក់(២៥ ៩២៦) មានអ្នកជាប់ឃុំជាស្ត្រីជាង២ពាន់នាក់(២ ២៤៣) ហើយប្រមាណពាក់កណ្តាលនៃស្ត្រីដែលបានជាប់ឃុំទាំងនោះ គឺមិនទាន់ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសជាក់លាក់ណាមួយនៅឡើយទេ។
របាយការណ៍នេះបញ្ជាក់ថា ក្នុងចំណោមស្ត្រីជាប់ឃុំ ទាំងអស់ មានស្ត្រីមានផ្ទៃពោះមានចំនួន៣០នាក់និងមានស្ត្រីចំនួន១៣៥នាក់ កំពុងជាប់ឃុំជាមួយកូនតូចដែលមានអាយុក្រោម៣ឆ្នាំចំនួន១៣៨នាក់៕