29 C
Phnom Penh

កូរ៉េ​ខាង​ត្បូង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​៧​រយ​លាន​ដុល្លារ​ ដល់​កម្ពុជា​រយៈ​ពេល​៥​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹក​នាំ​កូរ៉េ​ខាង​ត្បូង​សម្រេច​ផ្តល់​ឥណទាន​សម្បទាន​ ចំនួន​៧​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដល់​របប​ក្រុង​ភ្នំពេញ​រយៈ​ពេល​៥​ឆ្នាំ​ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣។​

គណនី​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​នៅថ្ងៃ​នេះ​បាន​ចុះផ្សាយ​ថា​ ឥណទាន​សម្បទាន​ចំនួន​៧​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​នេះ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ទាំង​ពីរ​ចុះ​ហត្ថលេខា​លើ​កិច្ច​សម្រប​សម្រួល​ក្រប​ខណ្ឌ​ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហ​ប្រតិបត្ដិ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។​

លោក​ហ៊ុន សែន​អះអាង​ថា​ ឥណទាន​ទាំង​នេះ​នឹង​ប្រើ​ប្រាស់​ផ្ដោត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិស័យ​ធនធាន​ទឹក​ និង​សុខុមាល​ភាព​សាធារណៈ​ វិស័យ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ និង​វិស័យ​អភិវឌ្ឍន៍​ជនបទ។​

វិស័យ​ជា​អាទិភាព​នៅ​តាម​ជន​បទ​រួម​មាន​គម្រោង​បង្កើត​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​អាកាសចរ​ស៊ីវិល​គម្រោង​ស្ដារ​ផ្លូវ​ជាតិ​លេខ​២​និង​ផ្លូវជាតិ​លេខ​២២​ជាមួយ​នឹង​ទំហំ​នៃ​ការ​ធ្វើ​វិភាគទាន​ដ៏​ច្រើន​របស់​រដ្ឋាភិបាល ​និង​ពលរដ្ឋ​កូរ៉េ​ដែល​បាន​ជួយ​ដល់​ការ​ស្ដារ ​កសាង​និង​អភិវឌ្ឍន៍។​

លោក​ហ៊ុន សែន​បញ្ជាក់​ទៀត​ថា ​ចាប់​ពី​ឆ្នាំ​១៩៩៦​មក​ដល់​ឆ្នាំ​២០១៨​           រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​ផ្ដល់​ហិរញ្ញ​ប្បទាន​ចំនួន​៦៣២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​នោះ​ហិរញ្ញ​ប្បទាន​ឥត​សំណង​មាន​ចំនួន​ជាង​៣០០​លាន​ដុល្លារ​អាមេរិក។​

លោក​ហ៊ុន សែន​អះអាង​ថា ​កម្ពុជា​និង​កូរ៉េ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នាជា​យូរ​ណាស់​មក​ហើយ​ប៉ុន្តែ​ទំនាក់​ទំនង​នេះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ដោយ​សារ​បញ្ហា​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។​

ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​នៅថ្ងៃ​ទី​៣០​ខែ​តុលា​ឆ្នាំ​១៩៩៧។​

របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ឲ្យដឹង​ថា​ ឆ្នាំ​២០១៨​ទំហំ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​២​មាន​ចំនួន​ជាង​៧​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​នោះ​ទំនិញ​របស់​កម្ពុជា​ដែល​នាំ​ចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​ជាង​២​រយ​លាន​ដុល្លារ​ហើយ​កូរ៉េ​បាន​នាំចូល​មក​កម្ពុជា​មាន​ចំនួន​ជាង​៥​រយ​លាន​ដុល្លារ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស