រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួសវ៉ាក់សាំង AstraZeneca ដល់កម្ពុជាប្រមាណ ១លានដូស ស្ថិតក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន ដោយផ្អែកលើស្ថានភាព Covid-19 នៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះនៅមិនទាន់ធូរស្រាល។
ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានចេញលិខិតប្រកាសនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ថា វ៉ាក់សាំងដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនទៅដល់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងផងដែរ។
លោកអះអាងថា ក្នុងពេលដែលប្រឈមមុខនឹងការរីករាលដាលនៃវីរុស Covid-19 បំប្លែងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់បំផុតសម្រាប់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយជប៉ុននឹងបន្តកិច្ចសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលជាបញ្ហារបស់ពិភពលោក។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស្មើនឹងទឹកប្រាក់សរុបជាង ៥០លានដុល្លារអាមេរិកហើយដល់កម្ពុជា រួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលំអមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវជាដើម។

ក្រៅពីនេះ រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិកដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារ Covid-19 និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាថែមទៀត។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែកក្កដា ថា លោកសម្ដែងនូវការអបអរសាទរដែលកម្ពុជា ទទួលបានវ៉ាក់សាំងដែលជាជំនួយពីប្រទេសជប៉ុន ស្របពេលដែលកម្ពុជាកំពុងដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 នៅពេលនេះ។
លោកអះអាងថា ស្របពេលដែលកម្ពុជាទទួលបានវ៉ាក់សាំង AstraZeneca មានចំនួនច្រើនបែបនេះ កម្ពុជាគួរតែសិក្សាពីបទពិសោធន៍ប្រទេសផ្សេងៗពីលទ្ធភាពនៃវ៉ាក់សាំង ២ប្រភេទបញ្ចូលគ្នា ថាតើពួកគេបានបង្ហាញលទ្ធផលបែបណា។
បន្ថែមពីនេះ កម្ពុជាគួរតែធ្វើការសាកល្បងក្នុងកម្រិតណាមួយអំពីការបញ្ចូលវ៉ាក់សាំង ២ប្រភេទផ្សេងគ្នាឲ្យទៅជាវ៉ាក់សាំងប្រភេទតែមួយ ដើម្បីធ្វើការពិសោធថា តើវានឹងផ្តល់ភាពវិជ្ជមាន ឬអវិជ្ជមានប្រសិទ្ធភាព និងគ្មានប្រសិទ្ធភាពក្នុងកម្រិតណាផងដែរ។
លោកបញ្ជាក់ថា ក្រៅពីការដាក់វ៉ាក់សាំងប្រភេទខុសគ្នាឲ្យទៅជាវ៉ាក់សាំងប្រភេទតែមួយ រដ្ឋាភិបាលកម្ពុជាគួរតែសិក្សាឲ្យដឹងផងដែរថា វ៉ាក់សាំងដែលខ្លួនបានប្រើកន្លងមករវាង Sinovac, Sinopharm និង AstraZeneca នេះ មានប្រសិទ្ធភាពលើសគ្នាកម្រិតណា ព្រោះថាក្រសួងសុខាភិបាល មិនដែលបានប្រកាសពីប្រសិទ្ធភាពបែបនេះនៅឡើយទេ បើទោះបីជាខ្លួនបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសអស់រយៈពេលជាច្រើនខែមកហើយនោះ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនប្រជាពលរដ្ឋបានចំនួនជាង ៤លាន ៩សែននាក់ហើយ ដែលស្មើនឹង ៤៩,៩៧% ដោយគិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ។
ក្រសួងសុខាភិបាលកម្ពុជា បានអះអាងនៅថ្ងៃទី១៣ ខែកក្កដា ថា ខ្លួនរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៨៣០នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ១០១២នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២៨នាក់ផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៦ម៉ឺន ២ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៥ម៉ឺន ៤ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងដល់ ៩៥៣នាក់ហើយនៅពេលនេះ៕