29 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​សង្ស័យ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ដាក់​ការសង្ស័យ​ថា ការ​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន ដើម្បី​គេច​ពី​ប្រមុខ​ការទូត​របស់​ប្រទេស​អង់គ្លេស ដែល​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដ៏​ឆាប់​ខាងមុខ​ប៉ុណ្ណោះ។ ពួកគេ​និយាយ​ថា ការ​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន មាន​ហេតុផល​មិន​ទំនង​ច្រើន​ណាស់។

ការសង្ស័យ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​លុបចោល​កម្មវិធី​ជួប​មន្ត្រី​ការទូត​របស់​អង់គ្លេស ក្រោម​ហេតុផល​ថា លោក​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ Covid-19។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា នេះ​ថា ការប្រកាស​ធ្វើ​ចត្តាឡីស័ក​នេះ​មិន​សម​ទាល់តែសោះ នៅ​ពេល​ដែល​គាត់​ប្រកាស​លុបចោល​ជំនួប​មន្ត្រី​ការទូត​អង់គ្លេស ត្រឹមតែ​មួយ​ថ្ងៃ​បន្ទាប់ពី​ជួប​ទូត​បារាំង ទាំង​ដែល​លោក ហ៊ុន សែន មិន​មាន​កម្មវិធី​ជួប​អ្នកណា​សោះ​ក្រោយ​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង អ្នកស្រី Eva Nguyen Binh។

លោក​អះអាង​ថា ការ​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន គឺជា​ការ​ព្យាយាម​គេច​ពី​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​រក្សា​អធិបតេយ្យភាព​ខ្លួនឯង ដូច្នេះ​គាត់​មិន​ហ៊ាន​ប្រឈម​នឹង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​នោះ​ទេ។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​អនុរដ្ឋមន្ត្រី​ការទូត​អាមេរិក អ្នកស្រី Wendy Sherman បាន​លើកឡើង​អំពី​ស្ថានការណ៍​ជាតិ​កម្ពុជា ដែល​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការប្រតិបត្តិ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពេល​នោះ​លោក ហ៊ុន សែន មិន​ហ៊ាន​ឆ្លើយ​សូម្បីតែ​មួយ​ម៉ាត់។ ដូច្នេះ ជា​ទម្លាប់​ការទូត កាលណា​ស្ដាប់​ហើយ​មិន​ឆ្លើយ​បដិសេធ គឺ​ស្មើ​នឹង​ការ​ទទួល​ដឹង​ឮ​ដែល​ត្រូវ​យក​ទៅ​ពិចារណា និង​អនុវត្ត។

លោក គឹម សុខ អះអាង​ថា ចាប់ពី​ពេលនេះ​តទៅ ប្រសិនបើ​លោក ហ៊ុន សែន ហ៊ាន​ជួប​ប្រមុខ​ការទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ លោក​នឹង​កាន់​តែ​ទទួល​រង​នូវ​សម្ពាធ​កាន់តែ​ខ្លាំង​រហូត​អាច​ធ្វើ​អត្តឃាត​នយោបាយ​ការទូត​របស់​ខ្លួន​ក៏​ថា​បាន។

នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កម្ពុជា​របស់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាប់ នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​រួច​មក។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា លោក​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ Covid-19 ដូច្នេះ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​គាត់​ធ្វើ​តេស្ដ និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២១។

លោក ហ៊ុន សែន អះអាង​ថា ដោយសារតែ​បញ្ហា​នេះ លោក​សម្រេច​ចិត្ត​លុបចោល​ការ​ជួប​ដោយ​ផ្ទាល់​ទាំង​ខ្មែរ ទាំង​បរទេស ប៉ុន្តែ​លោក​នៅតែ​ធ្វើ​ការ​ដូច​ពេល​មុន​ជាមួយ​គ្រប់​ស្ថាប័ន ទាំង​ស៊ីវិល ទាំង​កងកម្លាំង​ប្រដាប់​អាវុធ រាប់​ទាំង​ការប្រជុំ​តាម ZOOM ផង​ដែរ។ ដោយឡែក​គម្រោង​ណាត់​ជួប​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព គឺ​ត្រូវ​លុបចោល​ទាំងស្រុង ទាំង​ជួប​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ការ​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន គឺ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ណាស់។

មុនដំបូង Facebook របស់​លោក ហ៊ុន សែន ប្រកាស​ថា​លោក​នឹង​ធ្វើ​ចត្តាឡីស័ក​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ហើយ​សារព័ត៌មាន​ដើម​អម្ពិល​ក៏​បាន​ផ្សាយ​ភ្លាមៗ​ពី​កាលបរិច្ឆេទ​ខាងលើ​នេះ​ផង​ដែរ។

ប៉ុន្តែ​លោក ហ៊ុន សែន ប្រហែល​ភ្លេច​ថា​គាត់​ត្រូវ​ជួប​ឯកអគ្គរាជទូត​ប្រទេស​បារាំង ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Eva Nguyen Binh នៅ​ថ្ងៃ​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ដូច្នេះ​គាត់​បាន​កែ​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ​ថា គាត់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ជំនួស​វិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស