33.2 C
Phnom Penh

អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​៥​នាក់​ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្តីទី​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋ​ស្តីទី​លោក​សាយ ឈុំ​ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ផ្តល់​នីតិ​សម្បទា​នយោបាយ​ដល់​អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​​ចំនួន​ប្រាំរូប​ ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​៥ ​ ដែល​ចេញ​ដោយ​លោក​សាយ ឈុំ​នៅ​ថ្ងៃ​នេះ​បាន​ផ្តល់​នីតិសម្បទា​ឬ​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​៥​រូប​ រួមមាន​លោក​អ៊ូ ច័ន្ទរ័ត្ន ​លោក​កង គឹមហាក់ ​លោក​ជីវ កត្តា​​លោក​ច័ន្ទ សិលា ​និង​ អ្នក​ស្រី​ទេព សុទ្ធី។​ ការ​សម្រេច​ផ្តល់​នីតិ​សម្បទា​នយោបាយ​ដល់​ក្រុម​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំរូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពួក​គេ​បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ កាល​ពី​ថ្ងៃ​ម្សិលមិញ។​

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ តុលាការ​កំពូល​របស់​បក្ស​កាន់​អំណាច​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ចោល​ រំលាយ​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ស្រុក ​ខណ្ឌ​ រាជ​ធានី ​និង​តំណែង​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ចោល​ ព្រម​ទាំង​ដាក់​មន្ត្រី​ជាន់​ខ្ពស់​ចំនួន​១១៨​នាក់​របស់​បក្ស​នេះ​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ ​ឆ្នាំ។​

រហូត​មក​ទល់​ពេល​នេះ ​មាន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​ចំនួន​៩​នាក់​ ហើយ​ដែល​បាន​ដាក់​លិខិត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ហើយ​ក៏​ទទួល​បាន​ការ​ផ្តល់​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​ការ​រៀប​ចំ​ និង​ចង់​បានរ​បស់​លោក​ហ៊ុន សែន​ផង​ដែរ។​

លោក​កង គឹមហាក់ ​បាន​ថ្លែង​ប្រាប់​កាសែត​The Cambodia Daily​កាល​ពី​ម្សិលមិញ​ថា​ មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ជាតិ​ជាច្រើន​រូប​ទៀត​ នឹង​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​បន្ត​បន្ទាប់​ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បញ្ជាក់​ថា​ មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ​ឡើយ។​

មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​ដែល​​បាន​ចាក​ចេញ​របស់​ដោយ​នាំគ្នា​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​នោះ​ក៏​រង​ការ​រិះគន់​ពី​សំណាក់​មហា​ជន​ ពិសេស​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ ​ការ​រិះគន់​ទាំង​នោះ​គឺ​បាន​ជេរ​ប្រមាថ​ និង​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា​ ជា​មនុស្ស​ក្បត់​បក្ស​ក្បត់​ឆន្ទៈ​រាស្ត្រ ​ហើយ​ធ្វើ​នយោបាយ​ដើម្បី​លាភ​សក្ការៈ​ទៀត​ផង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស