28.4 C
Phnom Penh

លោក​ហ៊ុន សែន​ត្រៀម​ប្តឹង​លោក​សម រង្ស៊ី​បន្ថែម​ទៀត​ករណី​ប្រមាថ​ជីវិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ ​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ​គំរាម​ថា ​លោក​នឹង​មិន​អត់​ឱន​ចំពោះ​អ្នក​ដែល​ប្រមាថ​អាយុ​ជីវិត​របស់​លោក​ឡើយ​ដោយ​លោក​នឹង​ត្រៀម​ប្តឹង​ទៅ​ជន​នោះ​បន្ថែម​ទៀត​ដើម្បី​រឹបអូ​សទ្រព្យ​សម្បត្តិ​ជា​ថ្នូរ​នឹង​សំណង​ដែល​លោក​ទាមទារ​ចំនួន​២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​កម្មករ​នៅ​ខេត្ត​កោះកុង ​នា​ថ្ងៃ​នេះ ​ លោក​ហ៊ុន សែន​ព្រមាន​ថា​​ លោក​បាន​ប្រាប់​មេធាវី​របស់​លោក​រួច​ហើយ​ឲ្យ​រៀបចំ​ភ័ស្តុង​តាង​ដែល​ប្រមូល​បាន​លើ​បណ្តាញ​សង្គម​ដើម្បី​ប្តឹង​ទៅ​តុលាការ​ទាក់​ទិន​នឹង​ការ​ជេរ​ប្រមាថ​រូប​លោក​ពី​សំណាក់​អ្នក​នយោបាយ​មួយ​រូប​ ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ។​

ទោះបី​ជា​មិន​បាន​បញ្ចេញ​ឈ្មោះក៏​ដោយ ​ប៉ុន្តែ​គេ​ដឹង​ថា​ លោក​ហ៊ុន សែន​សំដៅ​ទៅ​ដៃ​គូ​ប្រជែង​អំណាច​ចាស់​វស្សា​របស់​ខ្លួន​គឺ​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​តែ​ម្តង។​

លោក​ហ៊ុន សែន​អះអាង​ថា​ មក​ដល់​ពេល​សំណុំ​រឿង​ប្តឹង​ដៃ​គូ​ប្រជែង​ផ្នែក​នយោបាយ​របស់​លោក​គឺ​មាន​ចំនួន​៣២​បណ្តឹង​ហើយ ​ហើយ​មេ​ដឹកនាំ​របប​នេះ ​ក៏​ត្រៀម​ខ្លួន​ដើម្បី​ប្រមូល​ភ័ស្តុតាង​ប្រឆាំង​លោក​សម រង្ស៊ី​ដែល​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​បន្ថែម​ទៀត។​

ចំណែក​ការិយាល័យ​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ត្រៀម​កម្លាំង​និង​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​ការ​ប្រមាថ​ជីវិត​លោក​ហ៊ុន សែន។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​បញ្ជាក់​ថា​ របប​នេះ​មិន​អនុញ្ញាត​ជាដាច់​ខាត​នូវ​អំពើ​ឬ ​សកម្ម​ភាព​ញុះញង់​ និង​ប្រមាថ​អាយុ​ជីវិត​​លោក​ហ៊ុន សែន​ហើយវា​ជា​សកម្មភាព​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​ប្រ  ឆាំង​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ ហើយ​ថា​ អំពើ​ទាំង​នោះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សិទ្ធិ​នយោបាយ​ឬ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​ក៏បាន​ណែនាំ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​និង​គ្រប់​ជាន់​ថ្នាក់​មាន​កាតព្វ​កិច្ច​ការពារ​ដាច់​ខាត​តាម​ផ្លូវ​កម្លាំង​ ​ក៏​ដូច​ជា​ផ្លូវ​ច្បាប់​ជា​ធរមាន។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ លោក​សម រង្ស៊ី​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ថា ​លោក​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ការ​គំរាម​ប្តឹង​របស់​លោក​ហ៊ុន សែន​ដែល​ចង់​រឹប​អូស​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​សមរង្ស៊ី​អះអាង​ថា​ លោក​ហ៊ុន សែន​អាច​ធ្វើ​បាន​ទាំងអស់​តាម​ចិត្ត​ដែល​លោក​ចង់​ធ្វើ ​ហើយ​លោក​អាច​ចាប់​មនុស្ស​ណា​ដាក់​គុក​ក៏បាន​ដែរ។​ មេដឹក​នាំ​បក្ស​ប្រឆាំង​ និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ​អះអាង​ថា​ លោក​ហ៊ុន សែន​គួរ​ចោទ​ប្រកាន់​នរណា​ម្នាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពី​ប្រមាថ​អាយុ​ជីវិត​របស់​លោក​នេះ។​ លោក​បន្ត​ថា​ មាន​តែ​លោក​ហ៊ុន សែន​ទេ ​ដែល​តែង​គំរាម​សម្លាប់​ក្រុម​អ្នក​គាំទ្រ ​និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​កន្លង​មក​ ប៉ុន្តែ​គ្មាន​ច្បាប់​ណា​ហ៊ាន​នាំ​ខ្លួន​លោក​ហ៊ុន សែន​ យក​ទៅ​កាត់​ទោស​នោះ​ឡើយ។​

កន្លង​មក​ សង្គម​ស៊ីវិល​មើល​ឃើញថា ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ជេរ​ប្រមាថ ​និង​គំរាម​កំហែង​នេះ​គឺ​មាន​ស្តង់ដារ​ពីរ​ ដោយ​ថា​ ប្រសិន​បើ​រឿង​ហេតុ​នោះ​កើត​ឡើង​ទៅ​មន្ត្រី​សង្គម​ស៊ីវិល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​គឺមិន​ឃើញ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ឡើយ​ ប៉ុន្តែ​បើ​រឿង​ហេតុ​នោះ​កើត​ឡើង​ទៅ​លោក​ហ៊ុន សែន​ ឬ​ មន្ត្រី​បក្ស​កាន់​អំណាច ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​គ្មាន​បង្អែរ​បង្អង់​ឡើយ​ ទោះបីជា​រឿងខ្លះ​គ្មាន​ភ័ស្តុតាង​ក៏​សមត្ថ​កិច្ច​ចាប់​ជន​សង្ស័យ​នោះ​មក​ឃុំសិ​ន​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស