30 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​មួយ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​មួយ​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​នេះ ខណៈ​វៀតណាម ព្យាយាម​យក​ដី​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​មិន​ខ្លាច​សង្គ្រាម​ទាល់តែសោះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាន់កាប់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ជា​របស់​ខ្មែរ ខណៈ​កោះ​ទាំងនោះ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ដាក់​ចំណងជើង​ថា «ឋានសួគ៌​ចុងក្រោយ​របស់​វៀតណាម» មាន​គម្រោង​ប្រកួត​ជាមួយ​កោះភូកេត​របស់​ថៃ និង​កោះបាលី​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិនបាន​បំពេញ​តួនាទី​ទាមទារ​ទឹកដី​ពី​បរទេស​ឈ្លានពាន​យក​ទៅ​ឲ្យ​ខ្មែរ​វិញ​ទេ តែ​រដ្ឋាភិបាល​មួយ​នេះ​ព្យាយាម​បង្អាក់ និង​ចាប់ចង​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ទឹកដី​ពី​ប្រទេស​វៀតណាម ទៅវិញ។

លោក​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ព្យាយាម​គ្រប់គ្រង​ដី​ខ្មែរ​ដែល​ពួកគេ​រំលោភ​យក​ដោយ​របៀប​ឈ្លានពាន តាមរយៈ​ការ​ប្រើ​ឯកសារ​ខុសច្បាប់​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​រដ្ឋាភិបាល​ខ្មែរ និង​តាម​វិធី​បន្លំ​គ្រប់​បែបយ៉ាង​ផ្សេងទៀត តែ​គេ​នៅតែ​ព្យាយាម​គ្រប់គ្រង និង​ដណ្តើម​ទឹកដី​យក​ពី​ខ្មែរ​ជានិច្ច ខណៈ​កម្ពុជា​ខ្លួនឯង​មាន​ឯកសារ ភស្តុតាង​ស្របតាម​ផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ​គ្រប់គ្រាន់ តែ​បែរជា​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ទៅវិញ។

លោក ម៉ែន ណាត ចោទ​ជា​សំណួរ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​យន្តការ​អន្តជាតិ​ដើម្បី​តវ៉ា​លើ​បញ្ហា​នេះ ហើយ​តុលាការ​អន្តរជាតិ​ជា​អ្នក​សម្រេច​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​នោះ តើ​រដ្ឋាភិបាល​វៀតណាម នឹង​ធ្វើ​សង្គ្រាម​ជាមួយ​តុលាការ​អន្តរជាតិ ដោយ​ការ​សម្រេច​ក្តី​បែប​នេះ​ឬ​យ៉ាងណា? ឬ​មួយ​វៀតណាម ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា ព្រោះ​តែ​ឯកសារ​ភស្តុតាង​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​ទាំងនោះ​ដែល​បញ្ជាក់​ថា កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ​ជា​របស់​ខ្មែរ?

បើ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តី​អំពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ចែង​ថា រាល់​រដ្ឋ​ទាំងអស់​មាន​សិទ្ធិ​បង្កើត​ប្រវែង​នៃ​ដែនសមុទ្រ​របស់​ខ្លួន គឺ​មាន​ចម្ងាយ​មិន​លើស​ពី ១២​ម៉ាយល៍ ដែល​ស្មើ​នឹង​ជាង ២២​គីឡូម៉ែត្រ​នោះ​ទេ។

យោង​តាម​ច្បាប់​អន្តរជាតិ​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់ គឺជា​របស់​ខ្មែរ ព្រោះ​ថា​កោះ​នេះ​មាន​រយៈ​ចម្ងាយ​ត្រឹមតែ ១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ខេត្ត​កំពត នៃ​ប្រទេស​កម្ពុជា ហើយ​មាន​រយៈ​ចម្ងាយ​ដល់​ទៅ ៤៥​គីឡូម៉ែត្រ​ឯណោះ​ពី​តំបន់​ហាទៀង នៃ​ខេត្ត​កៀនយ៉ាង ប្រទេស​វៀតណាម។

លោក Joseph Brévié អគ្គទេសាភិបាល​បារាំង ប្រចាំ​ឥណ្ឌូចិន បាន​ចេញ​សារាចរ​មួយ​ដោយ​អះអាង​ថា ទោះបីជា​បារាំង​បាន​ប្រគល់​ដែនដី​កូសាំងស៊ីន​ឲ្យ​ទៅ​អណ្ណាម​ត្រួតត្រា​កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ក៏ដោយ ក៏​មិន​បាន​ភ្ជាប់​កោះត្រល់​ទៅ​ជាមួយ​ដែរ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០០៤ អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​រំឭក​លោក ហ៊ុន សែន ថា គ្រប់​សម័យកាល​ទាំងអស់ គ្មាន​មេដឹកនាំ​ណា​និយាយ​ថា កោះត្រល់​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​វៀតណាម នោះ​ទេ ព្រោះ​ថា​កោះត្រល់ គឺជា​របស់​ខ្មែរ។

បញ្ហា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ក្រោម​ការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​ក្រុង​ហាណូយ លោក ហ៊ុន សែន បាន​អនុវត្ត​តាម​ការណែនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម គ្រប់​បែបយ៉ាង រួម​ទាំង​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទ្វេភាគី​ខុសច្បាប់​ជាច្រើន ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ ជាដើម ដែល​កិច្ចព្រមព្រៀង​នោះ​បាន​បញ្ជាក់​ពី​ខ្លឹមសារ​យល់ព្រម​ប្រគល់​សិទ្ធិ​ឲ្យ​វៀតណាម គ្រប់គ្រង​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ រហូត​ដល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​១៩៨៧ សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជំទាស់​ទៅ​នឹង​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម ផង​ដែរ ខណៈ​ប្រទេស​សិង្ហបុរី ថៃ អាល្លឺម៉ង់ ក៏​បាន​ដាក់​របាយការណ៍​របស់​ខ្លួន​ទៅកាន់​អង្គការ​សហប្រជាជាតិ ដោយ​ចាត់ទុក​ថា កិច្ចព្រមព្រៀង​ទាំងនេះ គឺជា​ការ​ឈ្លានពាន​អធិបតេយ្យភាព​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​តវ៉ា​ជាមួយ​វៀតណាម ទោះ​តាម​ផ្លូវច្បាប់ ឬ​ការ​បង្ហាញ​កម្លាំង​ទ័ព​ក៏ដោយ ក៏​មិន​គួរ​ឲ្យ​បារម្ភ​ដែរ តែ​ការ​សាង​មិត្តភាព​ម៉ឺន​ឆ្នាំ​ដែល​វៀតណាម តែង​បញ្ជូន​ជនជាតិ​របស់​គេ​ចូល​មក​កម្ពុជា តាម​សារាចរ​ណែនាំ ដោយ​ការ​ផ្តល់​ដីធ្លី អត្តសញ្ញាណប័ណ្ណ​ពី​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ដែល​នៅ​មាន​សុពលភាព​រហូតដល់​សព្វថ្ងៃ​នេះ ទើប​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​បំផុត​សម្រាប់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស