រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងបានណែនាំឲ្យអភិបាលខេត្តរាជធានីទាំងអស់ត្រូវកំណត់ពេលវេលាឲ្យបានជាក់លាក់ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០១៩។
ក្រសួងមហាផ្ទៃបានណែនាំថា វេទិកានេះត្រូវធ្វើឡើង រវាងអាជ្ញាធរដែនដីមន្ត្រីជំនាញជាមួយសមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍នានាតាមមូលដ្ឋានឱ្យបានទៀងទាត់រាល់ឆមាសឬ តាមការចាំបាច់រួចហើយផ្ញើកាលបរិច្ឆេទនៃវេទិការៀបចំពិគ្រោះយោបល់ជូនមកក្រសួងមហាផ្ទៃវិញ។
លិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៤ខែមីនាដែលបានផ្ញើទៅកាន់អភិបាលខេត្តរាជធានីទាំងឡាយបញ្ជាក់ថា ក្រោយពេលបញ្ចប់អង្គវេទិកា រដ្ឋបាលរាជធានីខេត្តទាំងអស់ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីលទ្ធផលសំណើ សំណូមពរសំខាន់ៗ រួមទាំងបញ្ហានានាដែលមិនអាចដោះស្រាយបាននៅក្នុងសមត្ថកិច្ចរបស់ខ្លួន ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្របសម្រួលនិងជួយគាំទ្រក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះផងដែរ។
យ៉ាងនេះក្តី សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃកន្លងមកហាក់ពុំសូវមានប្រសិទ្ធភាពនោះទេ។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រសួងមហាផ្ទៃក៏ធ្លាប់បានចេញសេចក្តីណែនាំរបស់ខ្លួនឱ្យមានការចូលរួមសហការជាមួយអង្គការ សមាគម និងសង្គមស៊ីវិល ក្នុងការបំពេញការងាររបស់ពួកគេតាមមូលដ្ឋាន ដោយអាជ្ញាធរត្រូវជួយសម្រួល និងចុះបំពេញការងារដោយពុំចាំបាច់ជូនដំណឹងមកអាជ្ញាធរនោះឡើយ ប៉ុន្តែជាក់ស្តែងការបំពេញការងារ ឬជួបជុំរបស់អង្គការ និងសមាគមមួយចំនួនតែងត្រូវបានអាជ្ញាធររារាំង និងហាមឃាត់មិនឱ្យធ្វើវេទិកានោះឡើយ។
បណ្តាញសម្ព័ន្ធសហគមន៍កសិករកម្ពុជានៅខេត្តស្វាយរៀងកាលពីចុងឆ្នាំ២០១៨ក៏ធ្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋានចុះហាមឃាត់មិនឱ្យរៀបចំវគ្គបណ្តុះបណ្តាលពលរដ្ឋពីរបៀបចិញ្ចឹមមាន់ ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាត។
ដោយឡែកទិវាសិទ្ធិនារីអន្តរជាតិ៨មីនាលើកទី១០៨ កាលពីពេលថ្មីៗនេះ ដែលរៀបចំដោយបណ្តាញស្ត្រីនិងមានអ្នកចូលរួមប្រមាណ៣រយនាក់ ក៏ត្រូវបានអាជ្ញាធររបបលោកហ៊ុន សែនរារាំងមិនឱ្យពួកគេអាចដើរដង្ហែក្បួនពីស្តាតអូឡាំពិកទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញ្ញត្តិ ដែលបង្ហាញពីក្តីកង្វល់និងតម្រូវការរបស់ស្ត្រីឡើយ ដោយលើកហេតុផលថា សកម្មភាពរបស់ក្រុមស្ត្រីទាំងនោះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
លើសពីនេះ ក៏មានសកម្មភាពរបស់អង្គការ សមាគម និងសហគមន៍ ជាច្រើនទៀតស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ដោយពួកគេចាត់ទុកថា សិទ្ធិជួបជុំ និងការបំពេញការងាររបស់អង្គការ សមាគម សង្គមស៊ីវិលនៅតែរងការរឹតត្បិតដដែល៕