សហជីពនៅក្រុមហ៊ុន ណាហ្គា វើលដ៍ លើកឡើងថា ក្រុមហ៊ុនគ្រោងកាត់នឹងបុគ្គលិកចេញពីការងារចំនួន ១៣២៩ នាក់ ពាក់កណ្តាលខែមេសានេះ ក្រោមហេតុផលថា ក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ចការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសេចក្ដីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពាក់កណ្តាលខែមេសានេះ ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ គ្រោងកាត់បុគ្គលិកចំនួន ១៣២៩ នាក់ចេញពីការងារក្រោមហេតុផលថា ជួបវិបត្តិសេដ្ឋកិច្ច ដោយសារ តែជំងឺកូវីដ-១៩។
ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតដល់បច្ចុប្បន្ន សហជីពថា ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ មិនបានជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរឡើយ ដោយជំងឺកូវីដ-១៩ ឡើយ គ្រាន់តែក្រុមហ៊ុននេះ រកប្រាក់ចំណេញមិនបានច្រើនដូចមុនតែប៉ុណ្ណោះ។
សហជីពចាត់ទុកការបញ្ឈប់បុគ្គលិកពីសំណាក់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ក្រោមហេតុផលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះថា ធ្វើឡើងដោយបំពានច្បាប់ការងារ។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Nagacorp ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅហុងកុងនិងជាប្រតិបត្តិករកាស៊ីណូណាហ្គាវើលនៅកម្ពុជា ឱ្យដឹងថា នៅឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញជាង១០០លានដុល្លារ ទោះបីជាមានវិបត្តិកូវីដ-១៩កើតឡើងក្ដី។
បើតាមសហជីពប្រចាំនៅក្រុមហ៊ុន ណាហ្គា វើលដ៍ ធ្លាប់លើកឡើងថា បុគ្គលិកដែលកំពុងធ្វើការនៅក្រុមហ៊ុននេះ មានចំនួនប្រហែលជា ៨ ០០០នាក់៕