29 C
Phnom Penh

អាជ្ញាធរ​ឱ្យ​ម្ចាស់​បែចិញ្ចឹមត្រី​និង​ផ្ទះ​បណ្ដែត​ទឹក​រុះរើ​ចេញ​លើ​ផ្ទៃ​ទន្លេ​រាជធានី​ភ្នំពេញ

បទវិភាគ

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ទុក​រយៈពេល ១​សប្ដាហ៍ ដើម្បី​ឱ្យ​ម្ចាស់​បែចិញ្ចឹមត្រី និង​ម្ចាស់​ផ្ទះ​បណ្ដែត​ទឹក​ទាំង​តូច រួម​ទាំង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់។

ក្នុង​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា កន្លង​មក​មាន​ជន​ឱកាស​និយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែចិញ្ចឹមត្រី ផ្ទះ​បណ្ដែត​ទឹម ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​ប្រែ​ក្លាយ​ជា​កន្លែង​ស្នាក់នៅ​ខុស​ច្បាប់​យ៉ាង​អណាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ រួម​ទាំង​ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ។

មួយ​ទៀត ការរស់នៅ​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូហ្ស៊ី មាន​ចរន្ត​ទឹកហូរ​គោក​រាក់ ជាពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាកសំណល់​បន្ទោបង់​ពាសវាលពាសកាល​ក្នុង​ទន្លេ ដែល​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក និង​គុណភាព​ទឹក បំពុល​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាជន​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ។

សាលា​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ការ​ដែល​អាជ្ញាធរ​ឱ្យ​រុះរើ​ដោយសារ​អាជ្ញាធរ​ចង់​ឱ្យ​អ្នក​ធ្វើ​បែចិញ្ចឹមត្រី​លើ​ផ្ទៃ​ទន្លេ ប្ដូរ​ទម្លាប់​មក​ចិញ្ចឹម​ត្រី​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​តាម​បែប​ស្រះ​វិញ។

ករណី​នេះ សាលា​រាជធានី​ភ្នំពេញ​ទុក​រយៈពេល​មួយ​សប្ដាហ៍​ដល់​ម្ចាស់​បែចិញ្ចឹមត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ដើម្បី​រុះរើ និង​ចល័ត​ចេញ​ជាបន្ទាន់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ប៉ុន្តែ​បើ​សិន​ផុត​រយៈពេល ១​សប្ដាហ៍ ហើយ​នៅតែ​មិន​រុះរើ ឬ​ចល័ត​ចេញ​ទេ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ច្បាប់​ដោយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ស្វាគមន៍​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង់​ឱ្យ​បាន​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ។

អ្នក​វិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ កត់សម្គាល់​ថា ពលរដ្ឋ​ខ្មែរ​ពុំ​សូវ​មាន​ទម្លាប់​រស់នៅ​លើ​ទឹក​ទេ ដោយ​ជា​ធម្មតា​ពួកគាត់​ចូលចិត្ត​រស់នៅ​លើ​ដីគោក ប៉ុន្តែ​បើសិនជា​មាន លោក​ថា​ក៏​តិចតួច​ណាស់​ដែល​ចង់​រស់នៅ​លើ​ទឹក​នោះ។

លោក​បន្ត​ថា ជាទូទៅ​មាន​តែ​ជនជាតិ​វៀតណាម និង​បងប្អូន​អ៊ីស្លាម​ប៉ុណ្ណោះ ដែល​ចូលចិត្ត​រស់នៅ​លើ​ផ្ទៃ​ទឹក ប៉ុន្តែ​ករណី​នេះ​លោក​ថា​មិន​ពិបាក​សម្គាល់​ទេ​រវាង​បងប្អូន​អ៊ីស្លាម និង​ជនជាតិ​វៀតណាម គឺ​គ្រាន់តែ​ក្រឡេក​ឃើញ និង​និយាយ​ជាមួយ​អាច​ស្គាល់​បាន។

លោក គឹម សុខ បង្ហាញ​ក្ដី​បារម្ភ​ថា ករណី​នេះ​អាច​ជា​ល្បែង​យក​គ្រួសារ​ជនជាតិ​វៀតណាម ពី​លើ​ទឹក​ទៅ​ចែក​ដី​ឱ្យ​រស់នៅ​លើ​គោក និង​ផ្ដល់​ឯកសារ​ស្រប​ច្បាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស