35 C
Phnom Penh

កូនប្រុស​ជន​ផ្ដាច់ការ Gaddafi ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Saif al-Islam Gaddafi ជា​កូនប្រុស​របស់​ជន​ផ្ដាច់ការ Muammar Gaddafi នៃ​ប្រទេស​លីប៊ី ដែល​ទើប​ចេញ​មុខ​ជា​សាធារណៈ​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ប្រកាស​ខ្លួន​លោក​ថា​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការបោះឆ្នោត​ជិត ៦​ខែ​ទៀត​នេះ។

តាម​គេហទំព័រ​នៃ​សារព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ផ្សាយ​ជា​ភាសា​អង់គ្លេស បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ថា ប្រទេស​លីប៊ី នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ នេះ។

តែ​ការបោះឆ្នោត​នេះ ពោរពេញ​ដោយ​ការ​បារម្ភ​អំពី​អំពើ​ហិង្សា​ទាំង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត។ ក្រុម​ប្រទេស​លោក​សេរី និង​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ កំពុង​សម្លឹង​ទៅ​រក​ប្រទេស​លីប៊ី ក្នុង​ដំណើរ​ទៅ​រក​ការបោះឆ្នោត​មួយ​ក្រោម​ហានិភ័យ​ដ៏​គ្រោះថ្នាក់។

ក្រុម​អ្នកជំនាញ​កិច្ចការ​ប្រជាធិបតេយ្យ​អន្តរជាតិ និង​អ្នក​ការទូត​លោក​ខាងលិច និយាយ​ថា ដំណើរ​សន្តិភាព នឹង​ជួប​ឧបសគ្គ​ថែមទៀត ព្រោះ​ឃើញ​វត្តមាន​កូន​ជន​ផ្ដាច់ការ​ឡើង​មក​ប្រកួត​តំណែង​ប្រធានាធិបតី។ លោក Saif al-Islam Gaddafi គឺជា​ជន​ត្រូវ​បាន​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​តាម​រក​ចាប់​ខ្លួន​លោក Saif al-Islam Gaddafi ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ Saif al-Islam Gaddafi ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ការ​កាប់​សម្លាប់ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនស៊ីវិល​ដែល​ប្រព្រឹត្ត​ដោយ​កម្លាំង​សន្តិសុខ​លីប៊ី ក្នុង​ការ​ងើប​បះបោរ​ប្រឆាំង​នឹង​របប​ឪពុក​របស់​លោក។

Claudia Gazzini ដែល​មកពី​ក្រុម​អ្នកវិភាគ Think Tank មាន​មូលដ្ឋាន​នៅ​ប្រទេស​ព្រុយហ្សែល និយាយ​ថា វា​មិន​ច្បាស់​ថា​កូនប្រុស​លោក Gaddafi មាន​បំណង​ដោយ​លោក​ផ្ទាល់​ចង​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​នោះ​ទេ។ ក្រុម​អ្នកវិភាគ​ថា បេក្ខភាព​របស់​លោក Saif al-Islam Gaddafi មើល​ទៅ​ប្រទេស​ឆ្នេរខ្សាច់​មួយ​នេះ​នៅ​បន្ត​ត្រូវការ​កេរដំណែល​របស់​ជន​ផ្ដាច់ការ​ទៀត​ឬ​ដូចម្ដេច។

តែ​យ៉ាងណា ប្រជាជន​លីប៊ី​មួយ​ភាគ ក៏​សម្លឹង​ទៅ​រក​កូនប្រុស​របស់​ជន​ផ្ដាច់ការ ដោយ​សង្ឃឹម​ថា​កូនប្រុស​នេះ​នឹង​មិន​ដូច​ឪពុក​នោះ​ទេ ព្រោះ​កូនប្រុស​នេះ​បាន​ដឹង​ហើយ​អំពី​របៀប​ដឹកនាំ​របស់​ឪពុក​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ដួល​រំលំ។

ជន​ផ្ដាច់ការ Muammar Gaddafi នៃ​ប្រទេស​លីប៊ី ត្រូវ​បាន​ប្រជាជន និង​កងកម្លាំង​បដិវត្តន៍​ផ្ដួល​រំលំ​នៅ​ឆ្នាំ​២០១១ ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​កងទ័ព​ប្រទេស​បារាំង។ បុរស​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រូងដី ហើយ​កងទ័ព​បដិវត្តន៍​ចាប់​អូស រួច​ហើយ​បាន​បាញ់​សម្លាប់​តែម្ដង។

ចំពោះ​លោក Saif al-Islam Gaddafi ត្រូវ​បាន​កងកម្លាំង​បដិវត្តន៍​កាត់ទោស​ដោយ​ប្រហារ​ជីវិត​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​តុលាការ​ក្រុង​ទ្រីប៉ូលី ទាត់​ចោល​សាលក្រម​នេះ ដោយ​កាត់ទោស​ក្នុង​បទ​ចោទ​មួយ​មាន​ទោស​ស្រាល​ទៅវិញ។ តែ​យ៉ាងហោចណាស់ បងប្អូន​លោក Saif al-Islam Gaddafi ៣​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​បះបោរ​ឆ្នាំ​២០១១។

តែ​បែប​ណា ចាប់តាំង​ពី​ឆ្នាំ​២០១១ មក ទោះ​ជា​បាត់បង់​របប​ផ្ដាច់ការ​របស់ Muammar Gaddafi ក៏ដោយ គឺ​ប្រទេស​នេះ​នៅ​បន្ត​ហែកហួរ​ដោយ​ហិង្សា និង​ភេរវកម្ម ដោយ​ការ​បែកបាក់​កម្លាំង​ជាតិ​នៅតែ​កើត​មាន ព្រោះតែ​ពុំ​អាច​រក​ឃើញ​រដ្ឋាភិបាល​ឯកភាព​ជាតិ។

ដោយសារ​តែ​មាន​ការ​សម្របសម្រួល​ពី​អង្គការ​សហប្រជាជាតិ និង​លោក​ខាងលិច គឺ​គូប្រជែង​នៅ​ក្នុង​ប្រទេស​នេះ​បាន​យល់ព្រម​ឱ្យ​មាន​រដ្ឋាភិបាល​ឯកភាព​ជាតិ ដើម្បី​ជួយ​ដឹកនាំ​ប្រទេស​ទៅ​រក​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ។

កាលពី​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken ដែល​បាន​ចូលរួម​នឹង​រដ្ឋមន្ត្រី ១៧​ប្រទេស​ទៀត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​ទទូច​ថា ប្រទេស​លីប៊ី ត្រូវតែ​ធ្វើ​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​ជា​ថ្មី​ឡើងវិញ ដោយ​ស្ថិត​នៅ​ក្រោម​ច្បាប់​បោះឆ្នោត​មួយ​ដែល​អាច​បញ្ចប់​ហិង្សា​ជាមួយ​នឹង​ការ​ចូលរួម​ពាក់ព័ន្ធ​ការបោះឆ្នោត​នេះ​ដោយ​សហគមន៍​អន្តរជាតិ។

ប្រទេស​លីប៊ី បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា និង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១២ ម្ដង ហើយ​ការបោះឆ្នោត​សភា​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៤។ តែ​ចាប់តាំង​ពី​ពេល​នោះ​មក ប្រទេស​នេះ​មាន​ផែនការ​រៀបចំ​ការបោះឆ្នោត​ជាច្រើន​លើក តែ​ពុំ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​ប្រទេស​ញាំញី​ដោយ​អំពើ​ហិង្សា និង​ភេរវកម្ម។

លោក Saif al-Islam Gaddafi ជា​កូនចុង​របស់​ជន​ផ្ដាច់ការ​វរសេនីយ៍​ជន​ផ្ដាច់ការ Muammar Gaddafi ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការលើកលែង​ទោស​នៅ​ឆ្នាំ​២០១៧។

លោក Saif al-Islam Gaddafi ត្រូវ​បាន​ឃុំ​ខ្លួន​ដោយសារ​លោក​ជាប់​ចោទ​ពី​បទ​ចូលរួម​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​នៅ​ទីក្រុង Zintan កាលពី ១១​ឆ្នាំ​មុន។

រដ្ឋអាជ្ញា​ម្នាក់​បាន​និយាយ​ថា បុរស​នេះ​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដើរ​ជា​សាធារណៈ​នោះ​ទេ ព្រោះ​ខ្លាច​មហាជន​មាន​គំនុំ​សងសឹក​វាយប្រហារ។ តែ​កាលពី​ថ្មីៗ​នេះ លោក Saif al-Islam Gaddafi បាន​ចេញ​មុខ​ជា​សាធារណៈ​ជាច្រើន​វេទិកា ក៏​ស្រាប់តែ​លោក​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស