31 C
Phnom Penh

លោក​ទៀ បាញ់​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ប្រារព្ធ​ខួប​៤២​ឆ្នាំ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ទៀ បាញ់​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ប្រារព្ធ​ខួប​៤២​ឆ្នាំ​ទិវា​ ចង​ចាំដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នៅថ្ងៃ​ទី​២០​ខែ​មិថុនា​ខាង​មុខ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឈុំ សុជាតិ​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​នេះ​ថា​ លោក​ទៀ បាញ់​ទៅ​ដឹក​នាំ​ប្រារព្ធ​ពិធី​ដើម្បី​ធ្វើជា​តំណាង​លោក​ ហ៊ុន សែន។​

លោក​បន្ត​ថា ​លោក​ទៀ បាញ់​នឹង​ចូល​រួម​កាត់​ខ្សែ​បូ​ សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ផ្លូវ​ដែក​ទាក់ទង​នឹង​ដំណើរ​ឆ្ពោះ​ទៅ​រំដោះ​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម​ដែល​មាន​ឈ្មោះ​«ផ្លូវ​ប្រវត្តិ​សាស្ត្រ​សម្តេច​តេជោ» ផ្លូវ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង​ ៩៩០០​ម៉ែត្រ​ព្រម​ទាំង​ធ្វើ​ពិធី​រំឭក​គុណ​គោរព​ព្រះ​ភូមិ​ទេព​បង្ហាញ​ផ្លូវ​ ​ទេវតា​ថែ​រក្សា​ទឹកដី​ ដាំ​ដើម​ជ្រៃ​ជា​និមិត្ត​រូប។​

លោក​ទៀ បាញ់ ​និង​គណៈ​ប្រតិភូ​នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ចេញ​សាលា​បឋម​សិក្សា​ប៊ុន រ៉ានី​ ហ៊ុនសែន​កោះ​ថ្ម​ទៅ​កាន់​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម​និង​ធ្វើ​ពិធី​ទាញ​ស្បៃ​សម្ពោធ​ដាក់​តាំង​ផ្ទាំង​សិលា​ចារឹក​ថែម​ទៀត។​

អ្នកនាំ​ពាក្យ​ដដែល​អះអាង​ថា ​ទីតាំង​កោះថ្ម​ឃុំ​ទន្លូង​ ស្រុក​មេមត់​ គឺជា​ចំណុច​ចាប់​ផ្តើម​ដំបូង​បង្អស់​នៃ​ដំណើរ​ឆ្ពោះ​ទៅការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ដែល​៤២​ឆ្នាំ​មុន​នោះ​សម​មិត្ត​ហ៊ុន សែន​និង​កម្មាភិបាល​ដ៏​ទុក​ចិត្ត​៤​រូប​ គឺ​លោក​នុច ថន ​លោក​ញឹក ហួន លោក​ស៊ូ គីមស្រ៊ាង​និង​លោ​វ៉ា ប៉ោអ៊ាន​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​ ដើម្បី​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ក្នុង​ការ​រំដោះ​ជាតិ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាន៍​ប៉ុល ពត។​

«ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត»​ត្រូវ​បាន​កម្ពុជា​ប្រារព្ធ​ជារៀង​រាល់​ឆ្នាំ​ដើម្បី​សម្តែង​ការ​ដឹង​គុណ​ចំពោះ​ការ​លះបង់​ជីវិត​របស់​លោក​ហ៊ុន សែន​និង​សម​មិត្ត​រួម​ដំណើរ​ផ្សេងៗ​ទៀត​ ក្នុង​ការ​ស្វះស្វែង​រក​ជំនួយ​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា។ ​ប៉ុន្តែ​មជ្ឈដ្ឋាន​មួយ​ចំនួន​ចាត់​ទុក​ថា ​ការ​រំដោះ​របស់​​វៀតណាម​នោះ​គឺ​ជា​ការ​ឈ្លាន​ពានក​ម្ពុជា​ប៉ុណ្ណោះ។ ​

កាលពី​ពេល​ថ្មីៗ​នេះ ​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​លោក​លី សៀនឡុង​(Lee Hsien Loong)​បាន​បង្ហោះ​សំណេរ​មួយ​នៅ​លើ​ហ្វេសប៊ុក​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ប្រាយុទ្ធ​ចាន់អូឆា​(Prayut Chan-o-Cha)​ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ប្រធាន​ទី​ប្រឹក្សា​ព្រះ​មហា​ក្សត្រ​ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ជំនាន់​ទស​វត្សរ៍​ទី​៨០​លោក​ប្រេម ទីនស៊ូឡាណុន​(Prem Tinsulanonda)។​

លោក​លី សៀនឡុង​បាន​សង្កត់​ធ្ងន់​អំពី​គុណ​សម្បត្តិ​ដឹក​នាំ​របស់​ឧត្ដម​សេនីយ៍​ ប្រេម​ក្នុង​កិច្ច​ការការ​ពារ​សន្តិសុខ​នៅ​ប្រទេស​ថៃ​និង​តំបន់​អាស៊ាន​ដែល​កាល​នោះ​មាន​ប្រទេស​៥​ជា​សមាជិក គឺ​សិង្ហ​បុរី​ ថៃ​ ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន។​

លោក​បញ្ជាក់​ថា ​លោក​ប្រេម​រួមជា​មួយ​នឹង​មេ​ដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​បាន​ពួត​ដៃ​គ្នា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​វៀតណាម​លើ​កម្ពុជា ​និង​រដ្ឋាភិបាល​ថ្មី​ ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម។​

លោក​បញ្ជាក់​ទៀត​ថា​ លោក​ប្រេម​និង​ថ្នាក់​ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​បាន​ជំទាស់​​នៅ​លើ​ឆាក​អន្តរជាតិ​ចំពោះ​ការ​ដាក់នឹម​ត្រួត​ត្រា​លើ​កម្ពុជា​ពីសំណាក់​ប្រទេស​វៀតណាម​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ឈ្លានពាន​តាម​រយៈ​កម្លាំង​យោធា ​និង​របប​ថ្មី​នៅ​ពេល​នោះ ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ឡើយ​ ហើយ​នេះ​គឺ​ការ​ជួយ​ការពារ​សន្តិសុខ​សម្រាប់​ប្រទេស​អាស៊ាន​ដទៃ​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស