30 C
Phnom Penh

អគ្គស្នងការនគរបាលជាតិ ហៅក្រុមអ្នករិះគន់កម្ពុជាថាមានការគំរាមកំហែងផ្នែកនយោបាយ ជាក្រុមមនុស្សក្រៅសង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានហៅក្រុមអ្នករិះគន់ ដែលតែងរិះគន់ថា កម្ពុជាមានការគំរាមកំហែងផ្នែកនយោបាយ គឺជាក្រុមមនុស្សក្រៅសង្គមកម្ពុជាតែប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទី៣១ ខែធ្នូ នេះ អះអាងថាមតិរិះគន់ដែលលើកឡើងថា នៅកម្ពុជាមានការគំរាមកំហែងផ្នែកនយោបាយ គឺជារឿងមិនត្រឹមត្រូវ ហើយខ្វះតម្លាភាពដែលអាចបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់ផលប្រយោជន៍ និងបុគ្គលផ្សេងទៀត។

ប្រភពដដែលបន្តថា ថ្មីៗនេះ មានបណ្តាញសារព័ត៌មាននៅក្រៅប្រទេសមួយចំនួន បានផ្សាយបទសម្ភាសន៍ និងធ្វើអត្ថាធិប្បាយរបស់សកម្មជន គ្រួសារសកម្មជនបក្សនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល។

អ្នកនាំពាក្យដដែលបន្តថា នៅក្នុងបទសម្ភាសន៍ អ្នកទាំងនោះ បានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេ ចំពោះការប្រើអំពើហិង្សា និងការគំរាមកំហែងផ្នែកនយោបាយ ព្រមទាំងបង្ហាញពីការមិនជឿទុកចិត្តលើច្បាប់ និងរដ្ឋាភិបាល ក្នុងការចាត់វិធានការច្បាប់ និងវិធានការពង្រឹងសន្តិសុខសង្គម ក្រោយពីសកម្មជន និងសាច់ញាតិរបស់ពួកគេត្រូវបានចាប់ខ្លួន និងរងអំពើហិង្សាជាបន្តបន្ទាប់ ហើយជនដៃដល់មិនត្រូវបានចាប់យកមកផ្តន្ទាទោស។

សេចក្តីប្រកាសព័ត៌មាននេះ បានចាត់ទុកការផ្សព្វផ្សាយបទសម្ភាសន៍ និងការអត្ថាធិប្បាយទាំងនោះថា ជាការចោទប្រកាន់ទៅលើរដ្ឋាភិបាលដោយគ្មានភស្តុតាង និងហេតុផលច្បាស់លាស់ឡើយ។

លើសពីនេះ ជាការផ្សព្វផ្សាយនោះ មានចរិតគុំកួន និងមានចេតនាទុច្ចរិត បំភ័ន្តសាធារណៈមតិជាតិ អន្តរជាតិ ឱ្យមានការយល់ច្រឡំ និងបាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋាភិបាល ដើម្បីកេងយកផលប្រយោជន៍ផ្នែកនយោបាយតែប៉ុណ្ណោះ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តទៀតថា ការលើកឡើងរបស់សកម្មជន គ្រួសារនៃសកម្មនយោបាយ និងអង្គការសង្គមស៊ីវិល ដែលផ្សាយតាមបណ្តាញព័ត៌មានក្រៅប្រទេសនោះ គឺបានបង្ហាញអំពីចរិករើសអើង និងអាចវាយតម្លៃថា ពួកគេជាជំពូកមនុស្សនៅក្រៅសង្គមកម្ពុជាតែប៉ុណ្ណោះ។

ការលើកឡើងនេះ ក្រោយពេលសកម្មជនគណបក្សសង្រ្គោះជាតិនៅក្នុងប្រទេសជា រងការវាយប្រហារលើរាងកាយ និងវាយប្រហារតាមប្រព័ន្ធតុលាការឥតឈប់ឈរ។

សង្គមស៊ីវិលធ្លាប់ឱ្យដឹងថា ក្នុងឆ្នាំ២០១៩ អតីតសកម្មជនបក្សប្រឆាំងយ៉ាងហោចណាស់ជាង១០នាក់ ត្រូវបានជនមិនស្គាល់មុខវាយប្រហារបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរជាបន្តបន្ទាប់។

កូនស្រីរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ធ្លាប់លើកឡើង ដោយហៅការវាយប្រហារទៅលើអតីតសកម្មជនគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់នោះ ថាត្រូវបានគេរៀបចំឡើងជាប្រព័ន្ធ។

មកទល់ពេលបច្ចុប្បន្នជនល្មើស ដែលវាយប្រហារទៅលើអតីតសកម្មជនបក្សសង្រ្គោះជាតិ មិនត្រូវបានចាប់ខ្លួនឬ យកមកផ្តន្ទាទោសនោះឡើយ ពោលគឺមិនដែលរកឃើញជនល្មើសទេ។

យ៉ាងណា កាលពីថ្ងៃទី២៩ខែធ្នូ អ្នកវិភាគនយោបាយលោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុកថា គ្រួសារត្រកូលហ៊ុន កំពុងធ្វើសង្គ្រាមសាហាវជាងមុន ហើយបំផ្លាញប្រជាជាតិខ្មែរក៏ខ្លាំងជាងមុនដែរ។ 

លោកលើកឡើងថា គ្រួសារហ៊ុន ពីឪដល់កូន តដល់ចៅ និងបក្ខពួក កំពុងអួតអំពីការបញ្ចប់«សង្គ្រាម» ។ ប៉ុន្តែ ពួកគេនៅតែខំប្រឹងតម្លើង«ការគំរាម ការតាមវាយដល់ផ្ទះ, វាយខ្នោះ, ចាប់ដាក់គុក, កម្ទេច, ចេញមួយវ៉ៃមួយ និងសម្លាប់ជាដើម»។

កាលពីឆ្នាំចុងឆ្នាំ២០១៨ លោក ហ៊ុន សែន ធ្លាប់ថ្លែងនៅក្នុងជប៉ុន ប្រាប់ពិភពលោកថា អ្វីដែលធ្វើឲ្យលោកស្តាយបំផុតនោះ គឺគាត់ស្ដាយមិនបានសម្លាប់ក្រុមមនុស្ស ចំនួន ដែលលោកសំដៅទៅលើមេដឹកនាំបក្សប្រឆាំង។ 

លោកគឹម សុខ មើលឃើញថាសង្គ្រាមប្រដាប់អាវុធ ទំនងជាចប់មែន ព្រោះសព្វថ្ងៃនេះ ពុំមានគូប្រជែង ដែលមានកម្លាំងប្រដាប់អាវុធ តតាំងនឹងកម្លាំងអាវុធគ្រួសារត្រកូលហ៊ុននោះទេ ។ ប៉ុន្តែលោកចាត់ទុកថា ការគំរាមនោះគ្រាន់តែជាល្បែងសង្គ្រាមថ្មី នៃការប្រើអំណាចអាជ្ញាតាមទំនើងចិត្ត និងកម្លាំងប្រដាប់អាវុធ ប្រឆាំងលើសេរីភាពរបស់ ពលរដ្ឋខ្មែរស៊ីវិល ប៉ុណ្ណោះ។

អ្នកវិភាគដែលរត់គេចខ្លួនដោយគេចពីការចាប់ខ្លួនជាថ្មីទៀតពីរដ្ឋាភិបាលលោកហ៊ុន សែន រូបនេះ ថាពីមុន គឺជាសង្គ្រាមប្រដាប់អាវុធរបស់លោក ហ៊ុន សែន ដើម្បីប្លន់អំណាច ។ ប៉ុន្តែនៅពេលនេះ ការគំរាមគ្រប់ទម្រង់របស់លោក ហ៊ុន សែន និងកូនៗរបស់គាត់ គឺជាល្បែងសង្គ្រាមអាជ្ញាទំនើងចិត្ត ដើម្បីក្ដោបក្ដាប់អំណាចដែលប្លន់បាន និងផ្ទេរអំណាចដែលប្លន់បាន តជំនាន់នៃគ្រួសារត្រកូលហ៊ុន តែប៉ុណ្ណោះ ។

លោកថា សង្គ្រាមវគ្គនេះ កាន់តែសាហាវជាងមុន គឺគ្រួសារហ៊ុន ត្រៀមធ្វើសង្គ្រាមគ្រប់រូបភាព ដែលអាចនិយាយថា គំរូសង្គ្រាមហាណូល កម្ទេចប្រជាជាតិខ្មែរ ។ ហើយនេះនៅមិនទាន់និយាយដល់សង្គ្រាមរបស់គ្រួសារហ៊ុន បំផ្លាញធនធានខ្មែរផង និងកំពុងដើរដល់ផែនការបង្ហើយដំណក់ប្រេង ជាធនធានធម្មជាតិសល់ចុងក្រោយរបស់ខ្មែរផងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស