ក្រសួងមហាផ្ទៃបានសម្រេចបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទទាំងអស់នៅក្នុងមណ្ឌលអប់រំកែប្រែនិងពន្ធនាគារទូទាំងប្រទេសចាប់ពីថ្ងៃទី៤មីនាតទៅ។ អគ្គនាយដ្ឋានពន្ធនាគារបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងទៅតាមបញ្ជារបស់លោកហ៊ុន សែនដើម្បីទប់ស្កាត់បទល្មើសចាប់ជំរិតនិងបញ្ហាផ្សព្វផ្សាយគ្រឿងញៀន។
សេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៤ខែមីនា ហើយដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបាននៅថ្ងៃនេះឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាទៅប្រធានមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ឲ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ និងការលួចលាក់ប្រើប្រាស់ទូរស័ព្ទពីសំណាក់ជនជាប់ឃុំនៅក្នុងពន្ធនាគារ។
លើសពីនេះត្រូវបង្កើនការបង្ការ ទប់ស្កាត់រាល់ការលួចលាក់នាំ ទូរស័ព្ទចល័តចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ហើយត្រូវពង្រឹងការត្រួតពិនិត្យ ឆែកឆេរ ដកហូតទូរស័ព្ទក្នុងមណ្ឌលអប់រំកែប្រែនិងពន្ធនាគារផងដែរ។
ក្នុងករណីរកឃើញទូរស័ព្ទដែលបម្រុងនាំចូលឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារ ត្រូវធ្វើកំណត់ហេតុដកហូតរក្សាទុកនិងចាត់វិធានការតាមច្បាប់ ឬដាក់ពិន័យតាមបទបញ្ជាផ្ទៃក្នុងចំពោះជនប្រព្រឹត្តបទល្មើសទៀតផង។
កាលពីដើមឆ្នាំ២០១៨ លោកហ៊ុន សែនធ្លាប់ព្រមានដកប្រធានគុកព្រៃស និងមន្ត្រីប៉ូលិសនៅទីនោះចោលទៀតផង ដោយថា បានអនុញ្ញាតឲ្យមន្ត្រីបក្សសង្រ្គោះជាតិម្នាក់ដែលកំពុងជាប់ឃុំនៅពេលនោះគឺលោកមាជ សុវណ្ណារ៉ាអាចប្រើទូរសព័្ទបាននៅក្នុងពន្ធនាគារទាក់ទងទៅខាងក្រៅបាន។
ក្រៅពីរឿងនេះ លោកហ៊ុន សែនធ្លាប់បានបង្ហើបថា មានជនជាប់ឃុំមួយចំនួនអាចប្រើប្រព័ន្ធទូរស័ព្ទក្នុងពន្ធនាគារដើម្បីបញ្ជាមកខាងក្រៅដើម្បីប្រព្រឹត្តបទល្មើសបន្ថែមទៀត ដូចការជួញដូរគ្រឿងញៀនជាដើម៕