31 C
Phnom Penh

អ្នក​ជំនាញ​របស់​អ.ស.ប.​ទាម​ទារ​ជាថ្មី​ទៀត​ឱ្យ​រដ្ឋាភិបាល​ស្តារ​ស្ថានភាព​នយោបាយ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាថ្មីម្តង​ទៀត ​ក្រុម​អ្នក​ជំនាញ​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ស្តារ​ស្ថានភាព​នយោបាយ​ដែល​កំពុង​ធ្លាក់​ចុះ​ឡើង​វិញ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​នេះ​ឲ្យដឹងថា​ អ្នក​ជំនាញ​អ.ស.ប.​ដោយ​រួមមាន​ អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ការ​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​គំនិត​និង​ការ​បញ្ចេញ​មតិ​លោក​ដេវីដ កាយ៉េ​និង​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី​រ៉ូណា ស្មីត​បាន​បង្ហាញ​កង្វល់​ជាថ្មី​ទៀត​ ចំពោះ​និន្នាការ​កើន​ឡើង​នៃ​ការ​គាប​សង្កត់​ទៅ​លើ​ក្រុម​ប្រឆាំង ​ឬ​អ្នក​មាន​មតិ​ផ្ទុយ​ពី​ខ្លួន​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​បំណង​បំភិត​បំភ័យ​ ឬ​បំបិទ​សំឡេង​មតិ​នយោបាយ​ផ្ទុយ។​

អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្តារ​និន្នាការ​ធ្លាក់​ចុះ​បច្ចុប្បន្ន​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​នយោបាយ​និង​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ឡើង​វិញ។​
ពួក​គេ​ក៏​បាន​បញ្ជាក់​ថា​​ ដល់​ពេល​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ត្រូវ​ដឹកនាំ​ឲ្យមាន​ការ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​ទៅ​ជា​កិច្ច​សន្ទនា​មួយ​ ដែល​ផ្តោត​ទៅលើ​បញ្ហា​ជា​ជាង​ផ្តោត​លើ​បុគ្គល​ដែល​វាជា​វិធីមួយ​ឈាន​ទៅមុខ ​និង​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​សន្តិភាព​យូរ​អង្វែង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​ការ​ទទួល​បាន​សិទ្ធិ​មនុស្ស​ទាំង​អស់។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​អះអាង​ថា ​សមាជិក​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ជាង​១៤០​រូប​ហើយ ​ត្រូវ​បាន​តុលាការ​និង​អាជ្ញាធរ​ចោទ​សួរ​កោះ​ហៅ​ឬ ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​ការ​ចូល​រួម​ប្រមូល​ផ្តុំ​និង​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​គាំទ្រ​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​របស់​ខ្លួន​គឺ​លោក​កឹម សុខា​និង​លោក​សម រង្ស៊ី​ កាល​ពី​ពេល​កន្លង​មក។​

យ៉ាង​ណាក៏​ដោយ​ លោក​ហ៊ុន សែន​និង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ តែង​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ​លោក​ហ៊ុន សែន​ នឹង​មិន​អាច​វិល​ទៅ​រក​ផ្លូវ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ឡើយ ​ហើយ​ថា​ បក្ស​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។​

ដោយ​ឡែក​សកម្ម​ភាព​ធ្វើ​នយោបាយ​ណា​មួយ​របស់​អ្នក​ជាប់​បម្រាម​របស់​តុលាការ​កំពូល​ក្នុង​ពេល​ដែល​មិន​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​នោះ​ត្រូវ​កម្ចេច​ចោល​ភ្លាម។​

លើស​ពី​នេះ ​លោក​ហ៊ុន សែន​ក៏ធ្លាប់​បាន​ប្រកាស​ជាច្រើន​ដង​ហើយ​ថា​ នឹង​តាម​សម្លាប់​ជីវិត​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​ឱ្យ​អស់​ ដោយ​មិន​ឱ្យ​ពួកនេះ​បន្ត​ជីវិត​ទៅចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២​ឬ​២០២៣​បាន​ជាដាច់​ខាត។​

ការចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ពេល​នេះ​ស្រប​ពេល​នៅក្រុង​ភ្នំពេញ​ស្ថានទូត​ជប៉ុន​បាន​អញ្ជើញ​ភរិយា​របស់​មេ​បក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​គឺ​អ្នកស្រី​ តែ កែមនោ​ចូល​ជួប​ពិភាក្សា​កាល​ពី​សប្តាហ៍​មុន​ ដោយ​បាន​ពិភាក្សា​អំពី​ការ​បន្ត​ឃុំខ្លួន​អ្នក​នយោបាយ​លោក​​កឹម សុខា​​ដែល​អាមេរិក​ធ្លាប់​អះអាង​ថា​ ជាការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​អយុត្តិធម៌​និង​គ្មាន​ភ័ស្តុតាង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស