40.9 C
Phnom Penh

ភរិយា​លោក​ រ៉ាត់​ រត្នមុនី​ ប្តេជ្ញា​តវ៉ា​ជួយ​ប្តី​ រហូត​ទទួល​បាន​យុត្តិធម៌​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​គឺ​អ្នកស្រី​ឡុង គឹមហ៊ាង​អះអាង​ថា​ អ្នកស្រី​​នឹង​នៅ​តែ​បន្ត​ទាមទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ធ្វើ​អន្តរាគមន៍​មក​រដ្ឋាភិបាល​ខ្មែរ​ដើម្បី​ដោះលែង​ប្តី​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​អ្នកស្រី​នៅ​តែ​អះអាង​ដដែល​ថា​ ប្តី​របស់​អ្នកស្រី​គ្មាន​កំហុស ​ហើយ​ការ​ឃុំ​ខ្លួន​លោក​រ៉ាត់ រត្នមុនី​គឺ​ជា​រឿង​អយុត្តិ​ធម៌។​

លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​ឡុង គឹមហ៊ាង​ នៅ​ថ្ងៃនេះ​មាន​រូប​ថតជា​ច្រើន​សន្លឹក​ស្តីពី​សកម្ម​ភាព​ទៅ​តវ៉ា​នៅ​មុខ​ស្ថាន​ទូតរុស្ស៊ី​​ហើយ​អ្នកស្រី​បាន​បាន​ឱ្យ​ដឹង​ថា ​អ្នកស្រី​នឹង​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្តី​របស់​អ្នកស្រី​រហូត​ទទួល​បាន​យុត្តិ​ធម៌។​

អ្នកស្រី​អះអាង​ថា​ ការ​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ខាង​មុខ​ទូតរុស្សី​គឺ​ជា​ការ​តវ៉ា​លើក​ទី​៩​ហើយ​ម្យ៉ាង​ទៀត​​គិត​ដល់​ថ្ងៃ​នេះ​គឺ​មាន​រយៈ​ពេល​៩០​ថ្ងៃ ​ឬ​ ស្មើ​នឹង​បីខែ​ដែល​ប្តី​​របស់​អ្នក​ស្រី​ត្រូវ​បាន​គេចាប់​ដាក់​គុក​ទាំង​អ​យុត្តិធម៌។​

ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​លោក​​រ៉ាត់ រត្នមុនី ​កាល​ពី​ថ្ងៃ​ទី​១៣​​ខែ​ធ្នូ​ឆ្នាំ​២០១៨​ ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​នឹង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ក្រោយ​លោក​ចូល​រួម​ផលិត​​ខ្សែ​ភាពយន្ត​ឯកសារ​​របស់​ស្ថានីយ៍​ទូរទស្សន៍​រុស្ស៊ី​RT​គឺ​រឿង​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។​​

លោក​ត្រូវបាន​ចោទ​ប្រកាន់​ក្រោម​បទ​ថា​ ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​មាត្រា​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ប្រទេស​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។

ប្រធាន​សហជីព​រូប​នេះ ​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី ​១ ​ឆ្នាំ ​ទៅ ៣​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ។​

ទោះបីជា​សំណុំ​រឿង​នេះ ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​សារ​ព័ត៌មាន​នៃ​ប្រទេស​រុស្ស៊ី​ក៏​ដោយ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​ជុំវិញ​ករណី​នេះ​ទេ។ ​បន្ថែម​ពី​នេះ ​ សុំណុំ​រឿង​ផលិត​វីដេអូ​ឯកសារ​រឿង​«ម្តាយ​ខ្ញុំ​លក់ខ្ញុំ»​នេះ ​ក្រៅពី​លោក​រ៉ាត់ រត្នមុនី​តុលាការ​ក៏​មិន​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​មក​សួរ​នាំ​នោះ​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស