38 C
Phnom Penh

សមត្ថ​កិច្ច​ខេត្ត​បាត់ដំបង​ថា​ កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុ​ភ្លើង​ឆេះ​ផ្ទះ​លោក​បណ្ឌិត​មាស នី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បាន​អះអាង​ថា​ មន្ត្រី​របស់​ខ្លួន​កំពុង​យក​ចិត្ត​ទុក​ដាក់​ស្រាវជ្រាវ​រក​មូល​ហេតុ​ពិត​ប្រាកដ​ជុំវិញ​គ្រោះ អគ្គីភ័យ​ឆេះ​ផ្ទះ​អ្នក​វិភាគ​នយោបាយ​និង​សង្គម​លោក​បណ្ឌិត​ មាស នី។​

ការ​លើក​ឡើង​នេះ​ ក្រោយ​ពេល​មាន​ហេតុ​ការណ៍​អគ្គីភ័យ​ឆេះផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​ក្នុង​នោះ​ក៏​មាន​ផ្ទះ​លោក​បណ្ឌិត​មាស នី​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ស្ទើរតែ​អស់​ទាំង​ស្រុង​កាល​ពី​ម្សិលមិញ។​

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​នៅថ្ងៃ​នេះ​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដោយ​ថា​ ក្នុង​នាម​ថ្នាក់​ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​គឺ​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ខូចខាត ​និង​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រោះ​មហន្តរាយ​មួយ​នេះ។​
សេចក្តី​បំភ្លឺ​ដដែល​អះអាង​ថា ​ក្នុង​ករណី​អគ្គិភ័យ​មួយ​នេះ​សមត្ថ​កិច្ច​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាដក​ដែល​បណ្តាល​ឲ្យ​កើត​អគ្គីភ័យ​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត។​

ជាមួយ​គ្នា​នេះ ​ថ្នាក់​ដឹកនាំ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​នេះ​កត់​សម្គាល់​ឃើញ​ថា ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ដោយ​មិនមាន​មូលដ្ឋាន​ច្បាស់​លាស់​ពិត​ប្រាកដ​ និង​ជា​ការ​ប្រើប្រាស់​អារម្មណ៍​ផ្ទាល់ខ្លួន​ក្នុង​ការ​សន្និដ្ឋាន​ចំពោះ​គ្រោះ​អគ្គីភ័យ​នេះ​ថា ​កើត​ឡើង​ដោយ​មាន​អ្នក​លួច​ដុត​ទៅវិញ​ ដោយ​ថា ​នេះ​ជា​ហេតុ​បង្ករ​ឲ្យមាន​ការ​យល់​ច្រឡំ​ក្នុង​មជ្ឈដ្ឋាន​ទូទៅ។​ សេចក្តី​បំភ្លឺ​ដដែល​ ក៏បាន​បដិសេធ​ចោល​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​បែប​នេះ ​និង​សូម​កុំឱ្យ​សាធារណ​ជន​មាន​ការ​ភ័ន​ច្រឡំ។​

កាល​ពី​ម្សិលមិញ​វេលា​ម៉ោង​ជាង​៤​រសៀល​ គឺមាន​គ្រោះ​អគ្គីភ័យ​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​ក្រុម​ទី​១៨​ ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង។​ ករណី​នេះ​បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពល​រដ្ឋ​ចំនួន​៤​គ្រួសារ​ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​ ប៉ុន្តែ​មិន​បាន​បណ្តាល​ឲុ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ដោយ​ឧប្បត្តិ​ហេតុ​នោះ​ទេ។ ​នៅ​ក្នុង​គ្រោះ​​ អគ្គិភ័យ​នេះ​ដែរ​ ក៏មាន​លំនៅដ្ឋាន​មួយ​ដែល​ជា​របស់​អ្នក​វិភាគ​នយោបាយ​ និង​សង្គម​លោក​បណ្ឌិត​មាស នី​ក៏ត្រូវ​បាន​រង​ការ​ខូចខាត​ស្ទើរតែ​ទាំង​ស្រុង​ដោយ​គ្រោះ​អគ្គិភ័យ​នេះ។​

The Cambodia Daily​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​បណ្ឌិត​មាស នី​នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ឡើយ។ ​យ៉ាងនេះ​ក្តី លោក​បាន​ប្រាប់​សារ​ព័ត៌មាន​អនឡាញ​ថ្មីៗ ​ដោយ​អះអាង​ថា​ ឧបទ្ទវ​ហេតុ​នេះ​ គឺ​កើត​ឡើង​ដោយ​ចៃដន្យ។​

លោក​បញ្ជាក់​ថា ​ភ្លើង​ឆេះ​ផ្ទះ​គេ​នៅ​ក្បែរ​ផ្ទះ​របស់​លោក​ហើយ​ឆ្លងមក​ឆេះផ្ទះ​របស់​គាត់​តែម្តង។​
លោក​ថា ​នៅក្នុង​ផ្ទះ​លោក​ដែល​ឆេះ​នោះ​មាន​មនុស្ស​រស់នៅ​តែពីរ​នាក់​ប៉ុណ្ណោះ​គឺម្តាយ​ក្មេក​វ័យ​៧០​ឆ្នាំ ​និង​កូន​ប្រុស​របស់​លោក​អាយុ​៣០​ឆ្នាំ ​ហើយ​ពួក​គាត់​មិន​រង​របួស​អ្វី​នោះ​ឡើយ​ ហើយ​លោក​កំពុង​ពិភាក្សា​គ្នា​ដើម្បី​សាងសង់​ផ្ទះ​នោះ​ឡើង​វិញ។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​សន ជ័យ​មើល​ឃើញ​ថា​ នេះ​ជា​គ្រោះ​មហន្តរាយ​ ដោយ​ចាំបាច់​ណាស់​ត្រូវ​មាន​ការ​គាំទ្រ​ពី​រដ្ឋ​និង​អង្គការ​មនុស្ស​ធម៌​ ដូច​ជា​កាកបាទ​ក្រហម​ជាដើម។​ ជាមួយ​គ្នា​នេះ ​លោក​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​ ជុំវិញ​ករណី​នេះ​ដើម្បី​បង្ហាញ​ដល់​សាធារណ​ជន​ បើ​ពុំនោះ​សោត​លោក​ថា​​ ករណី​នេះ​នៅ​តែ​ជា​មន្ទិល​សង្ស័យ​ដដែល។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ធ្វើ​ការងារ​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​ការ​សោក​ស្តាយ​នេះ​ដូច​គ្នា​ និង​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះ​រឿង​នេះ។​

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​បាន​សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា​ ខណៈ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នេះ ​លោក​អំពាវ​នាវ​ឱ្យ​បងប្អូន​ជន​រួមជាតិ​ចូលរួម​ផ្តល់​កម្លាំង​ចិត្ត​ និង​ផ្តល់​ជា​វិភាគ​ទាន​ដល់​លោក​បណ្ឌិត​មាស នី​ទៅ​តាម​សុធា​និង​តាម​លទ្ធ​ភាព​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​លោក​បណ្ឌិត​មាស នី​ក្នុង​គ្រា​នេះ។​

រី​ឯ​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក​ថេង សាវឿន​ ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​ដល់​គ្រួសារ​លោក​បណ្ឌិត​មាស នី​ដែរ។​ លោក​ថា ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​លោក​សូម​ចូល​រួម​រំលែក​ក្ដី​លំបាក​របស់​គ្រួសារ​លោក​គ្រូ​បណ្ឌិត​មាស នី​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ។​

ចំណែក​អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​ ដែល​សព្វ​ថ្ងៃ​កំពុង​រស់​ភៀស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់​ ដើម្បី​គេច​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​រដ្ឋាភិបាល​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ទោះបី​ជាផ្ទះ​របស់​លោក​បណ្ឌិត​មាស នី ឆេះ​ខ្ទេច​ដោយ​គ្មាន​មូល​ហេតុ​អ្វី​ក៏​ដោយ​ ប៉ុន្តែ​ដំណោះ​ស្រាយ​ជា​បឋម​ក្នុង​នាម​ជា​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​នៅ​គ្រប់​ទិសទី​ទូទាំង​សកលោក​ សូម​មេត្តា​ជួយ​ជ្រោម​ជ្រែង​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ផង។​ នេះជា​របៀប​នៃ​ការ​ចង​បាច់​គុណធម៌​រួបរួម​សកម្ម​ដើម្បី​គោល​ដៅ​ជាតិ​រួម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស