32.9 C
Phnom Penh

ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង ៨០% ត្រូវ​បាន​រុះរើ​ចេញ​ពី​ទី​សាធារណៈ​នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​អះអាង​ថា ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ដែល​ដាក់​តាំង​បង្ហាញ​តាម​ទី​សាធារណៈ គឺ​បាន​រុះរើ​ចេញ​អស់ ៨០% ហើយ។ ចំណែកឯ​ផ្ទាំង​គ្រឿងស្រវឹង​ដែល​នៅសល់ លោក​ទុក​ពេល​ត្រឹម​ពាក់កណ្ដាល​ខែ​នេះ បើ​គ្មាន​ការ​រុះរើ​ទេ នោះ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​រុះរើ ហើយ​ក្រុមហ៊ុន​លក់​គ្រឿងស្រវឹង​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ថ្លៃ​ចំណាយ។

គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​សម្ដី​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ថា លោក​អភិបាល​ខេត្ត​សាទរ​ដែល​ឃើញ​ពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​លើសលប់​ក្នុង​ការ​រុះរើ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយ​លើក​កម្ពស់​សោភណភាព​ខេត្ត។ ប៉ុន្តែ​ចំនួន​ផ្ទាំង​គ្រឿងស្រវឹង​ដែល​នៅ​សេសសល់​ភាគច្រើន គឺ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ដែល​មិនមែន​នៅ​ចំ​ពី​មុខ​ផ្ទះ​របស់​ពលរដ្ឋ។

អភិបាល​ខេត្ត​រូប​នោះ​បញ្ជាក់​ថា អាជ្ញាធរ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​បន្ថែម​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដើម្បី​រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ឬ​ស្លាក​យីហោ​ដែល​ជ្រក​ក្រោម​ស្លាក​ស្រាបៀ​ឱ្យ​អស់​ចេញពី​ខេត្ត​នោះ ដោយសារ​ក្រុមហ៊ុន​ស្រាបៀ​ទាំងនោះ​ត្រូវការ​ពេល​ជួល​កម្មករ ខណៈ​ស្ថានភាព Covid-19 កំពុង​រីក​រាលដាល​មិន​ងាយ​រក​កម្មករ​រុះរើ​បាន​លឿន​នោះ​ទេ។

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ដល់​គ្រប់​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែង​លក់​ភេសជ្ជៈ និង​ក្រុមហ៊ុន​ចែកចាយ​ស្រាបៀ​ទាំងអស់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ឲ្យ​រុះរើ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​នៅ​ក្នុង​ភូមិសាស្ត្រ​នេះ។

រដ្ឋបាល​ខេត្ត​អះអាង​ថា ការ​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​ជាច្រើន​នៅ​តាម​បណ្តោយ​ចិញ្ចើម​ផ្លូវ​សាធារណៈ​នានា បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​សោភណភាព សេចក្តី​ថ្លៃថ្នូរ របៀប​រៀបរយ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ។

វិធានការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​មហាជន​សាទរ និង​ថា​នេះ​ជា​វិធានការ​ល្អ​អាច​ជា​គំរូ​ដល់​ខេត្ត​ផ្សេងៗ​ទៀត​ក្នុង​ការ​កាត់បន្ថយ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ដែល​ជំរុញ​ទឹកចិត្ត​យុវជន និង​ពលរដ្ឋ​ពិសា​គ្រឿងស្រវឹង នាំ​ឲ្យ​ខូច​សុខភាព ពិសា​គ្រឿងស្រវឹង​ជា​ហេតុ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​សរសើរ​អភិបាល​ខេត្ត​កំពង់ស្ពឺ ចំពោះ​ការ​ចេញ​បទបញ្ជា​ឲ្យ​រុះរើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​បង្ហាញ​រូបភាព​ស្រាបៀ​នៅ​ទី​សាធារណៈ​ថា សកម្មភាព​នេះ​នឹង​ឈាន​ទៅ​រក​ការ​ចាប់ផ្តើម​លើកស្ទួយ​សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​ឡើងវិញ។ លោក​ថា ប្រសិនបើ​បទបញ្ជា​បែប​នេះ​ត្រូវ​បាន​អនុវត្ត​ទូទាំង​ប្រទេស នឹង​នាំ​ឲ្យ​មាន​ច្បាប់​មួយ​ហាមឃាត់​មិន​ឲ្យ​មាន​គ្រប់​រូបភាព​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​គ្រប់​ប្រភេទ។

បណ្ឌិត ឡៅ ម៉ុងហៃ ក៏​ធ្លាប់​លើកឡើង​ដែរ​ថា ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​មាន​ចំនួន​៥ គឺ​ស្រីលង្កា ភូមា ថៃ ឡាវ និង​ខ្មែរ ហើយ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ មាន​ប្រទេស​២ គឺ​ស្រីលង្កា និង​ថៃ ហាមឃាត់​មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង។ ចំណែកឯ​ប្រទេស​ភូមា និង​ឡាវ ដាក់​ការ​ផ្សព្វផ្សាយ​ក្រោម​ការ​គ្រប់គ្រង​ត្រួតពិនិត្យ។ រីឯ​ប្រទេស​កម្ពុជា​វិញ ហាក់ដូចជា​បណ្តោយ​ឲ្យ​ផ្សព្វផ្សាយ​ដោយ​សេរី​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស