មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអះអាងថា ខ្លួនបានបំបែកសំណុំរឿងសាហាវឃោរឃៅមួយដោយឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ។ មន្ត្រី
ហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យដឹងនៅថ្ងៃទី១១ខែមិថុនាថា ជនសង្ស័យបានសម្លាប់ជនរងគ្រោះ ដោយយកកាំបិត កាត់សាកសពជនរងគ្រោះជាបំណែកៗ ដូចជាកាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលនៅច្រាំងទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ។
ប្រភពដដែលឲ្យទៀតថា ជនរងគ្រោះឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល និងជាស្ត្រីមេម៉ាយកូនមួយបាន បាត់ខ្លួនកាលពីថ្ងៃទី៣ខែមិថុនា។
កូនស្រីជនរងបានគ្រោះបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកពីករណីបាត់ម្តាយបន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌដូនពេញសហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវនិងបំបែកសំណុំរឿងនេះ។
ទោះយ៉ាងណាក្តី កងរាជអាវុធហត្ថរាជធានីមិនទាន់បង្ហាញព័ត៌លម្អិតពីករណីឃាតកម្មនេះនៅឡើយទេដោយបញ្ជាក់ថា អាវុធហត្ថនឹង ជម្រាបជូនពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថភ្នំពេញស៊ើបសួររួចរាល់។
មេបញ្ជាការរងប៉េអឹមលើផ្ទៃប្រទេសនិងជាមេបញ្ជាការប៉េអឹមរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ពេលនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំនិងបានទៅត្រួតពិនិត្យឆែកឆេរនៅផ្ទះជនសង្ស័យថែមទៀត។
ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចទីក្រុងភ្នំពេញបានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនសង្ស័យបានសារភាពថា ការសម្លាប់នេះគឺដោយសារខ្លួនបានជំពាក់លុយជនរងគ្រោះច្រើនពេក៕