អ្នកឃ្លាំមើលនិយាយថាកម្ពុជានឹងធ្លាក់ក្នុងស្ថានភាពគ្រប់គ្រង បែប ប៉ុល ពត បូកផ្សំនឹងការគ្រប់គ្រងបែបរបបវៀតណាម៥០% និងការគ្រប់គ្រងដោយចិនកុម្មុយនីស្ត ៥០%។អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ បានសរសេរនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ប្រសិនបើ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ មិននាំគ្នាចូលធ្វើសកម្មភាពក្នុងស្រុក ក្នុងកម្លាំងរួបរួម ហើយនៅតែឆ្លើយតបសើៗល្វើយៗ លំៗ ពីក្រៅប្រទេសដូចបច្ចុប្បន្ន នោះកម្ពុជានឹងធ្លាក់ក្នុងស្ថានភាពគ្រប់គ្រង បែប ប៉ុល ពត។ លោកបន្តថា ប្រសិនបើអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុបEU ឬជប៉ុនជាដើមនោះ នៅតែបង្ហាញប្រតិកម្មស្ទាក់ស្ទើរៗទៅលើការដឹកនាំរបស់លោកហ៊ុន សែន នោះកម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរជាងពេលណាទាំងអស់។អ្នកវិភាគរូបនេះថា ពួកឈ្មួញ ឬក្រុមល្មោភអំណាច អាចបំភ្លៃបន្តដឹកនាំរដ្ឋាភិបាលរបស់ពួកគេ លើមាគ៌ាបំផ្លាញជាតិខ្មែរ ក្រោមឈ្មោះរដ្ឋធម្មនុញ្ញរបស់ប្រជាជាតិអធិបតេយ្យមួយ ដែលចោរធំពិតប្រាកដមិនចាំបាច់ចេញមុខ សម្ញែងសាច់ដុំដូចកាលពីអតីតកាលនោះឡើយ។
ទោះបីជាយ៉ាងនេះក្តី លោកហ៊ុន សែន និងមន្ត្រីរបស់លោកតែង ចេញមុខប្រកាសថាកម្ពុជាកំពុងដើរលើផ្លូវត្រូវ ក្រោមលេសនៃការអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ ហើយគ្មានការជ្រៀតជ្រែកពីរដ្ឋបរទេសនោះឡើយ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្នុងឱកាសរំលឹកខួបលើកទី៧៣នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម ។នាឱកាសគោរពវិញ្ញាណក្ខន្ធ អ្នកជំនាញការ កងទ័ពស្ម័គ្រចិត្តវៀតណាម និងយុទ្ធជនបដិវត្តកម្ពុជា ដែលបានពលីជីវិតដើម្បីបុព្វហេតុកាពារជាតិ លោក វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានអះអាងពីគុណបំណាច់របស់ខ្លួនក្នុងការជួយដល់កម្ពុជាឱ្យរួចផុតពីរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩ ហើយលោកថាបច្ចុប្បន្នក៏ជាឱកាសមួយដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រជាជាតិនៃប្រទេសទាំងពីរផងដែរ។
ទោះបីជាវៀតណាមអះអាងពីការពង្រឹងសាមគ្គីភាព និងភាពជាបងប្អូនម៉ឺនឆ្នាំសចំពោះកម្ពុជាក៏ដោយ ប៉ុន្តែកាយវិការរបស់ខ្លួន ដែលធ្វើដាក់កម្ពុជាកន្លងមកហាក់ផ្ទុយពីការពិត។ជាក់ស្តែងការបញ្ជាឱ្យថ្នាក់ដឹកនាំកម្ពុជាត្រូវមើលថែពលរដ្ឋខ្លួននិងផ្តល់សញ្ជាតិឱ្យពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជាម្តងហើយម្តងទៀតមិនចេះចប់។ការប្រកាសបិទច្រកព្រំដែនជាមួយកម្ពុជាក្នុងវិបត្តិកូវីដ១៩ ដោយឯកតោភាគី មិនបានជូនដំណឹងមកកម្ពុជាឱ្យដឹងជាមុន ការបោះតង់ជិត៣០០កន្លែងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលភាគច្រើនជាទីតាំងមិនទាន់ឯកភាពគ្នាក្រោមលេសទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងបញ្ហាជាច្រើនផ្សេងទៀត៕