ចំនួនកុមារមានជំងឺគ្រុនឈាម ដែលបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរគន្ធបុប្ផាខេត្តសៀមរាបមានការកើនឡើងគួរឱ្យព្រួយបារម្ភ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ភ្នាក់ការសារព័ត៌មានកម្ពុជាAKPបានដកស្រង់សម្តីលោកឃុន លាងឃុន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្មន័ទី៧ខេត្តសៀមរាបចុះផ្សាយនៅថ្ងៃនេះថា កាលពីខែមករាឆ្នាំ២០១៨កុមារមានជំងឺគ្រុនឈាមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះមានប្រមាណ៥០នាក់ប៉ុណ្ណោះប៉ុន្តែសម្រាប់ខែមករាឆ្នាំ២០១៩នេះ ចំនួនកុមារដែលកើតជំងឺគ្រុនឈាមមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាបមានចំនួនជាង៦រយនាក់(៦៥០)នាក់។
ប្រភពដដែលបញ្ជក់ថា កុមារដែលមានជំងឺគ្រុនឈាម ហើយបានមកសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ ភាគច្រើនមានស្ថានភាពធ្ងន់ធ្ងរ ដោយថា ករណីខ្លះស្ទើរតែជួយសង្គ្រោះមិនបានទៀតផង។
លោកឃុន លាងឈុនក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ ឬមាតាបីតាសិស្សត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះប្រសិនបើឃើញកូនរបស់ពួកគាត់ក្តៅខ្លួនខ្លាំងក្នុងរង្វង់ពី៣៩ ទៅ៤០អង្សាសេ ហើយប្រើថ្នាំ Paracetamol មិនត្រជាក់នោះ ពួកគេត្រូវប្រញាប់បញ្ជូនក្មេងទាំងនោះមកកាន់មន្ទីរពេទ្យជាបន្ទាន់។
ក្រសួងសុខាភិបាលធ្លាប់ប្រកាសថា ឆ្នាំ២០១៨កន្លងទៅគឺជាឆ្នាំដែលមានការរាតត្បាតខ្លាំងនៃជំងឺគ្រុនឈាម។ ក្រសួងមួយនេះបានលើកឡើងថា ស្ថានភាពជំងឺគ្រុនឈាមនិងមានការរាតត្បាតខ្លាំងនៅរៀងរាល់៥ទៅ៦ឆ្នាំម្តង។ ក្រសួងសុខាភិបាលក៏ធ្លាប់ជំរុញឲ្យភាគីពាក់ព័ន្ធគ្រប់គ្រងស្ថានភាពជំងឺនេះ ហើយចាត់វិធានការជាបន្ទាន់។ ជំងឺគ្រុនឈាមជាជំងឺដែលត្រូវបានចម្លងពីអ្នកដែលមានជំងឺទៅមនុស្សម្នាក់ទៀត ដោយសារមូសខ្លាញីខាំ។
ក្រសួងដដែលនេះបានណែនាំពីវិធីការពារមួយចំនួនដល់ពលរដ្ឋថា ត្រូវកម្ចាត់ជម្រកមូសខ្លានៅជុំវិញផ្ទះរបស់ខ្លួន។ លើសពីនេះ ក្នុងករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវជៀសវាងការប្រើប្រាស់ពពួកឱសថអាស្ពីរីន ហើយត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅរកសេវាពិនិត្យ ដែលនៅជិតបំផុតបន្ទាប់ពីក្ដៅខ្លួន ដោយមិនឱ្យហួសពី៧២ម៉ោងនោះឡើយ៕