លោកហ៊ុន សែននៅថ្ងៃព្រហស្បតិ៍នេះអះអាងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ចេអ៊ីន(Moon-Jae-In)នឹងពិសារអាហារពេលល្ងាចជាមួយលោកជាលក្ខណៈគ្រួសារនៅកម្ពុជា។ លោកបន្តថា ថ្នាក់ដឹកនាំទាំងពីរនៅថ្ងៃស្អែកនេះនឹងធ្វើវេទិកាធុរកិច្ចរួមគ្នាតែម្តង។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារនៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកនេះ លោកហ៊ុន សែនអះអាងថា លោកគ្រោងនឹងស្នើឱ្យប្រទេសកូរ៉េជួយទិញផលិតផលឬទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ដើម្បីបើកទូលាយទីផ្សារសម្រាប់កម្ពុជាបន្ថែមទៀត។ លោកថ្លែងថា កម្ពុជាមិនត្រូវចំណុះតែទីផ្សារណាមួយ ដែលនឹងអាចឱ្យខ្លួនស្លាប់ដោយសារគេខ្ទប់ច្រមុះនោះឡើយ។
ការស្វះស្វែងរកទីផ្សារអន្តរជាតិបន្ថែមទៀត ពីសំណាក់មេដឹកនាំរបបក្រុងភ្នំពេញនេះធ្វើឡើងក្រោយពេលសហគមន៍អឺរ៉ុបកំពុងដំណើរការនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជាក្នុងពេលឆាប់ៗ។ លើសពីនេះ សមាជិករដ្ឋសភានៃសហរដ្ឋអាមេរិកពីររូប ក៏បានស្នើឱ្យរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំពិនិត្យមើលឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅGSPពីកម្ពុជាផងដែរ។
ការត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាពីសំណាក់សហភាពអឺរ៉ុបនិងអាមេរិកនេះកើតមានឡើងក្រោយពេលពួកគេបានរកឃើញថា របបមួយនេះបានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស ព្រមទាំងសិទ្ធិការងារធ្ងន់ធ្ងរ តាមរយៈការចាប់មេដឹកនាំបក្សសង្គ្រោះជាតិគឺលោកកឹម សុខាដាក់គុកនិងឃុំក្នុងផ្ទះជាង១ឆ្នាំ ដោយអយុត្តិធម៌ ការរំលាយបក្សប្រឆាំងមួយនេះចោលនិងដាក់មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះជាង១រយនាក់មិនឱ្យធ្វើនយោបាយព្រមទាំងបិទសិទ្ធិសេរីភាពសង្គមស៊ីវិល អង្គការ សមាគម សហជីពព្រមទាំងរឹតត្បិតសារព័ត៌មានឯករាជ្យជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីដើមខែមីនានេះបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវរដ្ឋ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ចេអ៊ីនជាលើកដំបូងនេះគឺមានរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មីនា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកមូន ចេអ៊ីននឹងចូលគាល់ព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ហើយនឹងជួបជាមួយលោកហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងទៀតថា លោកមូន ចេអ៊ីន និងលោកហ៊ុន សែននឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគីនិងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់និងផលប្រយោជន៍រួម។
បន្ទាប់ពីបញ្ចប់ជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនព្រមទាំងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នាផងដែរ។
លើសពីនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រំពឹងថា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរទៀតផង។
យ៉ាងនេះក្តី អ្នកវិភាគនៅតែសម្តែងក្តីបារម្ភថា ប្រសិនបើអឺរ៉ុបនិងអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច តាមរយៈដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះនោះអ្នកវិនិយោគទុន នឹងងាកទៅបណ្តាប្រទេសផ្សេងទៀត ហើយកម្ពុជានឹងប្រឈមវិបត្តិសង្គមធ្ងន់ធ្ងរ ពិសេសពលរដ្ឋរាប់សែននាក់នឹងគ្មានការងារធ្វើតែម្តង៕