37.6 C
Phnom Penh

សារ​ព័ត៌មាន​បរទេស​លើក​ឡើង​ថា​ ខេត្ត​កោះកុង​ជា​គោល​ដៅ​ និង​ជា​មូលដ្ឋាន​កងទ័ព​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារ​ព័ត៌មាន​អន្តរជាតិ​មួយ​បាន​លើក​ឡើង​ថា​ លទ្ធភាព​កសាង​មូលដ្ឋាន​កងទ័ព​ចិន​នៅ​តែ​អាច​កើត​ឡើង​ ដោយ​មិនមែន​ជា​តំបន់​គោលដៅ​ទេសចរ​ចិន​នោះ​ឡើយ។​ សារ​ព័ត៌មាន​THIS WEEK IN ASIA​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ ដោយ​ដាក់​ចំណង​ជើង​ចោទ​ជា​សំណួរ​ថា ​តើ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ឬ​មួយ​ជា​មូលដ្ឋាន​យោធា​របស់​ចិន?​

សារ​ព័ត៌មាន​នេះ​លើក​ឡើង​ថា​ វាជា​រឿង​ធម្មតា​ទេ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​មាន​បំណង​ទាក់ទាញ​អ្នក​ទេសចរ​ចិន​ដែល​ចំណាយ​ប្រាក់​ច្រើន​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ដោយ​ការ​សន្យា​កសាង​តំបន់​កាស៊ីណូ​ កន្លែង​វាយ​កូន​ហ្គោល​និង​តំបន់​រមណីយ​ដ្ឋាន​ប្រណីត​ជាដើម។​

កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៤​ម៉ឺន​៥​ពាន់​ហិកតា ​ក្នុង​ខេត្ត​កោះកុង​ស្មើ​នឹង​ប្រមាណ​២០%​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​របស់​ចិន​ឈ្មោះ​Union Development Group​(UDG)​រយៈ​ពេល​៩៩​ឆ្នាំ​ ដើម្បីអ​ភិវឌ្ឍន៍​ទៅជា​តំបន់​ទេសចរណ៍​និង​តំបន់​ពាណិជ្ជ​កម្ម។​

យ៉ាងណាក៏ដោយ​ អ្នក​ឃ្លាំ​មើល ​និយាយ​ថា ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ល្អ ​ប៉ុន្តែ​ពួកគេ​សង្ស័យ​ថា​ នឹង​មាន​រឿង​នៅ​ពី​ក្រោយ​ដែល​ផ្តល់​ប្រយោជន៍​មួយ​ទៀត​ដ៏​ធំ​សម្រាប់​ចិន​ជាពិសេស​ទាក់​ទង​នឹង​ផល​ប្រយោជន៍​មូល​ដ្ឋាន​យោធា​ចិន​តែ​ម្តង។​

ការ​សង្ស័យ​បែប​នេះ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ក្រោយ​ពី​មាន​ការ​បញ្ចេញ​រូបភាព​តាម​ផ្កាយ​រណប​តាម​រយៈ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដែល​បង្ហាញ​ថា ​ផ្លូវ​សម្រាប់​ព្រលាន​យន្តហោះ​នៅ​តំបន់​នេះ​មាន​ប្រវែង​វែង​ជាង​ផ្លូវ​នៅ​ព្រលាន​យន្តហោះ​ស៊ីវិល​ពិសេស​ធំ​ជាង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ទៀត។​

អ្នក​វិភាគ​និង​អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ ​និង​យុទ្ធ​សាស្ត្រ​អន្តរជាតិ​មួយ​ចំនួន​ដែល​សារ​ព័ត៌មាន​នេះ​បាន​ដក​ស្រង់​សម្តី​សុទ្ធ​តែ​បង្ហាញ​មតិ​ស្រដៀង​គ្នា​ថា ​លទ្ធភាព​បង្កើត​មូលដ្ឋាន​យោធា​ចិន​ក្នុង​ទឹក​ដី​ខេត្ត​កោះកុង​ពិតជា​អាច​កើត​មាន​ឡើង ​ដ្បិត​មាន​រូបភាព​មួយ​ចំនួន​បាន​លេច​ឡើង​ដូច​ជា​ការ​កសាង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ​ដែល​អាច​ឱ្យ​នាវា​ធំៗ ​ឬ​នាវា​យោធា​ចិន​ចុះ​ចត​បាន។​ ពួកគេ​និយាយ​ថា​ ការ​សាង​សង់​ព្រលាន​យន្តហោះ​ធំ​នេះ​អាច​បម្រើ​ផល​ប្រយោជន៍​យោធា​ច្រើន​ជាង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស។​

ប្រភព​ដដែល​លើក​ឡើង​ថា​ រយៈ​ពេល​៩៩​ឆ្នាំ​ជា​ពេលដ៏​យូរ​នៃ​ការ​ផ្តល់​ដី​សម្បទាន​នេះ​ដោយ​អាច​ផ្តល់​លទ្ធភាព​ដល់​ចិន​តាំង​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួន​ជា​អចិន្ត្រៃយ៍​ទៀត​ផង។​

ក្រុម​អ្នក​វិភាគ​ក៏​បាន​ប្រៀប​ធៀប​ថា ​ការ​បើក​ដៃ​ឱ្យ​ចិន​វិនិយោគ​នៅ​ខេត្ត​កោះកុង​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​វិនិយោគ​របស់​ចិន​នៅ​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ស្រីសង្កា​​​ភូមា ​និង​ប៉ាគីស្ថាន​ជាដើម​ ហើយ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ​គ្មាន​លទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយ​បំណុល​ ចិន​ ​ប្រទេស​នោះ​ ក៏​បាន​កាត់​កំពង់​ផែ​របស់​ខ្លួន​ប្រគល់​ទៅឱ្យ​ចិន​គ្រប់​គ្រង​តែ​ម្តង។​

ពួក​គេបាន​លើក​ឡើង​ថា ​ប្រសិន​បើ​មូលដ្ឋាន​យោធា​ចិន​មាន​វត្តមាន​នៅ​កម្ពុជា​នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ដល់​ប្រទេស​ក្នុង​តំបន់​ពិសេស​បញ្ហា​ចម្រូង​ចម្រាស​ដែល​កំពុង​កើត​មាន ​ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។​ មិន​តែ​ប៉ុណ្ណោះ ​បញ្ហា​នេះ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​ចិន​ និង​អាមេរិក​មានការ​រង្គោះ​រង្គើ​ក្នុង​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ផង​ដែរ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​កាលពី​ចុង​ឆ្នាំ​២០១៨​ និង​ដើម​ឆ្នាំ​នេះ ​លោក​ ហ៊ុន សែន​ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុង​ភ្នំពេញ​បាន​ច្រាន​ចោល​ព័ត៌មាន​នៃ​លទ្ធភាព​កសាង​មូល​ដ្ឋាន​ទ័ព​ចិន​នៅក​ម្ពុជា ​ដោយ​ថា ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​ ឬ​មូលដ្ឋាន​យោធា​បរទេស​ណា​មួយ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ។ ​

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ សារ​ព័ត៌មាន​បរទេស​ The Asian Times ​បាន​ចុះ​ផ្សាយ ​ថា ​ ចិន​កំពុង​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា​ធ្វើ​ជាមូលដ្ឋាន​យោធា​ដើម្បី​ការពារ​ផល​ប្រយោជន៍​យុទ្ធ​សាស្ដ្រ​នយោបាយ ​ពាណិជ្ជ​កម្ម ​និង​យោធា​ក្នុង​តំបន់​ ដែល​ អាច​ឈាន​ទៅ​បង្កើត​ជា​សង្គ្រាម​ត្រជាក់​រវាង​ចិន ​និង​សហ​រដ្ឋ​អាមេរិក​ក្នុង​ទឹកដី​មួយ​នេះ​ផង​ដែរ។​

មន្ត្រី​ជាន់ខ្ពស់ ​និង​ឯក​អគ្គ​រដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិក​ចប់​អាណត្តិ​លើក​ឡើង​អំពី​ក្តី​បារម្ភ​ចំពោះ​លទ្ធភាព​មូលដ្ឋាន​យោធា​បរទេស​ ដោយ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​ ក្នុង​ទឹកដី​កម្ពុជា​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស