32 C
Phnom Penh

លោក ហ៊ុន សែន ថាសមត្ថកិច្ចបន្តតាមដានសំឡេងសន្ទនារបស់ពលរដ្ឋ ពាក់ព័ន្ធបញ្ហាជំងឺកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា បេសកកម្មតាមស្តាប់សំឡេងពលរដ្ឋខ្មែរ ក្រោមទិសដៅប្រឆាំងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ក្រោយព្រឹត្តិការណ៍៩ វិច្ឆិកា នៃការវិលចូលស្រុករបស់លោក សម រង្ស៊ី នៅមិនទាន់បានបញ្ចប់ទេ ដោយបេសកកម្មនេះនឹងបន្ត ហើយក៏បន្តតាមស្តាប់ការសន្ទនារបស់ពលរដ្ឋដែលនិយាយគ្នាអំពីបញ្ហាជំងឺCovid-19 ឬ កូរ៉ូណាផងដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រឱ្យនិស្សិតនៅវិទ្យាស្ថានវ៉ាន់ដារ នារាជធានីភ្នំពេញនៅថ្ងៃនេះ លោកហ៊ុន សែន អះអាងថា សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ក្រោមការអនុញ្ញាតពីតុលាការ ត្រូវតែតាមដានស្តាប់កិច្ចសន្ទនារបស់ពលរដ្ឋបន្តទៀត។ លោកបន្តថា កិច្ចសន្ទនារបស់ពលរដ្ឋ ដែលអនុញ្ញាតឱ្យស្តាប់នោះ គឺក្រោមរូបភាពនៃការកំចាត់អំពើពុករលួយ និង ក្នុងគោលដៅភេរវកម្មឬ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកថា ក៏មានការស្តាប់កិច្ចសន្ទនាទាំងឡាយនោះ ពាក់ព័ន្ធបញ្ហាជំងឺកូរ៉ូណាផងដែរ។

កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានព្រមានបុរសម្នាក់នៅខេត្តព្រៃវែង ដែលនិយាយគ្នានៅក្នុងក្រុមលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែលោកមិនបានបញ្ជាក់ថាទំនាក់ទំនងសង្គមមួយណាទេ។

លោកថា បុរសរូបនោះបាននិយាយគ្នាថាលោកមានផ្ទុកជំងឺកូរ៉ូណា ហើយបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរី ដោយសម្ងាត់ទៀតផង។ លោកបានព្រមានទៅបុរសនោះថា រូបគេ និងក្រុមរបស់គេធ្វើអ្វី និយាយអ្វី ក៏លោកដឹងដែរ ហើយលោកនឹងបញ្ជាសមត្ថកិច្ចទៅចាប់ផ្ទាល់ដល់ផ្ទះតែមិនម្តង ប្រសិនបើមិនព្រមបញ្ឈប់ការនិយាយបែបនេះទេ។

កន្លងមកការលបស្តាប់កិច្ចសន្ទនាជាលក្ខណៈឯកជននេះត្រូវបានធ្វើឡើងភាគច្រើនទៅលើក្រុមបក្សប្រឆាំង សង្គមស៊ីវិល និងយកមកផ្សព្វផ្សាយដើម្បីប្តឹងផ្តល់ ទោះបីជាច្បាប់បានហាមឃាត់ការសារសន្ទនាលក្ខណៈឯកជនទាំងនោះក៏ដោយ។

សារសំឡេងសន្ទនា ដែលគេចោទថាជាកិច្ចសន្ទនារឿងអាស្រូវស្នេហាអនុប្រធានគណបក្សសង្រ្គោះជាតិពេលនោះ គឺ លោក កឹម សុខា ជាមួយនារីម្នាក់ឈ្មោះ ស្រី មុំ។

កិច្ចសន្ទនារវាងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធដល់អង្គព្រះមហាក្សត្រ និងរឿងរ៉ាវឯកជនជាច្រើនទៀត ក៏ត្រូវបានគេបញ្ចេញដាក់បន្ទុកទៅលើក្រុមបក្សប្រឆាំងទាំងនោះជាហូរហែ។ រដ្ឋាភិបាលមិនត្រឹមត្រូវតែមិនចាត់វិធានការដល់ក្រុមអ្នកដែលលបស្តាប់សំឡេងសន្ទនាឯកជនទាំងនោះទេ ប៉ុន្តែ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសសរសើស្នាដៃហ្វេសប៊ុកឈ្មោះ សីហា ដែលមានទេពកោសល្យខ្ពស់ក្នុងថតសំឡេងក្រុមបក្សប្រឆាំង ពិសេសអាចថតសំឡេងសន្ទនារវាង លោក ហ៊ុន សែន និង អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ទៀតផង។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤០ បានចែងអំពីការរក្សាសិទ្ធិមិនអាចរំលោភបាន ដូចជាមិនអាចរំលោភលើលំនៅដ្ឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ និងប្រព័ន្ធទូរស័ព្ទត្រូវបានធានា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស