អ្នកស្រីឡុង គឹមហ៊ាងភរិយារបស់លោករ៉ាត់ រត្នមុនីដែលជាអ្នកបកប្រែឲ្យខ្សែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» អះអាងថា អ្នកស្រីនៅតែបន្តធ្វើការតវ៉ាទាមទារឲ្យមានការដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញ ទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ។
អ្នកស្រីឡុង គឹមហ៊ាងបានប្រាប់សារព័ត៌មាន The Cambodia Dailyនៅមុនការផ្សាយនេះបន្តិចថា បើទោះបីជាមានការគំរាមកំហែងគ្រប់រូបភាពទៅលើអ្នកគាំទ្រមិនឲ្យមកចូលរួមជាមួយក្តី ក៏អ្នកស្រី និងកូនប្រុសតូចរបស់អ្នកស្រីនៅតែបន្តតវ៉ាទាមទារឲ្យស្ថានទូតរុស្ស៊ីធ្វើអន្តរាគមន៍ដោះលែងប្តីអ្នកស្រីដដែល។
អ្នកស្រីប្តេជ្ញាថា អ្នកស្រីនឹងបន្តការតវ៉ាជាលើកទី៩ នៅមុខស្ថានទូតរុស្ស៊ីនៅព្រឹកស្អែកវេលាម៉ោង៨ថ្ងៃទី១៣ខែមីនាតាមការកំណត់។
មេដឹកនាំសហព័ន្ធសហជីពសំណង់កម្ពុជា លោករ៉ាត់ រត្នមុនីត្រូវបាន សមត្ថកិច្ចថៃចាប់ខ្លួន និងបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ កន្លងទៅពាក់ព័ន្ធនឹងការចូលរួមផលិតខ្សែភាពយន្តឯកសារ«ម្ដាយខ្ញុំលក់ខ្ញុំ»របស់បណ្តាញទូរទស្សន៍Russia Todayដែលនិយាយអំពីខ្សែជីវិតពិតរបស់ស្ត្រីនិងម្តាយនៅកម្ពុជាមួយចំនួនបានលក់កូនស្រីរបស់ខ្លួនឲ្យបម្រើផ្លូវភេទដើម្បីជីវភាពរស់នៅរបស់ពួកគេ។ លោករ៉ាត់ រត្នមុនីត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ធ្វើឲ្យមានការរើសអើង ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស៕