27.5 C
Phnom Penh

ជីវប្រវត្តិ​និងកេរតំណែល​លោក​ Bernard Krisher ដែលបានទទួលមរណភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​របស់​សារ​ព័ត៌មាន​ The Cambodia Daily​ទាំងអស់​សូម​សម្តែង​ការ​សោក​ស្តាយ​ និង​ការ​អាឡោះ​អាល័យ​ជា​ពន់​ពេក​ចំពោះ​លោក​Bernard Krisher​អ្នក​កាសែត​ និង​ជាស្ថាបនិក​របស់​ស្ថាប័ន​សារ​ព័ត៌មាន​មួយ​នេះ​ក្នុង​ជន្មាយុ​៨៧​ឆ្នា។​

លោក​Bernard Krisher​ជា​ប្រធាន​អង្គការ​ជំនួយ​ពិភព​លោក​សម្រាប់​កម្ពុជា​និង​ជា​ស្ថាបនិក​របស់​សារ​ព័ត៌មាន​The Cambodia Daily​បាន​ទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ​គាំង​បេះដូង​ កាលពី​ថ្ងៃ​ទី​៥​ខែ​មីនា​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ក្នុង​វ័យ​៨៧​ឆ្នាំ។​

មរណភាព​របស់​លោក​​​Bernard Krisher ​ត្រូវ​បាន​ក្រុម​គ្រួសារ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ជា​សាធារណៈ ​ក្រោយ​ពី​ការ​រៀបចំ​ពិធី​បញ្ចុះ​សព​លក្ខណៈ​ឯកជន​មួយ​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក។​
លោក​​​Krisher ​បាន​ចាប់​ផ្តើម​អាជីព​របស់​លោក​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៅ​ប្រទេស​ជប៉ុន​និង​បាន​ចំណាយ​ពេល​វេលា​ប្រមាណ​បី​ទស​វត្សរ៍​ចុង​ក្រោយ​របស់​លោក​ចំពោះ​ការងារ​មនុស្ស​ធម៌​នៅ​កម្ពុជា។​

លោក​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ជ្វីហ្វ។ ​លោក​ Krisher​ កើត​នៅ​ថ្ងៃ​ទី​៩​ ខែ​សីហា​ឆ្នាំ១៩៣១​ ក្នុង​ទីក្រុង​Frankfurt​ប្រទេស​អាឡឺម៉ង់​ ហើយ​ក្រុម​គ្រួសារ​លោក​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ដើម្បី​គេច​​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ពេល​សង្គ្រាម​កាល​នោះ។ ​

កាល​ពី​វ័យ​កុមារ​លោក​Krisher​តែង​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​សារ​ព័ត៌មាន​រហូត​ និង​បាន​ប្រឡូក​ក្នុង​អាជីព​ជាអ្នក​ព័ត៌មាន​តាំង​ពី​នៅ​ជំទង់​មក​ម្ល៉េះ។ ​លោក​Bernard Krisher​បាន​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​១៩៦២ ​ហើយ​បន្ទាប់​មក​មាន​ភរិយា​ជាជន​ជាតិ​ជប៉ុន​ដោយ​ចាប់​ផ្តើម​អាជីព​ជា​អ្នក​រាយ​ការណ៍​ព័ត៌មា​នឲ្យ​កាសែត ​Newsweek​ ហើយ​ក្រោយ​មក​លោក​ ក៏បាន​​ក្លាយ​ជា​អតីត​នាយក​ការិយាល័យ​ព័ត៌មាន​Newsweek​ ប្រចាំ​នៅ​ទីក្រុង​តូក្យូ។​ ​

លើស​ពី​នេះ​ទៅ​ទៀត ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត​ដែរ​ ហើយ​ធ្លាប់​បាន​សម្ភាសន៍​ជា​មួយ​បុគ្គល​ល្បីៗ​ រាប់​ទាំង​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​ អ្នក​នយោបាយ​ និង​អ្នក​ជំនួញ​ធំៗ​ទៀត​ផង។​

មិន​តែ​ប៉ុណ្ណោះ ​លោក​ធ្លាប់​បាន​សម្ភាស​ជន​ដ៏ល្បី​ល្បាញ​បំផុត​របស់​គាត់​គឺ​ការ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ទល់​នឹងមួយ​ជាមួយ​អធិរាជ​ជប៉ុន​គឺ​ព្រះ​ចៅ​ហ៊ីរ៉ូហ៊ីតុ ​មុន​ពេល​ដំណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្រ្ត​របស់​ព្រះអង្គ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​១៩៧៥។​ រហូត​ដល់​ឆ្នាំ​១៩៩៣​ លោក​ Krisher​បាន​សម្រេច​បង្កើត​កាសែត​The Cambodia Daily​នៅ​កម្ពុជា​តែ​ម្តង។​

កាសែត​The Cambodia Daily​គឺ​ជា​គម្រោង​ដំបូង​របស់​លោក​ខាង​ផ្នែក​កាសែត​ភាសា​អង់គ្លេស​នៅ​កម្ពុជា​ដែល​មាន​ភារ​កិច្ច​រាយ​ការណ៍​ព័ត៌មាន​ពិត​ឥត​លម្អៀង​ ដែល​បំពេញ​ការងារ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ហើយ​កាសែត​នេះ​គឺ​ជា​កន្លែង​បណ្តុះ​បណ្តាល​សម្រាប់​អ្នក​កាសែត​កម្ពុជា​និង​បរទេស​ផង​ដែរ។​

កាសែត​នេះ​បាន​បោះ​ពុម្ពផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​និង​អន្តរជាតិ​ដល់​អ្នក​អាន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​និង​តាម​ខេត្ត។ ​ជា​អកុសល​កាសែត​នេះ​បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្រុង​ភ្នំពេញ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​ ក្រោម​ការ​គាប​សង្កត់​ពី​របប​ក្រុង​ភ្នំពេញ​ដោយ​ហេតុផល​ថា​ កាសែត​នេះ​មិន​បាន​បង់​ពន្ធ​រយៈ​ពេល​១០​ឆ្នាំ ​ដែល​បាន​បង្ខំ​ឱ្យ​កាសែត​មួយ​នេះ​បិទ​ការិយាល័យ​របស់​ខ្លួន​ហើយ​នាំ​ឲ្យ​មានការ​​ថ្កោល​ទោស​ជាខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ទៀត​ផង។​

ក្រៅពី​ការ​បង្កើត​ស្ថាប័ន​កាសែត​The Cambodia Daily ​ លោក​Krisher​បាន​បង្កើត​អង្គការ​មនុស្ស​ធម៌​ដោយ​មិន​រក​ប្រាក់​កម្រៃ ​ហើយ​មូលិធិ​នៃ​អង្គការ​នោះ​បាន​រួម​ចំណែក​សាង​សង់​សាលា​រៀន​និង​មន្ទីរពេទ្យ ​យ៉ាង​ច្រើន​នៅ​កម្ពុជា។ ​រហូត​មក​ដល់​បច្ចុប្បន្ន ​លោក​បាន​រក​ជំនួយ​មនុស្ស​ធម៌ពី​សប្បុរស​ជន ​និង​ដៃ​គូ​ជំនួយ ​ដើម្បី​រួម​ចំណែក​កសាង​សាលារៀន​ជាង​៥៦០​ខ្នង​នៅ​តាម​ជនបទ​តាម​បណ្តា​ខេត្តនៅ​ទូទាំង​ប្រទេស។​

គំរោង​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន ​ដែល​លោក​ពេញ​ចិត្ត​​បំផុត​គឺ​មជ្ឈមណ្ឌល​Hope Center ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុ​និង​នៅ​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​ការ​ថែ​ទាំសុខ​ភាព​ឥត​គិត​ថ្លៃ​ដល់​អ្នកក្រ​ និង​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​កុមារ ​និង​ចិញ្ចឹម​ក្មេង​កំព្រា ​ព្រម​ទាំង​កុមារ​មក​ពី​ភូមិ​ដាច់​ស្រយាល​ដែល​គ្មាន​លទ្ធភាព​ចូល​រៀន។​

មករណភាព​លោក​​​Krisher​បាន​ធ្វើឲ្យ​លោក​លាចាក​ពី​ប្រពន្ធ​និង​កូនពីរ​នាក់​ ព្រម​ទាំង​ចៅ​ពីរ​នាក់​ផង​ដែរ។​ អ្វី​ដែល​អស្ចារ្យ​សម្រាប់​កម្ពុជា​នោះ​គឺស្នាដៃ​របស់​លោក​ទាំង​ការងារ​មនុស្ស​ធម៌រាប់​មិន​អស់ និង​ការ​ដឹកនាំ​ឱ្យ​មាន​កាសែត​ជា​ភាសា​បរទេស​ដែល​ឯករាជ្យ​មួយ​ដើម្បី​ចូលរួម​ចំណែក​កែប្រែ​សង្គម​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស