28.3 C
Phnom Penh

អាជ្ញាធរ​ខេត្ត​កោះកុង​ឲ្យ​ពលរដ្ឋ​​ត្រៀម​ម៉ាស៊ីន​ភ្លើង​ដោយ​ខ្លួន​ឯង​នៅ​ពេល​មិនមាន​អគ្គិសនី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ ​ម្ចាស់​សណ្ឋាគារ​ ផ្ទះ​សំណាក់ ​សហគ្រាស​ទាំងអស់​ដែល​រស់​នៅ​ក្រុង​ខេមរ​ភូមិន្ទ​និង​ស្រុក​មណ្ឌល​សីមា​ត្រូវ​ត្រៀម​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​សម្រាប់​ប្រើ​ប្រាស់​ដោយ​សារ​ខេត្ត​នេះ​អាច​នឹង​មិន​មាន​អគ្គិសនី​គ្រប់គ្រាន់។​

សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កោះកុង​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ដែល​សារ​ព័ត៌មាន​ The Cambodia Daily​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា​ ភាព​ខ្វះខាត​ភ្លើង​អគ្គិសនី​នៅ​ពេល​នេះ​គឺ​ដោយ​សារ​អាកាស​ធាតុ​រាំង​ស្ងួត​ធ្វើឱ្យ​ស្ថានីយ៍​វារី​អគ្គិសនី​ស្ទឹង​តាតៃ ​និង​វារី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ មាន​កម្រិត​ទឹកទាប​ ពុំ​អាច​ទាញ​យក​ថាម​ពល​អគ្គិសនី​សម្រាប់​ផ្គត់​ផ្គង់​ការ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ខេត្ត​ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស។​

លិខិត​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ថាមពល​អគ្គិសនី​មាន​តែ​១០MW​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​នៅ​ក្រុង​ខេមរ​ភូមិន្ទ ​និង​នៅ​ស្រុក​មណ្ឌល​សីមា​នឹង​ពុំមាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​គ្រប់គ្រាន់​ឡើយ។​

ខេត្ត​កោះកុង​មិន​ត្រឹមតែ​ប្រឈម​នឹង​កង្វះ​ភ្លើង​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ក៏​កំពុង​ប្រឈម​កង្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ធ្ងន់ធ្ងរ​ហើយ​រដ្ឋាភិបាល​ក៏​បញ្ជា​ឱ្យ​ទិញ​ប្រព័ន្ធ​ទឹក​សម្រាប់​ប្រើ​ប្រាស់​ពី​ប្រទេស​ថៃ​ទៀត​ផង។​

សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​រដ្ឋាភិបាល​ដឹកនាំ​ជាង​៣០​ឆ្នាំ​មក​នេះ​នៅតែ​បរាជ័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជា​លក្ខណៈ​យូរ​អង្វែង​ទោះបី​ជា​កម្ពុជា​សម្បូរ​ធនធាន​ធម្មជាតិ ​មាន​កន្លែង​រក្សា​ទឹកសាប​ និង​ទឹក​ប្រៃ​ធំៗ​ជាច្រើន​កន្លែង​ ប៉ុន្តែ​កម្ពុជា​នៅតែ​ប្រឈម​កង្វះ​ទឹក​ប្រើ​ប្រាស់​នៅ​រដូវ​ប្រាំង​ ហើយ​បញ្ហា​នេះ​តែង​តែ​កើត​មាន​ស្ទើរ​ជារៀង​រាល់​ឆ្នាំ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស