តុលាការរបបក្រុងភ្នំពេញបានចេញដីកាកោះហៅលោករ៉ុង ឈុនជាលើកទី២ឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនាខាងមុខករណីប្ដឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់កាលពីឆ្នាំមុន។
ដីកាកោះចុះថ្ងៃទី១៣ ខែមីនា ដែលសារព័ត៌ឌឹខេមបូឌាដេលីទើបទទួលបាននៅថ្ងៃនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោករស់ ពិសិដ្ឋ បានកោះហៅលោករ៉ុង ឈុន ឲ្យចូលឆ្លើយបំភ្លឺនាថ្ងៃទី២៧ ខែមីនា វេលាម៉ោង៩ព្រឹក។ ការកោះហៅជាលើកទីពីរនេះធ្វើឡើងក្រោយពេលប្រធានសហភាពសហជីពកម្ពុជានិងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះទើបនឹងត្រឡប់មកពីបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក ហើយមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ។
កាលពីថ្ងៃទី១៦ ខែមករា លោករ៉ុង ឈុន រួមជាមួយអតីតគ្រូបង្រៀន១០នាក់ផ្សេងទៀតបានដាក់ពាក្យប្ដឹងរដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ ជួនណារ៉ុន ដោយស្នើឱ្យតុលាការបដិសេធសេចក្ដីប្រកាសរបស់ក្រសួងអប់រំកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដែលបានលុបឈ្មោះពួកគាត់ចេញពីក្របខណ្ឌក្រសួងអប់រំ និងស្នើឱ្យក្រសួងផ្ដល់ក្របខណ្ឌជាគ្រូបង្រៀន និងមន្ត្រីអប់រំ ដល់ពួកគេវិញ។
លោករ៉ុង ឈុនបានប្រាប់សារព័ត៌មានThe Cambodia Dailyថា លោកនឹងចូលខ្លួនបំភ្លឺទៅតាមការកោះហៅរបស់តុលាការដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។
កាលពីខែមុន ចៅក្រមដដែលនេះបានចេញដីកាកោះហៅលោករ៉ុង ឈុនម្តងរួចមកហើយដើម្បីឱ្យចូលបំភ្លឺជុំវិញករណីដដែលនេះ ប៉ុន្តែពេលនោះលោករ៉ុង ឈុនមិនបានចូលបំភ្លឺទេដោយលោកកំពុងនៅសហរដ្ឋអាមេរិកនៅឡើយ៕