Opinion

អ្នកឃ្លាំមើលសង្គមថា ការដកមន្ត្រី​រដ្ឋាភិបាលេជាការបំភ័ន្តនិងបិទបាំងកំហុសលោកហ៊ុន សែនចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ

អ្នកឃ្លាំមើល​សង្គម​និយាយ​ថា ​សោកនាដ​កម្ម​គឺ​ជា​សោកនាដ​កម្ម!​ នេះ​គឺជា​សម្រែក​ចូលរួម​រំលែក​ពី​មជ្ឈដ្ឋាន​នានា​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​ពី​គ្រប់ទិស​ទី​នៃ​ពិភព​លោក​ដូច​ដែល​ដឹង​បាន​តាម​រយៈ​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងឡាយ ​កាសែត​ វិទ្យុ​ទូរទស្សន៍៖​The New York Times ​សហ​រដ្ឋ​អាមេរិក, AFP​ និង​សាេ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​ទៀត។​

អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ ​ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំង​ឡង់​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ចោទ​ជា​សំណួរ​ថា​ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សោកនាដ​កម្ម​ស្លាប់​កម្មករ​ខ្មែរ​ចំនួន​២៨​នាក់ ​និង​រង​របួស​២៦​នាក់​ ពី​ការ​បាក់​រលំ​នៃ​អាគារ​កម្ពស់​៧​ជាន់​របស់​ក្រុមហ៊ុន​ចិន ​ក្នុង​ក្រុង​ព្រះសីហនុ​ ជាទី​ដែល​ជនជាតិ​ចិន​បាន​ហូរ​ចូល​ច្រើន​សន្ធឹក​សន្ធាប់​ រាប់​ទាំង​ពួក​ម៉ាហ៊្វីយ៉ា​​ រហូត​ដល់​ស្ទើរ​តែ​លែង​ឃើញ​ជនជាតិ​ខ្មែរ​ម្ចាស់​ស្រុក​នោះ?​

អ្នក​វិភាគ​រូប​នេះ​រិះគន់​ថា​ វត្តមាន​ជនជាតិ​ចិន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​គឺ​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយ​ដែល​ពុំមែន​ជាការ​ត្រេកអរ​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​នោះ​ឡើយ ​ប៉ុន្តែ​ជា​ការ​សាទរ​របស់​លោក​ហ៊ុន សែន​និង​អ្នក​គាំទ្រ​ហៃអើ​របស់​គាត់​ ក្នុង​នាម​ខ្លួន​គាត់​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ដែល​ចេញ​ពី​ការ​បោះឆ្នោត​ក្លែង​បន្លំ​មួយ​ កាល​ខែ​កក្កដា​ឆ្នាំ​មុន។​

លោក​បន្ត​ថា ​ជាតិ​ខ្មែរ​ទាំង​មូល​តែង​រង​គ្រោះ​ដោយ​សារ​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន​មួយ​ករណី​ហើយ​មួយ​ករណី​ទៀត​តាំង​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​រហូត​ដល់​នយោបាយ​អំណាច​អញ​និយម ​គ្រួសារ​និយម​ សម្លាប់​ប្រជា​ធិបតេយ្យ ​ធ្វើឲ្យ​ប្រជា​រាស្ត្រ​ក្ដៅ​ក្រហាយ​ពាស​ពេញ​ប្រទេស។​​

លោក​គឹម សុខ​រិះគន់​ថា ​ការ​ប្រកាស​ដក​ ដូរ​ ផ្លាស់​កន្លែង​ កូន​ចៅ​របស់​គាត់​តាម​របៀប​ល្បែង​សៀក​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ ដើម្បី​បន្ថយ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​តែ​ប៉ុណ្ណោះ។​

លោក​គឹម សុខ​អះអាង​ថា​ ចំពោះ​មុខ​ការ​រិះគន់​លើ​ចំណាត់​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ពី​លើ​ដល់​ថា្នក់​ក្រោម​និង​ពួក​ថៅកែ​ចិន​លោក​ហ៊ុន សែន​បាន​ប្រកាស​ដក​មនុស្ស​​មួយ​ចំនួន​​នៃ​រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា​ ក្រោយ​ពី​ការ​សុំ​លាលែង​របស់​លោក​យន្ត មីន​ពី​តំណែង​អភិបាល​ខេត្ត​ព្រះ​សីហនុ ​ដែល​បាន​ឆ្លើយ​ដោះ​សារ​មិន​ទំនង​ថា ​បាន​ប្រាប់​ពីរ​ដង​ឲ្យ​ផ្អាក​ការ​សាងសង់ ​ប៉ុន្តែ​ចិន​មិន​ស្ដាប់​នោះ,។​​លោក​ហ៊ុន សែន ​បាន​ដក​លោក​ញឹម​ វ៉ាន់ដា​ ពី​តំណែង​​ទេស​រដ្ឋមន្ត្រី​ និង​អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​គ្រោះ​មហន្តរាយ​ដោយ​សារ ​ធ្វើការ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​និង​ភូតភរ។​​

ក្រៅពី​នេះ​ មាន​ការ​ផ្លាស់​តំណែង​ពី​កន្លែង​មួយ​ទៅ​មួយ​ទៀត។​ លោក​គួច ចំរើន ​ដែល​ជាប់​ឈ្មោះ​គេ​ស្គាល់​ថា​ នៅ​ក្នុង​ក្រុម​ដៃ​ក្ដៅ ​ចិត្ត​ឆៅ​តាម​អែប​លោក​ហ៊ុន សែន​តាំង​ពី​នៅ​ជា​និស្សិត​នោះ ​ត្រូវ​បាន​ដូរ​កន្លែង​ពី​ចៅហ្វាយ​ខេត្ត​កំពង់ចាម​ទៅ​កាន់​ខេត្ត​ព្រះសីហនុ។​

លោក​បន្ត​ថា​ ការ​ដក​ដាក់​ជា​ល្បែង​ឡប់ឡែ​នោះ​   ​ហើយ​បើ​ថា​ តាម​ហេតុ​ផល​ផ្លូវ​ច្បាប់​ ​អ្នក​ដែល​ត្រូវ​គេដក​ចេញ ​ឬ​ដេញ​ចេញ​គឺ​លោក​ជា សុផារ៉ា ​រដ្ឋមន្ត្រី​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម​និង​សំណង់ទៅ​វិញ​ទេ​ ពីព្រោះ​លោក​មាន​សមត្ថកិច្ច​ចេញ​អាជ្ញាប័ណ្ណ​សាងសង់។​

រី​ឯ​ការ​ដាក់​លោក​គន់ គីម​ដែល​មាន​ចំណេះ​ដឹង​និង​សមត្ថភាព​ទាប​ដែល​បាន​កាន់​តំណែង​ទាត់ខ្យល់​តាំងពី​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​អគ្គ​មេបញ្ជា​ការ​រង​កង​យោធពល​​ខេមរ​ភូមិន្ទ​ ហើយ​ត្រូវ​លោក​ ហ៊ុន សែន​ លើក​បន្តុប​ឲ្យ​ទៅ​ជំនួស​លោក​ញឹម​ វណ្ណដា​នោះ​គឺ​គ្រាន់​តែ​ជាល្បិច​សម្រួល​កន្លែង​ឲ្យកូន​ចៅ​ជំនិត​ដែល​ធ្លាប់​កាន់​កាំភ្លើង​កាង​អំណាច​ឲ្យ​ប៉ុណ្ណោះ។ ​លោក​គន់ គីម​គឺ​ជា​មនុស្ស​ជិតដិត​ស្និទ្ធស្នាល​បំផុត​របស់​លោក​ហ៊ុន សែន​ តាំងពី​ពេល​អ្នក​ទាំងពីរ​នាក់​នៅ​ជា​ឈ្លប​របស់​ ប៉ុល ពត ​មុន​ពួក​ខ្មែរក្រហម​បាន​ឡើង​ត្រួត​ត្រា​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៧៥​ម្ល៉េះ។​

តាម​ផ្លូវ​ច្បាប់​និង​ស្មារតី​ទទួល​ខុសត្រូវ​ជា​មេ​ភ្លើង​បញ្ហា ​គឺ​លោក​ហ៊ុន សែន​ខ្លួន​ឯង​ ដែល​ត្រូវ​លាលែង ​មុន​នរណាៗ​ទាំងអស់​ ពីព្រោះ​គឺជា​អ្នក​បាន​សម្រេច​បង្ហូរ​ឲ្យ​ហ្វូង​ជនជាតិ​ចិន​ចូល​ស្រុក​ កើត​បញ្ហា​ពេញ​ទឹក​ពេញ​ដី​ដូច្នេះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.