32 C
Phnom Penh

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ស្នើ​ឲ្យ​រដ្ឋសភា​កោះហៅ​រដ្ឋាភិបាល​បំភ្លឺ​ពី​គម្រោង​លុប​បឹង​តាមោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​នៅថ្ងៃ​ទី​១១​ខែ​មិថុនា​នេះ​ដើម្បី​ ស្នើ​ឱ្យ​រដ្ឋ​សភា​កោះ​ហៅ​រដ្ឋាភិបាល​បំភ្លឺ​លើ​គម្រោង​អភិវឌ្ឍន៍​បឹង​តាមោក។​ គណបក្ស​នេះ​ព្រួយ​បារម្ភ​ថា​ ផ្ទៃ​បឹងទាំង​មូល​អាច​ត្រូវ​រំលោភ​បំពាន​ឬ​ត្រូវ​លុប​លើស​តម្រូវការ​ ក្រោម​ហេតុផល​អភិវឌ្ឍន៍​នេះ។​

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ឲ្យ​ដឹង​ក្រោយ​ទទួល​ញត្តិ នេះ​ថា​ មន្រ្តី​រដ្ឋ សភា​កំពុង​ពិនិត្យ​មើល​ញត្តិ​នេះ។ ​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​លោក​យ៉េង វីរៈ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ គណបក្ស​របស់​លោក​ព្រួយ​បារម្ភ​ថា​ គម្រោង​អភិវឌ្ឍ៍​របស់​រដ្ឋាភិបាល​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ចាក់​ដីលុប​បឹង​តាមោក​នេះ​លើស​ពី​គម្រោង។​

លោក​បន្ត​ថា ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​​កង្វល់​បែប​នេះ​ព្រោះ​ធ្លាប់​មាន​គំរូ​មិន​ល្អ​ក្នុង​ករណី​លុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ​រួច​មក​ហើយ​ ហើយ​ចំពោះ​គម្រោង​លុប​បឹង​តាមោក​នេះ​ទៀត​សោត​រដ្ឋាភិបាល​ក៏​មិន​ទាន់​បញ្ជាក់​ច្បាស់​លាស់​ថា​ ត្រូវ​លុប​ពីណុច​ណា​ដល់​ចំណុច​ណានៅ​ឡើយ​ទេ។ ​

សំណើ​ និង​កង្វល់​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បែប​កើត​មាន​នេះ​ខណៈ​ អាជ្ញាធរ​កំពុង​ចាក់​ដីលុប​បឹង​តាមោក​បណ្ដើរៗ។​ សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​លុប​បឹង​ចំនួន​២០​ហិកតា​ ដើម្បី​អភិវឌ្ឍ​ធ្វើ​ផ្សារ​បន្លែ ​និង​ចំណត​រថយន្ត។​

របាយ​ការណ៍​សមាគម​ធាងត្នោត​ឱ្យ​ដឹង​ថា​​បឹង​តាមោក​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខណ្ឌ​ចំនួន​ពីរ​​គឺ​ព្រែកព្នៅ​ និង​សែនសុខ​ ដែល​មាន​១៩​ភូមិ​៥​សង្កាត់។​ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​បឹង​នោះ​បាន​អាស្រ័យ​ផលពី​បឹង​មាន​ដូច​ជា​ការ​ធ្វើ​ស្រែ ​រក​ត្រី ​និង​ដាំ​ដំណាំ​ជាដើម។​ រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃ​បឹង​តាមោក​ចំនួន​២០​ហិកតា​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​អភិវឌ្ឍ​ធ្វើ​ផ្សារ​បន្លែ​ និង​ចំណត​រថយន្ត​ កាល​ពីខែ​មិថុនា​ឆ្នាំ​២០១៨​កន្លង​ទៅ។​​

កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​តាមោក​ជា​សម្បតិ្ត​របស់​រដ្ឋ​ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង​៣​ពាន់​ហិកតា​(៣២៣៩)​សម្រាប់​ស្តុក​ទឹក​កខ្វក់​ និង​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ។​ បឹង​តាមោក​នេះ​គឺ​ជា​បឹង​ធំ​ចុង​ក្រោយ​ នៅ​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​បឹងធំៗ​ជា​ច្រើន​ត្រូវ​បាន​លុប​​ក្រោម​លេស​គម្រោង​អភិវឌ្ឍន៍​ដូច​ជា​បឹងកក់​ បឹង​ទំពុន ​បឹង​ក្រពើ ​បឹង​ស្នោ ​បឹងត្របែក​ និង​បឹង​ពោង​ពាយ​ជាដើម។​

ការ​លុប​បឹង​ធម្មជាតិ​ជា​បន្តបន្ទាប់​ ក៏​បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជួប​បញ្ហា​ជំនន់​ទឹក​ភ្លៀង​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ ​ដោយ​សារ​ខ្វះ​ទីតាំង​រំដោះ​ទឹក​ចេញ​ឱ្យ​ទាន់​ពេល​វេលា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស