ក្រុមការងារ១០០រាត្រីដែលបន្តបេសកកម្មពីលោកបណ្ឌិត កែម ឡីបានរកឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែនកំពុងចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ហើយនាំនាវាកម្ពុជាទៅរករបបកុម្មុយនីស្តឡើងវិញទៀតផង។
ក្នុងរបាយការណ៍របស់ខ្លួនដែលមានកម្រាស់៨ទំព័រដែលចេញផ្សាយកាលពីថ្ងៃទី៥មិថុនា ក្រុមការងារ១០០រាត្រីអះអាងថា ដោយសារគណបក្សប្រជាជនកម្ពុជាមានឫសគល់មកពីគណបក្សកុម្មុយនីស្ត ទើបគណបក្សនេះនៅតែបន្តដឹកនាំរបៀបកុម្មុយនីស្ត និងបន្តសាបព្រោះមនោគមន៍វិជ្ជានេះទៅកាន់សមាជិកសមាជិការបស់ខ្លួនទៀតផង។
របាយការណ៍នេះបង្ហាញទឡ្ហីករណ៍មួយចំនួន ដែលថា រដ្ឋាភិបាលកំពុងងាកចេញកាន់តែឆ្ងាយពីរបបលទ្ធិប្រជាធិបតេយ្យប្រាសចាកពីអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរួមមានការគ្រប់គ្រងអំណាចតុលាការទាំងស្រុងដោយបក្សប្រជាជនកម្ពុជា តាមរយៈការដាក់បញ្ចូលសមាជិកគណៈកម្មការកណ្តាលនិងអចិន្ត្រៃយ៍១០នាក់ដើម្បីគ្រប់គ្រងស្ថាប័ន ច្បាប់មួយនេះដោយមានក្រសួងយុត្តិធម៌ជាសេនាធិការរបស់រដ្ឋាភិបាលសម្រាប់ចាត់ចែងកិច្ចការរបស់តុលាការ។
លើសពីនេះ គណបក្សលោកហ៊ុន សែនគ្រប់គ្រងអំណាចនគរបាល កងទ័ព និងកងអង្គរក្ស តាមរយៈការដាក់បញ្ចូលសមាជិកគណៈកម្មការកណ្តាលនិងអចិន្ត្រៃយ៍ របស់បក្សប្រជាជនកម្ពុជាជាង៣រយនាក់ សម្រាប់គ្រប់គ្រងស្ថាប័នទាំងនេះ។
លើសពីនេះ អតីតគណបក្សកុម្មុយនីស្តមួយនេះ ក៏បានបន្តគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការបញ្ចូលឈាមរបស់ខ្លួនដែលជាសមាជិកគណៈកម្មការកណ្តាលនិងអចិន្ត្រៃយ៍ ជិត៣រយនាក់គ្រប់គ្រងលើស្ថាប័នមន្ត្រីរាជការសាធារណៈ។ ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជាក៏បានគ្រប់គ្រងទាំងស្រុងទៅលើស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិក៩រូប មកពីគណៈកម្មការកណ្តាលនិងអចិន្ត្រៃយ៍របស់បក្សនេះផងដែរ។
របាយការណ៍ដដែលបន្តថា ការឃ្លាតឆ្ងាយពីសង្គមប្រជាធិបតេយ្យបង្ហាញកាន់តែច្បាស់តាមរយៈការរំលាយចោលគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧ ការបង្កើតច្បាប់គាបសង្កត់អង្គការសង្គមស៊ីវិល ព្រមទាំងការបន្តតំណែងឬ អំណាចបន្តត្រកូលនៅស្ថាប័នរដ្ឋជាដើម។
បន្ថែមពីនេះក៏មានដែរនូវវប្បធម៌នយោបាយអាក្រក់ ការជេរប្រមាថ និងហិង្សាដែលកើតចេញពីថ្នាក់ដឹកនយោបាយធំៗទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ព្រមទាំងបក្សនយោបាយផ្សេងទៀត រីឯវប្បធម៌នយោបាយអហិង្សានៅមិនទាន់មានការគាំទ្រនៅឡើយ។
ជាងនេះគណបក្សប្រជាជនកម្ពុជា ក៏បានក្តោបក្តាប់អំណាចសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស ហើយបន្តរឹតត្បិតក្រុមប្រឆាំងនិងសង្គមស៊ីវិលផងដែរ។
អ្វីដែលពិសេសជាងនេះទៀតនោះគឺនយោបាយការបរទេសដែលបង្ហាញកាន់តែច្បាស់អំពីទំនោរខ្លាំងទៅរកប្រទេសកុម្មុយនីស្ត ដូចជាប្រទេសវៀតណាម និងប្រទេសចិន ដោយធ្វើយ៉ាងណារក្សាតួនាទីគណបក្សរបស់ខ្លួនក្នុងការគ្រប់គ្រងអំណាចនៅកម្ពុជាបន្តទៀត។
ក្រុមការងារ១០០រាត្រីបានបង្ហាញអំពីវិធីសាស្ត្រស្រាវជ្រាវរបស់ខ្លួន ថា របាយការណ៍នេះពួកគេបានចំណាយពេលជិតមួយឆ្នាំដោយជួបជាមួយពលរដ្ឋ អាជ្ញាធរ បក្សកាន់អំណាច បក្សប្រឆាំង ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម ព្រមទាំងរបាយការណ៍មួយចំនួនទៀត។
ក្រុមការងារនេះអះអាងថា គោលបំណងដែលពួកគេចេញរបាយការណ៍នេះគឺដើម្បីជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែនងាកមកដើរលើផ្លូវត្រូវនៃលទ្ធិប្រជាធិបតេយ្យ សន្តិភាព សុភមង្គល និងនីតិរដ្ឋពិតប្រាកដស្របតាមការចង់បានរបស់ពលរដ្ឋ និងស្របតាមរដ្ឋធម្មនុញ្ញ ដោយអនុលោមតាមសហគមន៍អន្តរជាតិផងដែរ៕